ពលរដ្ឋ​ហុងកុង ផ្ទុះការតវ៉ាក្រោយ​រដ្ឋាភិបាល​ខ្លួន​​គ្រោង​បង្កើតច្បាប់បញ្ជូនអ្នកទោស​ទៅចិន​

ពលរដ្ឋហុងកុងតវ៉ាក្រោយពេលអាជ្ញាធរក្រុងហុងកុងគ្រោងបង្កើតច្បាប់បញ្ជូនអ្នកទោសទៅកាត់ក្ដីនៅតុលាការចិនដីគោក នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ REUTERS/Tyrone Siu

ប្រជាពលរដ្ឋហុងកុងរាប់​ពាន់នាក់កា​ល​ពីថ្ងៃអាទិត្យ​ម្សិលមិញ ​បាន​នាំគ្នា​ធ្វើការតវ៉ាប្រឆាំងនឹង​សេចក្តី​ស្នើ​ច្បាប់​​ក្នុង​ការ​បញ្ជូន​អ្នក​ទោស​ពី​តំបន់​ស្វយ័ត​មួយនេះទៅឲ្យ​តុលាការ​​ក្រុង​ប៉េកាំងធ្វើការកាត់ក្តី​​។

តាមការចុះផ្សាយរបស់​សារព័ត៌មាន​ South China Morning Post អង្គការ​ Civil Human Rights Front ​​ដែលធ្វើការ​ផ្តោតលើបញ្ហានយោបាយ និងជីវភាពរស់នៅរបស់​ពលរដ្ឋ​ហុងកុង ជាអ្នក​រៀបចំបាតុកម្ម​នេះ។ Civil Human Rights Front ថា​អ្នកចូលរួម​បាតុកម្មកាល​ពីម្សិលមិញមាន​រហូតដល់​ជាង១៣ម៉ឺននាក់។ ប៉ុន្តែ សមត្ថកិច្ចដែនកោះមួយនេះ ថា​បាតុករមាន​តែ​ជាង​២ម៉ឺននាក់​ប៉ុណ្ណោះ។

Civil Human Rights Front និង​ក្រុមបាតុករ លើកឡើងថា ​សេចក្តី​ស្នើច្បាប់នេះ​បាន​បំផ្លាញ​សិទ្ធិ​ និង​សេរីភាព​ជាមូលដ្ឋាន​របស់​ពលរដ្ឋ​ហុងកុង​ដែល​បា​ន​ធានា​ក្រោយពី​អង់គ្លេស​បាន​ប្រគល់​កោះ​នេះឲ្យ​ទៅចិន​វិញ​នៅឆ្នាំ១៩៩៧។

ក្រុម​បាតុករ​ដែល​ចូលរួមការតវ៉ាកាលពី​ម្សិលមិញ បានលើក​ឡើង​ស្រដៀងគ្នាថា​ មូលហេតុ​ដែល​ពួកគេប្រឆាំង​នឹងសេចក្តីព្រៀងច្បាប់​នេះ ដោយ​សារតែពួកគេមិនមាន​ជំនឿ​ចិត្ត​នឹង​​តុលាការ​ក្រុងប៉េកាំង។ ពួកគេ​ ក៏​បារម្ភផងដែរ​ថា ភាគីចិន​អាចនឹងយក​​ច្បាប់ថ្មីនេះដើម្បីប្រើ​លើ​សកម្មជននយោបាយនានាដែលប្រឆាំង​នឹង​រដ្ឋាភិបាលក្រុង​ប៉េកាំង។

ក្រុមបាតុករ​ ​​​បានស្រែកទាមទារ​ឲ្យ​រដ្ឋាភិបាល​ហុងកុង​ទម្លាក់​សេចក្តី​ព្រៀង​ច្បាប់នេះ​ចោល​ជាបន្ទាន់ ហើយ​គំរាម​បន្ត​ធ្វើការតវ៉ា​ទៀត បើរដ្ឋាភិបាល​ខ្លួននៅតែបន្តធ្វើ​វា​។

បាតុករម្នាក់ បាន​និយាយ​ជាមួយ​សារព័ត៌មាន​ រ៉យទ័រ ថា ក្រោម​ច្បាប់នេះ​ ទោះ​បីពលរដ្ឋ​ហុងកុង​មិនបាន​ទៅ​ចិនដីគោក​ក៏ដោយ ប៉ុន្តែ ​បើរដ្ឋាភិបាល​ក្រុងប៉េកាំង​ចង់​ចាប់​ខ្លួន​គេ វានឹងមិនពិបាកនោះ​ទេ​។ លោកបន្តថា រឿងដែល​គួរឲ្យ​ខ្លាចបំផុតសម្រាប់​លោក​នោះ គឺរដ្ឋាភិបាល​ក្រុង​ប៉េកាំង​​អាច​លាក់​ខ្លួន​ពលរដ្ឋ​ ដោយ​មិន​ចាំ​បាច់​រក​ឃើញ​បទល្មើសណាមួយនោះទេ។

ក្រុម​បាតុករ ក៏បាន​ទាម​ទារ​ឲ្យ​លោកស្រី Carrie Lam មេដឹក​នាំ​តំបន់​ស្វយ័តហុងកុងចុះចេញ​ពីតំ​ណែងផង​ដែរ ដោយ​ពួកគេចោទថា ​មេដឹកនាំ​រូបនេះ​កំពុង​ក្បត់​ពលរដ្ឋហុងកុង។

ទោះ​ជាយ៉ាងក៏ដោយ មន្រ្តី​ជាន់ខ្ពស់ក្រុង​ហុងកុងបាន​ទាត់​ចោល​ការលើកឡើងរបស់​ក្រុម​បាតុករ។ អគ្គលេខាធិការរដ្ឋបាលតំបន់​ស្វយ័តហុងកុង លោក Matthew Cheung បានច្រាន​ចោល​ពីការ​បារម្ភនានារបស់​ក្រុមសិទ្ធិមនុស្ស​ និងបាតុករ​។ លោក បញ្ជាក់ជាមួយ​សារព័ត៌មាន​ South China Morning Post ថា​ការបញ្ជូន​អ្នកទោស​នឹងត្រូវធ្វើឡើងដោយ​មាន​ការពិនិត្យ​យ៉ាងម៉ត់​ចត់ ហើយ​ករណី​ណា​ដែល​ទាក់ទងនឹងបញ្ហាសិទ្ធិ នយោបាយ​ និង​ទោសប្រហារជីវិត​នឹងមិន​អនុវត្តនោះ​ទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ