អ្នកនយោបាយជំនាន់ថ្មីរបស់ថៃត្រៀមខ្លួនចូលពន្ធនាគារ

លោក ថាណាថន ជូងហ្គ្រោនហ្គ្រាងឃីត (Thanathorn Juangroongruangkit) មេដឹកនាំគណបក្សអនាគតថ្មី

មហាសេដ្ឋី និងជាមេដឹកនាំនយោបាយជំនាន់ក្រោយរបស់ថៃ ដែលទើបចូលរួមប្រកួតប្រជែងបានមួយលើក ហើយមានប្រជាប្រិយភាពខ្លាំងអះអាងថា លោកបានរៀបចំផ្លូវចិត្ត និងផ្លូវកាយសម្រាប់ចូលពន្ធនាគារតាមបណ្តឹងរបស់ពួកមេដឹកនាំយោធា។​

លោក ថាណាថន ជូងហ្គ្រោនហ្គ្រាងឃីត (Thanathorn Juangroongruangkit) មេដឹកនាំគណបក្សអនាគតថ្មី ដែលទើបបង្កើតឡើងកាលពីឆ្នាំ២០១៨ ហើយបានចូលរួមប្រកួតប្រជែងការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនា ទទួលបានសំឡេងគាំទ្រជាង៦លានសំឡេង។​ គណបក្សរបស់លោកជាប់លេខ៣ ក្នុងចំណោមគណបក្សជាង៨០ ដែលចូលរួមប្រកួតប្រជែង។​

ចំណុចដែលធ្វើឱ្យមានការគាំទ្រលេចធ្លោនេះ ដោយសារលោកបានដាក់ចេញគោលនយោបាយធ្វើកំណែទម្រង់សេដ្ឋកិច្ចច្បាស់លាស់ និងការធ្វើកំណែទម្រង់នយោបាយឱ្យដើរតាមគន្លងប្រជាធិបតេយ្យពិតប្រាកដមួយ។​

ប៉ុន្តែ ក្រោយការបោះឆ្នោតមក រដ្ឋាភិបាលយោធាបានដាក់ពាក្យប្តឹងជាបន្តបន្ទាប់លើមេបក្សវ័យ៤០ឆ្នាំរូបនេះ ពាក់ព័ន្ធទាំងករណីតវ៉ាដែលកើតឡើងតាំងពីឆ្នាំ២០១៥មក។​ គិតរហូតដល់ពេលនេះ លោក ថាណាថន កំពុងជាប់បណ្តឹងចំនួន១៦។​

នៅក្នុងបទសម្ភាសន៍មួយជាមួយទីភ្នាក់ងារព័ត៌មាន AFP​ លោក ថាណាថន ថ្លែងថា លោកបានរៀបចំផ្លូវចិត្ត និងផ្លូវកាយរួចហើយក្នុងការចូលពន្ធនាគារ។​

មេដឹកនាំបក្សនយោបាយវ័យ៤០ឆ្នាំរូបនេះ លើកឡើងថា បណ្តឹងនានាដែលរដ្ឋាភិបាល និងតុលាការកំពុងតែចាត់វិធានការនេះ គឺជារឿងពាក់ព័ន្ធរឿងនយោបាយ។​

វិធានការរបស់តុលាការ និងរដ្ឋាភិបាលយោធាកាន់តែតឹងឡើង ក្រោយពេលដែល លោក ថាណាថន ជួបជុំជាមួយគណបក្សចំនួន៦ផ្សេងទៀត ដើម្បីចងជាសម្ព័ន្ធគ្នាទប់ទល់ជាមួយគណបក្សដឹកនាំដោយពួកយោធា។​

សាធារណជន ពិសេសយុវជនថៃកំពុងតែធ្វើយុទ្ធនាការតាមបណ្តាញទំនាក់ទំនងសង្គមទាមទារយុត្តិធម៌សម្រាប់លោក ថាណាថន។ ករណីនេះ បើសិនជាមានការចាប់ខ្លួនលោក ថាណាថនពិតមែន អាចនឹងមានបាតុកម្មកើតឡើងនៅក្នុងប្រទេសថៃជាថ្មីម្តងទៀត។​​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ