មេបក្សប្រឆាំងវេណេហ្សូអេឡាដឹកនាំបាតុកម្មផ្ទាល់ផ្តួលរដ្ឋាភិបាល

មេដឹកនាំគណបក្សប្រឆាំងនៅវេណេហ្សូអេឡា លោក ជួន ហ្គៃដូ (Juan Guaido) ចូលរួមបាតុកម្ម និងអំពាវនាវអោយយោធាគាំទ្រខ្លួន នាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។ រូបភាព៖ Twitter Juan Guaidó/ Screenshot

មេដឹកនាំគណបក្សប្រឆាំងនៅវេណេហ្សូអេឡា លោក ជួន ហ្គៃដូ (Juan Guaido) បានដឹកនាំដោយផ្ទាល់បាតុកម្មផ្តួលរំលំរដ្ឋាភិបាលដឹកនាំដោយ លោក ម៉ាឌូរ៉ូ ហើយលោកអំពាវនាវឱ្យប្រជាពលរដ្ឋ​ចូលរួមបន្ថែមទៀត តវ៉ានៅលើដងផ្លូវ។​

មេបក្សប្រឆាំងរូបនេះក៏បានអំពាវនាវឱ្យកងទ័ពទាំងអស់ចេញមុខគាំទ្រលោកដោយបើកចំហ ដើម្បីបញ្ចប់ការដឹកនាំដោយលោក ម៉ាឌូរ៉ូ។

ទិដ្ឋភាពនៃការប៉ះទង្គិចគ្នាកាន់តែខ្លាំង មានករណីសមត្ថកិច្ចបើករថយន្តចូលក្នុងក្រុមបាតុករ បោកគ្រាប់បែកផ្សែង បាញ់គ្រាប់ពិត ចំណែកបាតុករមានចោលដំថ្ម និងដបសាំងលើសមត្ថកិច្ចវិញ។ របាយការណ៍បឋមនានាបង្ហាញថា មានអ្នករងរបួសប្រមាណ២០នាក់ មិនមានប៉ះពាល់ដល់អាយុជីវិតទេ។​

វី.ឌី.អូ ដែលគេចែករំលែកតគ្នា និងផ្សព្វផ្សាយលើសារព័ត៌មានល្បីៗលើពិភពលោក បង្ហាញរូបលោក ហ្គៃដូ ដើរក្នុងក្រុមបាតុករ ដែលអ្នកខ្លះរត់គេចចេញពីកន្លែងហិង្សា អ្នកខ្លះរងរបួស និងមានផ្សែងអាប់អួរ និងមានភាពរញេរញៃ។​ ប៉ុន្តែ នៅក្បែរមេបក្សប្រឆាំងរូបនេះ មានកម្លាំងប្រដាប់អាវុធមួយចំនួននៅការពារផងដែរ។​

សំឡេងគ្រាប់កាំភ្លើងឮឡើងបន្តបន្ទាប់ សមត្ថកិច្ចខ្លះឱនក្រាបក្បែររបាំងថ្ម ហើយបាញ់សំដៅទៅក្រុមបាតុករ។​

ព្រឹត្តិការណ៍នៅក្នុងប្រទេសវេណេហ្សូអេឡានេះ សហគមន៍អន្តរជាតិកំពុងតែចាប់អារម្មណ៍ និងតាមដាន។

មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ សរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោកថា លោកតាមដានករណីតវ៉ានៅប្រទេសវេណេហ្សូអេឡាយ៉ាងយកចិត្តទុកដាក់។ លោកបញ្ជាក់ជំហរថា លោកឈរនៅខាងប្រជាពលរដ្ឋ និងសិទ្ធិសេរីភាព។​

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក មីក ផំភីអូ ថ្លែងប្រាប់សារព័ត៌មាន CNN ថា ប្រធានាធិបតី ម៉ាឌូរ៉ូ និងមន្ត្រីជាន់ខ្ពស់ ៣រូបទៀត បានត្រៀមយន្តហោះសម្រាប់ចាកចេញពីប្រទេសទៅប្រទេសគុយបា គេចចេញពីភាពចលាចល។

រដ្ឋមន្ត្រីការពារជាតិ​វេណេហ្សូអេឡា លោក វ្លាឌីមៀ ប៉ាដ្រីដូ (Vladimir Padrino) អំពាវនាវឱ្យប្រជាពលរដ្ឋរក្សាភាពស្ងប់ស្ងាត់ ហើយថាស្ថានភាពបច្ចុប្បន្នមិនមានអ្វីគ្រោះថ្នាក់នោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ