លោក ម៉ាឌូរ៉ូ បង្ហាញកម្លាំងត្រៀមទប់ទល់ជាមួយចលនាពលរដ្ឋ

មេដឹកនាំវេណេហ្សូអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ( Nicolas Maduro) នៅក្នុងកម្មវិធីមួយ នាថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ Miraflores Palace/ Handout via REUTERS

មេដឹកនាំវេណេហ្សូអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ( Nicolas Maduro) បានបង្ហាញរូបភាពរូបលោកនៅក្នុងជួរកងទ័ព ក្រោយពេលមេដឹកនាំបក្សប្រឆាំងដឹកនាំពលរដ្ឋធ្វើបាតុកម្មផ្តួលរំលំរដ្ឋាភិបាលចាប់ផ្តើមកាលពីថ្ងៃអង្គារ។​

លោក ម៉ាឌូរ៉ូ បានបង្ហាញរូបភាពតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋជាមួយកម្លាំងទ័ព និងមានសារណែនាំឱ្យវាយបង្ក្រាបគ្រប់ចលនាទាំងអស់ដែលប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាល។​ លោក បញ្ជាក់ថា មិនបណ្តោយឱ្យអ្នកណាម្នាក់បង្កសង្គ្រាមនៅក្នុងប្រទេសនេះបាននោះទេ។​

កាលពីថ្ងៃអង្គារ មេដឹកនាំបក្សប្រឆាំង លោក ជូន ហ្គៃដូ (Juan Guaido) ដឹកនាំកម្លាំងពលរដ្ឋធ្វើបាតុកម្មនៅក្នុងទីក្រុងការ៉ាកាស ដើម្បីបណ្តេញលោក ម៉ាឌូរ៉ូ ចេញពីតំណែង។ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមកាន់តែច្រើនថែមទៀត តវ៉ានៅលើដងផ្លូវទាមទារដូរមេដឹកនាំ។​

មេបក្សប្រឆាំងរូបនេះ ក៏បានអំពាវនាវឱ្យកងទ័ពចូលរួមគាំទ្ររូបលោកដោយបើកចំហ ដើម្បីរៀបចំប្រទេសឱ្យមានការអភិវឌ្ឍដើរតាមគន្លងប្រជាធិបតេយ្យ។​

របាយការណ៍ដែលចុះផ្សាយដោយសារព័ត៌មាន BBC បង្ហាញថា មានអ្នកស្លាប់៤នាក់ ដោយសារការប៉ះទង្គិចគ្នានេះ ក្នុងនោះយុវជនពីរនាក់។​ ចំណែកមនុស្សជាង៤០នាក់ផ្សេងទៀតរងរបួស។​

លោក ជូន ហ្គៃដូ បានប្រកាសថា រូបលោកគឺជាមេដឹកនាំបណ្ដោះអាសន្ន ដែលមានប្រទេសជាង៥០គាំទ្រ ក្នុងនោះមានទាំងសហរដ្ឋអាមេរិក អង់គ្លេស និងប្រទេសជាច្រើនទៀតនៅអាមេរិកឡាទីន។​

ទោះយ៉ាងណា លោក ម៉ាឌូរ៉ូ ប្រកាសជំហរការពាររដ្ឋាភិបាលរបស់លោក ដែលមានការគាំទ្រពីរុស្ស៊ី និងចិន។ លោក ម៉ាឌូរ៉ូ បញ្ជាក់ថា មិនប្រគល់អំណាចឱ្យទេ។​

ការចាប់ផ្តើមបាតុកម្មលើកដំបូងនៅថ្ងៃអង្គារ គឺចាប់ផ្តើមដោយសន្តិវិធី ក្រោយមក ទើបមានហិង្សាផ្ទុះឡើងឈានដល់ការចោលដុំថ្ម ដបសាំង បាញ់កាំភ្លើងគ្រាប់ពិត គ្រាប់បែកផ្សែង រថយន្តបាញ់ទឹក និងបើករថយន្តចូលក្នុងក្រុមបាតុករ ជាដើម។​

នៅពេលដែលអ្នកនយោបាយទាំងពីរក្រុមនៅវេណេហ្សូអេឡាប្រឈមមុខដាក់គ្នាកាន់តែខ្លាំង សហរដ្ឋអាមេរិក និង រុស្ស៊ី ក៏ប្រឈមមុខដាក់គ្នាកាន់តែខ្លាំងដែរ។​

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក មីក ផំភីអូ ថ្លែងថា យោធារបស់សហរដ្ឋអាមេរិកនឹងធ្វើសកម្មភាពដោះស្រាយវិបត្តិនៅវេណេហ្សូអេឡា។ លោកក៏បានចោទថា រុស្ស៊ី និងគុយបា ជាអ្នកបំផ្លាញស្ថិរភាពនៅក្នុងប្រទេសនេះ ដោយសារគាំទ្រលោក ម៉ាឌូរ៉ូ។​

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សើហ្គើ ឡាវ័រ (Sergei Lavrov) ថ្លែងទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិកថា អាមេរិកទេដែលជាអ្នកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងវេណេហ្សូអេឡា បំផ្លាញស្ថិរភាព និងរំលោភច្បាប់អន្តរជាតិ។​

ចំណែកអគ្គលេខាធិការអង្គការសហប្រជាជាតិ​ និងសហភាពអឺរ៉ុប អំពាវនាវឱ្យគ្រប់ភាគីទាំងលោក ហ្គៃដូ និងលោក ​មាឌូរ៉ូ បញ្ឈប់ហិង្សាដែលនាំឱ្យប៉ះពាល់ដល់ជីវិតមនុស្ស ហើយស្វែងរកដំណោះស្រាយដោយសន្តិវិធីវិញ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ