រុស្ស៊ី អំពាវនាវឲ្យ​អាមេរិកបោះ​បង់​ចោល​គម្រោង​ទម្លាក់់លោក ​ម៉ាឌូរ៉ូ ចេញ​ពីតំណែង​

លោក Sergey Lavrov រដ្ឋមន្រ្តី​ក្រសួងការបរទេស​រុស្ស៊ី ក្នុងកិច្ចប្រជុះមួយនឹង​ក្រុមអ្នកសារព័ត៌មាន​មុនពេល​​លោក​ជួប​ជជែក​ពិភាក្សា​នឹងរដ្ឋមន្រ្តី​ក្រសួងការបរទេស​វេណេស៊ុយ​អេឡា លោក Jorge Arreaza នាថ្ងៃទី០៥ ខែឧសភា ឆ្នា២០១៩។ រូបភាព៖ www.mid.ru

រដ្ឋមន្រ្តី​ក្រសួងការ​បរទេសរុស្ស៊ី​ ជាថ្មី​ម្តងទៀត​ បានទទូចឲ្យសហរដ្ឋ​អាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត បោះបង់ចោលនូវគម្រោង​ទម្លាក់មេដឹក​នាំវេណេស៊ុយអេឡា លោក នីកូឡាស​ ម៉ាឌូរ៉ូ ចេញ​ពី​តំណែង។

លោក Sergey Lavrov រដ្ឋមន្រ្តី​ក្រសួងការបរទេស​រុស្ស៊ី បានថ្លែង​បែបនេះ​ជាមួយ​ក្រុមអ្នកសារព័ត៌មាន​មុនពេល​​លោក​ជួប​ជជែក​ពិភាក្សា​នឹងរដ្ឋមន្រ្តី​ក្រសួងការបរទេស​វេណេស៊ុយ​អេឡា លោក Jorge Arreaza កាលពីម្សិលមិញ​។

រដ្ឋមន្រ្តី​ក្រសួងការបរទេស​​រុស្ស៊ីរូបនេះ បានលើកឡើងថា រុស្ស៊ី​កំពុងមើលឃើញ​ដោយផ្ទាល់​ភ្នែក​ថា សហរដ្ឋ​អាមេរិកជាអ្នក​ដឹកមុខក្នុងការ​ធ្វើ​យុទ្ធនាការ​ទម្លាក់លោក នីកូឡាស ​ម៉ាឌូរ៉ូ ដែល​ជាប្រធានាធិបតី​ស្របច្បាប់​របស់​វេណេស៊ុយអេឡា​ចេញ​ពី​តំណែង។ លោក បានបន្តថា ​រុស្ស៊ីថ្កោល​ទោស​នូវ​សកម្ម​ភាព​ទាំងនេះ ដោយថា ​វាបាន​រំលោភ​ច្បាប់​អន្តរជាតិ​ដែល​មាន​ចែងក្នុង​ធម្មនុញ្ញអង្គការសហប្រជាជាតិយ៉ាង​ធ្ងន់​ធ្ងរ​។

លោក Sergey Lavrov ក៏បានលើកឡើងផងដែរថា ​កិច្ចខិតខំប្រឹងប្រែងណាមួយក្នុងការ​ផ្តួលរំលំ​រដ្ឋាភិបាលរបស់លោក​ នីកូឡាស ម៉ាឌូរ៉ូ មិន​បាន​ជួយអ្វីសោះដល់​ដំណើរ​ការប្រជាធិបតេយ្យ តែវា​កាន់​តែបំផ្លាញដល់​ការដោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅក្នុងប្រទេស​វេណេស៊ុយអេឡាទៅវិញ​ទេ​។  លោក បន្ថែម​ថា ​មានតែប្រជាពលរដ្ឋ​វេណេស៊ុយ​អេឡា​ខ្លួន​ឯងប៉ុណ្ណោះដែល​មាន​សិទ្ធិ​សម្រេច​ពីជោគវាសនា​របស់​ប្រទេសខ្លួន។

លោក Sergey Lavrov​ បាន​ប្រកាស​បញ្ជាក់​ជំហរជាថ្មី​ទៀត​ថា រដ្ឋាភិបាល​ក្រុង​មូស្គូ នៅតែគាំទ្ររដ្ឋាភិបាល​របស់​លោក​ នីកូឡាស ម៉ាឌូរ៉ូ។ រដ្ឋមន្រ្តី​ក្រសួងការបរទេសរុស្ស៊ី​រូបនេះ មានប្រសាសន៍ថា​ប្រទេស​របស់​លោក​​មិន​ដែល​ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសណាមួយនោះទេ​ តែផ្ទុយទៅវិញ​តែងតែជំរុញ​ឲ្យ​ប្រទេស​ផ្សេងៗគោរព​ច្បាប់​អន្តរជាតិ។

រដ្ឋាភិបាល​ក្រុង​មូស្គូ​ តាមរយៈរដ្ឋមន្រ្តីការបរទេសរបស់​ខ្លួន​ ក៏បាន​ឲ្យដឹង​ថា រុស្ស៊ី​ត្រៀម​​ជាស្រេច​ក្នុងការ​ជជែក​ជាមួយភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែងរកដំណោះស្រាយបញ្ចប់​វិបត្តិ​នយោបាយ​នៅវេណេស៊ុយអេឡា។​

ក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មាន BBC របស់​អង់គ្លេសកាលពីម្សិលមិញ​​​ មេដឹកនាំបក្ស​ប្រឆាំ​ង ​លោក Juan Guaido បាន​បញ្ជាក់​ថា ​លោកកំពុងវាយតម្លៃពី​ជម្រើ​សនានា​ក្នុងការបណ្តេញ​លោក នីកូឡាស ម៉ាឌូរ៉ូ​ ចេញ​ពី​តំណែង។ លោកថា​ លោកក៏ពិចារណាពី​ការស្នើសុំ​អន្តរាគមន៍យោ​ធា​ពី​អាមេរិកផងដែរ​។

មេដឹកនាំបក្ស​ប្រឆាំង​ដែល​ប្រកាស​ខ្លួនឯង​ជាប្រធានាធិបតី​វេណេស៊ុយ​អេឡា​រូបនេះ​ បាន​បង្ហាញ​ជំហ​របែបនេះ ក្រោយ​ពីក្រុម​លោក​បរាជ័យក្នុងការធ្វើរដ្ឋប្រហារ​ទម្លាក់​លោក ម៉ាឌូរ៉ូ កាលពីថ្ងៃអង្គារ​សប្តាហ៍មុន។

កាលពីថ្ងៃអាទិត្យម្សិលមិញ រដ្ឋមន្រ្តីក្រសួងការបរទេស​អាមេរិក លោក Mike Pompeo បាន​បញ្ជាក់​ជាមួយ​សារព័ត៌មាន ​ABC ថា សហរដ្ឋអាមេរិក​នឹងនៅ​ជាប់​ជានិច្ច​ជាមួយ លោក Juan Guaido។ រដ្ឋមន្រ្តីក្រសួងការបរទេស​អាមេរិករូបនេះ បន្តថា ​អាមេរិក​មានជម្រើស​ច្រើនយ៉ាងក្នុងការ​ជំរុញ​ឲ្យ​លោក​ នីកូឡាស ម៉ាឌូរ៉ូ ចេញពី​អំណាច។ លោក បន្ថែមថា ​ជម្រើ​ស​ទាំងនោះរួមមាន សម្ពាធ ផ្នែក​ការទូត នយោបាយ ហើយ​និងជម្រើសចុងក្រោយ​គឺការប្រើប្រាស់​កម្លាំងយោធា។

ស្ថានភាព​នយោបាយ​នៅក្នុងប្រទេសវេណេស៊ុយឡា កាន់​តែមាន​តាន​តឹង​បន្ទាប់​ពី​មេដឹក​នាំ​បក្ស​ប្រឆាំង​លោក Juan Guaido បានប្រកាស​ខ្លួន​ជាប្រធានាធិបតី​វេណេស៊ុយអេឡាបណ្ដោះ​អាសន្នកាល​ពី​ចុងខែមករា។ សហរដ្ឋ​អាមេរិក​ និងប្រទេស​ជាសម្ព័ន្ធមិត្ត​របស់​ខ្លួន​ជាង៥០ បាន​ប្រកាសទទួល​ស្គាល់​លោក Juan Guaido ​​ជាបន្តបន្ទាប់។ ប៉ុន្តែ​ រុស្ស៊ី ចិន និងប្រទេសដែល​ជាគ្នីគ្នា​ប្រទេស​ទាំងពីរនេះ ​នៅតែទទួល​ស្គាល់​លោក នីកូឡាស ម៉ាឌូរ៉ូ​ ជាប្រធានា​ធិបតី​វេណេស៊ុយអេឡាដដែល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ