មីយ៉ានម៉ា​ដោះលែង​អ្នក​សារព័ត៌មាន រ៉យទ័រ ពីរ​រូប​

អ្នករាយការណ៍ព័ត៌មាន Reuters លោក Wa Lone និង Kyaw Soe Oo បានដើរចេញពីពន្ធនាគារក្នុងទីក្រុងយ៉ានហ្គន ប្រទេសភូមា នាថ្ងៃអង្គារ ទី០៦ ខែឧសភា ឆ្នាំ២០១៩។ រូបភាព៖ Ann Wang / Reuters

រដ្ឋាភិបាលមីយ៉ាន់ម៉ា សម្រេចដោះលែងអ្នកសារព័ត៌មានរ៉យទ័រ២រូប ក្រោយពេលឃុំខ្លួនអស់៥១១ថ្ងៃ ដែលការដោះលែងនេះទទួលបានការស្វាគមន៍ច្រើនពីសហគមន៍អន្តរជាតិ។

អ្នកសារព័ត៌មានទាំងពីររូបនោះគឺម្នាក់ឈ្មោះ Wa Lone អាយុ៣៣ឆ្នាំ និង​លោក Kyaw Soe Oo អាយុ២៩ឆ្នាំ ត្រូវសមត្ថកិច្ចមីយ៉ាន់ម៉ាឃាត់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៧ ដោយចោទថា ធ្វើឱ្យប៉ះពាល់ដល់កិច្ចការសម្ងាត់របស់ជាតិ ហើយបញ្ជូនទៅពន្ធនាគារ Insein។

អ្នកសារព័ត៌មានទាំងពីររូបដើរចេញពីពន្ធនាគារនៅព្រឹកថ្ងៃអង្គារនេះ ក្រោមការលើកលែងទោស ជាមួយអ្នកទោស ៦ ៥២០នាក់ ដែលប្រធានាធិបតី Win Myint សម្រេចលើកលែងកាលពីពិធីបុណ្យចូលឆ្នាំក្នុងពាក់កណ្តាលខែមេសាកន្លងទៅ។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

បន្ទាប់ពីចេញពីពន្ធនាគារលោក Wa Lone ថ្លែងថា លោកពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ដែលបានជួបគ្រួសារ និងក្រុមការងាររបស់លោកឡើងវិញ។ លោកបញ្ជាក់ថា លោកមិនអាចរង់ចាំបន្តទៀតបានទេ គឺលោកត្រូវទៅកន្លែងការងារ ហើយបន្តការងារទៀត ព្រោះលោកគឺជាអ្នកសារព័ត៌មាន។​

និពន្ធនាយកសារព័ត៌មានរ៉យទ័រ លោក Stephen J Adler  ថ្លែងថា លោកពិតជាមានការសប្បាយរីករាយយ៉ាងខ្លាំង ហើយថា ការដោះលែងនេះបង្ហាញពីសេរីភាពសារព័ត៌មាននៅមីយ៉ាន់មានភាពប្រសើរឡើងដែលពិភពលោកកំពុងតែរង់ចាំ។​

ការម្រេចរបស់ប្រធានាធិបតីមីយ៉ាន់ម៉ាធ្វើឡើង បន្ទាប់ពីការឃុំខ្លួនអ្នកសារព័ត៌មានរ៉យទ័រទាំងពីររូបនេះ ហើយសហគមន៍អន្តរជាតិបានដាក់សម្ពាធជំរុញឱ្យមានការដោះលែង។

តុលាការកំពូលរបស់មីយ៉ាន់ម៉ាធ្លាប់បានបដិសេធបណ្តឹងរបស់អ្នកទាំងពីរ។ នៅមានភាពមិនច្បាស់លាស់ពីមូលហេតុដែលការដោះលែងអ្នកទាំងពីរនេះទេ។

ទោះយ៉ាងណា ការដោះលែងនេះធ្វើឡើងស្របពេលដែលមន្ត្រីការទូត និងអង្គការអន្តរជាតិកំពុងបំពេញការងារនៅក្នុងប្រទេសមីយ៉ាន់ម៉ា ពិភាក្សាជាមួយរដ្ឋាភិបាលនៃប្រទេសនេះពីបញ្ហាស្ថានភាពជនជាតិភាគតិច រ៉ូហ៊ីងយ៉ា។​

អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី លោក Phil Robertson ថ្លែងថា លោកចូលរួមអបអរចំពោះ Wa Lone និង Kyaw Soe Oo ដែលបានដើរចេញពីការឃុំឃាំង ហើយបានជួបជុំគ្រួសារធម្មតាវិញ។​ លោកបន្តថា អ្នកសារព័ត៌មានស៊ើបអង្កេតមិនគួរនឹងមានការចាប់ខ្លួននោះទេ ។

Wa Lone និង Kyaw Soe Oo គឺជាជនជាតិ​មីយ៉ាន់ម៉ា ហើយក៏ជាអ្នកសារព័ត៌មានរបស់សារព័ត៌មានរ៉យទ័រ។ ការចាប់ខ្លួននេះកើតឡើងក្នុងអំឡុងពេលដែលអ្នកទាំងពីរកំពុងតែសរសេរសារព័ត៌មានស៊ើបអង្កេតពីស្ថានភាពការសម្លាប់ និងបណ្តេញចេញជនជាតិភាគតិច រ៉ូហ៊ីងយ៉ា។​

ការិយាល័យអង្គការសហប្រជាជាតិប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍ថា​ ស្វាគមន៍ការដោះលែង Wa Lone និង Kyaw Soe Oo។ អង្គការសហប្រជាជាតិចាត់ទុកថា ការដោះលែងនេះ គឺជាដំណើរការប្រសើរឡើងនៃសេរីភាពសារព័ត៌មាន និងជាសញ្ញាដែលរដ្ឋាភិបាលខិតខំប្រឹងប្រែងផ្លាស់ប្តូរទៅរករបបលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ