អ្នកវិភាគ៖ គេអាចចោទប្រកាន់បានថា តុលាការខ្មែរមានអធម្មនុញ្ញភាព

សាលាដំបូងរាជធានីភ្នំពេញ

រដ្ឋធម្មនុញ្ញកម្ពុជាជំពូក៤ ចែងថា «ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស អំ​ណាច​បែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ អំណាចតុលាការជាអំណាចឯករាជ្យ» ។

ប៉ុន្តែ ចំពេលដែលកម្តៅនយោបាយកំពុងជំរុញឲ្យមានភាពផុយស្រួយនៃការបែកបាក់ជាតិនោះ សមាគមសម្ព័ន្ធនិ​ស្សិត​បញ្ញវន្តខ្មែរ ដែលហៅខ្លួនឯងជា«ក្រុមយុវជន១០០រាត្រី» បានបង្ហាញរបាយការណ៍ថា រចនាសម្ព័ន្ធដឹកនាំរបស់គណបក្សកាន់អំណាច យកប្រព័ន្ធតុលាការធ្វើជាឧបករណ៍ពង្រឹងអំណាចដូចប្រទេសកុម្មុយនីស្តចិន និងវៀតណាមដែរ ។

របាយការណ៍​នេះ បង្ហាញថា បក្សកាន់អំណាចបានដាក់បញ្ចូលមន្ត្រីសំខាន់ៗចំនួន១០រូប មានលោក ឌិត មន្ទីរ លោក ជីវ កេង លោក យូ ប៊ុនឡេង និងលោកស្រី ជា លាង ជាដើម ឲ្យទៅគ្រប់គ្រងស្ថាប័នតុលាការ កាន់តំណែងជាប្រធានតុលាការកំពូល និងសាលាឧទ្ធរណ៍។

របាយការណ៍បញ្ជាក់ថា មន្ត្រីមានឥទ្ធិពលទាំងនោះ គឺមានតួនាទីសំខាន់នៅក្នុងគណៈកម្មាធិការកណ្តាល និងគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា។

បើគេពិនិត្យលើបញ្ជីរាយនាមគណៈអចិន្ត្រៃយ៍គណបក្ស​ប្រជាជនកម្ពុជា លោក ឌិត មន្ទី ស្ថិតនៅលេខរៀងទី១៨ ដែលបច្ចុប្បន្ន លោកជាប្រធានកតុលាការកំពូល ។

បញ្ជីរាយនាមគណៈកម្មាធិការកណ្តាលវិញ លោក យ៉ូ ប៊ុនឡេង ស្ថិតនៅលេខរៀង២៧១ ដែលលោកបច្ចុប្បន្នកាន់តំណែងជាប្រធានសាលាឧទ្ធរណ៍។ អតីតប្រធាន​តុលាការ​សាលាដំបូងរាជធានីភ្នំពេញ លោក ជីវ កេង ស្ថិតនៅលេខរៀង២៧០ ហើយ​បច្ចុប្បន្នមានតួនាទីជាអនុប្រធានតុលាការកំពូល និងអគ្គព្រះរាជអាជ្ញា លោកស្រី ជា លាង ស្ថិតនៅលេខរៀង២៧២ ។

បញ្ហានេះបង្កើតជាសំនួរថា បើមន្ត្រីបក្ស​ត្រូវ​បាន​តែងតាំង​ជាថ្នាក់​ដឹកនាំតុលាការ តើជះឥទ្ធិពលអ្វីដល់ការប្រកួតប្រជែងអំណាច​តាមគោលការណ៍​ប្រជាធិបតេយ្យ ?

អ្នកវិភាគបញ្ហាសង្គម លោក គឹម​ សុខ មានប្រសាសន៍ថា កាដាក់មន្ត្រីបក្សឲ្យគ្រប់គ្រងស្ថាប័នយុត្តិធម៌បែបនេះ លោកថា ជាយុទ្ធសាស្ត្រសម្លាប់ប្រជាធិបតេយ្យ បំពានរដ្ឋធម្មនុញ្ញ។

លោក គឹម សុខ វិភាគថា ប្រព័ន្ធនេះបានទុកតុលាការជាជួរមុខសម្រាប់កម្ទេចដៃគូមិនឲ្យធ្វើដំណើរមកដល់ទីលានប្រកួតមួយដោយស្មើភាព តាមយន្តការប្រជាធិបតេយ្យនោះទេ។

លោកថា៖ «តាមខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា គឺជាព្រលឹងនៃលទ្ធិប្រជាធិបតេយ្យ ហើយបើមានរបៀបសម្លាប់ប្រជាធិបតេយ្យទៅហើយ ក៏ដូចសម្លាប់ព្រលឹងនៃរដ្ឋធម្មនុញ្ញរបស់ប្រទេសកម្ពុជាដែរ»។

តុលាការកំពូល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានប្រកាសរំលាយគណបក្សសង្គ្រោះជាតិ តាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ ។

គណបក្សប្រឆាំងដែលត្រូវ​បានរំលាយនេះ មានអ្នកគាំទ្រជាង៣លាននាក់ ឬអាច​និយាយបាន​ថាប្រហាក់ប្រហែលគណបក្សប្រជាជនកម្ពុជា​ដែលកំពុងតែកាន់អំណាច​ដែរ។

សំណុំរឿងអតីតគណបក្សសង្គ្រោះជាតិនេះ មានចៅក្រម ៩រូប ជាអ្នកបើកសវនាជំនុំជម្រះក្តី ក្នុងនោះ លោក ឌិត មន្ទី លោក ជីវ កេង និងអគ្គព្រះរាជអាជ្ញា លោកស្រី ជា លាង ផងដែរ។

ទីបំផុត លោក ឌិត មន្ទី ជាប្រធានចៅក្រមក្នុងអង្គជំនុំជម្រះ បានប្រកាសសាលដីការំលាយគណបក្សប្រឆាំង ដោយយោងទៅលើបទចោទថា អតីតប្រធានបក្សនេះ លោក កឹម សុខា ថា «ក្បត់ជាតិ»។

អ្នកវិភាគនយោបាយជើងចាស់ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា រចនាសម្ព័ន្ធដឹកនាំបច្ចុប្បន្ន រួមទាំងតុលាការផង លោកថា ជាមរតកកុម្មុយនីស្ត លំនាំប្រទេសសូវៀត និងវៀតណាម។

លោក ឡៅ ម៉ុងហៃ វិភាគថា កំណែទម្រង់បច្ចុប្បន្ន បានកែតែសំបកក្រៅប៉ុណ្ណោះ តែថាខាងក្នុងវិញមានទ្រង់ទ្រា​យ​ជា​កុម្មុយនីស្ត ដែលយកតុលាការធ្វើជាឧបករណ៍ពង្រឹងអំណាច។ លោក​ ឡៅ ម៉ុងហៃ​ មានប្រសាសន៍ថា ការរក្សាទុកប្រព័ន្ធដឹកនាំបែបនេះ គេអាចចោទ​ថា ប្រព័ន្ធដឹកនាំអធម្មនុញ្ញភាព។

លោកថា៖ «តុលាការខ្មែរ អត់ឯករាជ្យទេ ហើយតាមគោលការណ៍សិទ្ធិមនុស្សអន្តរជាតិ មិនអាចកាត់ទោសគេបានទេ ព្រោះបុគ្គលគ្រប់រូ​ប​មានសិទ្ធិទទួលបានសវនាការកាត់ទោសដោយតុលាការឯករាជ្យ និងឥតលំអៀង ដូចជា មាត្រា១៤ នៃក​តិកា​​សញ្ញាស្តីពីសិទ្ធិព​លរដ្ឋនិងសិទ្ធិនយោបាយ។ សិទ្ធិនេះជាសិទ្ធិដាច់ខាត។ គេអាចចោទប្រកាន់បានថា តុលាកា​រខ្មែ​រមានអធ្មនុញ្ញភាព ដោយសារអត់ឯករាជ្យ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ»។

លោក គឹម សុខ វិញវិភាគថា ក្នុងប្រទេសមួយ បើអ្នកនយោបាយពង្រីកឥទ្ធិពលទៅលើប្រព័ន្ធយុត្តិធម៌ហើយនោះ លោកថា នីតិរដ្ឋនឹងធ្លាក់ចុះ ហើយបង្កឲ្យមានវិបត្តិសង្គម ។

លោកថា៖ «កាលណាតុលាការបាត់ឯករាជ្យភាព គឺប្រទេសបាត់យុត្តិធម៌ហើយ ហើយបើកាលណាបាត់យុត្តិធម៌ បាត់ព្រលឹងប្រជាធិបតេយ្យហើយ។ កាលណាបាត់ប្រជាធិបតេយ្យ ប្រទេសជាតិ និងពលរដ្ឋបាត់ប្រយោជន៍ហើយ។ តែអ្នកដែលរីកធំធាត់តែឥទ្ធិពលអំណាចផ្តាច់ការ»។

ក្រុមការងារ១០០រាត្រី អះអាងក្នុងរបាយការណ៍នោះថា បើប្រព័ន្ធដឹកនាំរដ្ឋមួយ មានប្រព័ន្ធតុលាការមិនរឹងមាំ វានឹងបង្កឲ្យមានអយុត្តិធម៌នៅក្នុងសង្គម ភាពផុយស្រួយនៃការបែកបាក់ជាតិ និងស្ទើរតែគ្មាននីតិរដ្ឋ ។

អ្នក​ជំនាញ​គោល​នយោបាយ​ និង​ជា​សាស្ត្រាចារ្យ​ផ្នែក​ការទូត និង​កិច្ចការ​ពិភពលោក​នៃ​មហា​វិទ្យាល័យ Occidental សហ​រដ្ឋ​អាមេរិក លោក អៀ សុផល មានប្រសាសន៍ថា រចនាសម្ព័ន្ធដឹកនាំបែបនេះ បានបំផ្លាញដល់ឬសគល់នៃលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋ ។

អ្នកជំនាញកិច្ចការទូតអន្តរជាតិរូបនេះ ពន្យល់ថា បញ្ហានេះ តុលាការមិនអាចរក្សាជំហរឯករាជ្យភាពរបស់ខ្លួនបានទេ ជាពិសេសពាក់ព័ន្ធទៅនឹងជម្លោះនយោបាយ។

អង្គការគម្រោងយុត្តិធម៌ពិភពលោក (World Justice Project) បានចេញផ្សាយរបាយការណ៍ស្ដីពី «សន្ទស្សន៍និតីរដ្ឋសម្រាប់ឆ្នាំ២០១៩» ដែលចេញផ្សាយកាលពីថ្ងៃទី២៨ ខែកុម្ភៈ បានចាត់ថ្នាក់កម្ពុជា ជាប្រទេសមានប្រព័ន្ធយុត្តិធ​ម៌ស្ទើ​រតែអន់ជាងគេបំផុតនៅលើពិភពលោក។

អង្គការនេះ វាយតម្លៃថា កម្ពុជាជាប់ចំណាត់ថ្នាក់ ១២៥ ក្នុងចំណោមបណ្ដាប្រទេស ១២៦ ពោលគឺ កម្ពុជាល្អជាងតែប្រទេសវេណេស៊ុយអេឡាតែមួយប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ