រដ្ឋាភិបាល​ម៉ាឡេស៊ី ប្តឹងរឹបអូស​សម្ភារ​ពី​​អតីត​នាយករដ្ឋមន្រ្តី​ និងភរិយា​ តម្លៃ​២៣៤លានដុល្លារ

លោក ណាជីប រ៉ាហ្សាក់ និង​ភរិយា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។ រូបភាព៖ Hari Anggara

រដ្ឋាភិបាលម៉ាឡេស៊ី​ កាលពីថ្ងៃអង្គារ​ បាន​ប្តឹងរឹបអូស​ទ្រព្យសម្បត្តិ​របស់​អតីតនាយករដ្ឋមន្រ្តី​ លោក ណាជីប រ៉ាហ្សាក់ និង​ភរិយា​ ដែល​មានតម្លៃរហូត​ដល់​២៣៤លានដុល្លារ។

តាមការចុះផ្សាយរបស់​សារព័ត៌មាន The ​Straitstimes រដ្ឋាភិបាល និង​នគរបាលម៉ាឡេស៊ី បានប្តឹងលោក ណាជីប រ៉ាហ្សាក់ និង​ភរិយា ថា​ពួកគេ​ទាំងពីរបាន​យក​ប្រាក់ពី​គម្រោង​ 1 Malaysia Development Berhad (1MDB) ដើម្បីទិញសម្ភារប្រើប្រាស់ផ្ទាល់ខ្លួន។ សម្ភារទាំងនោះរួមមាន គ្រឿង​អលង្ការ លុយសុទ្ធ កាបូប និង​រថយន្តដែលមាន​តម្លៃថ្លៃៗ។

1 Malaysia Development Berhad ជាគម្រោងដែល​បង្កើតឡើង​ដោយនាយករដ្ឋមន្រ្តី ណាជីប រ៉ាហ្សាក់ កាលពីឆ្នាំ២០០៩ ក្នុងគោលបំណងទាក់ទាញ​អ្នកវិនិយោគបរទេសឲ្យ​បណ្ដាក់​ទុន​រកស៊ី​នៅម៉ាឡេស៊ី។ ប៉ុន្តែ គម្រោង​នេះ ត្រូវបាន​គេរិះគន់ថា ហ៊ុមព័ទ្ធដោយអំពើពុករលួយ។ គណៈកម្មាធិការ​រដ្ឋសភាម៉ាឡេស៊ី បាន​រកឃើញ​ថា​មានភាពមិនប្រក្រតីជាច្រើនទាក់ទងនឹង​ប្រតិបត្តិការសាច់ប្រាក់ជាង​​​៤​ពាន់​លានដុល្លារក្នុង​គម្រោង 1MDB នេះ។

ទាក់​ទងនឹងបញ្ហានេះ ក្រសួងយុត្តិធម៌អាមេរិក បានចោទប្រកាន់​ថា លោក ណាជីប រ៉ាហ្សាក់ និងមន្រ្តីរបស់លោក ត្រូវបាន​ក្រុមហ៊ុនមួយ​ឈ្មោះ Jho Low ជួយសម្រួល​ឲ្យទឹកប្រាក់​ដែល​កេងប្រវ័ញ្ចពីគម្រោង​ 1 Malaysia Development Berhad មើលទៅដូចជាទឹកប្រាក់​ដែលបាន​មក​ពីការប្រកបរបរដែល​ស្រប​ច្បាប់។ តាមរយៈវិធីនេះ ទឹក​ប្រាក់ចំនួន៦៨១លានដុល្លារ ត្រូវបាន​ដាក់​ចូលក្នុងគណនីផ្ទាល់ខ្លួន​របស់លោក ណាជីប រ៉ាហ្សាក់។

ទោះយ៉ាងណាក៏ដោយ លោក ណាជីប រ៉ាហ្សាក់ បាន​បដិសេធថា លោកមិនបាន​ប្រព្រឹត្តដូចការចោទប្រកាន់​ទាំងអស់នោះទេ៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ