មូលហេតុវៀតណាមដូរមេដឹកនាំបន្តបន្ទាប់ តែមិនកើតអសន្តិសុខសង្គម

នាយករដ្ឋមន្ត្រីវៀតណាមពីឆ្នាំ១៩៩២ ដល់បច្ចុប្បន្ន (រាប់ពីឆ្វេងមកស្ដាំ)

ចាប់តាំងពីឆ្នាំ១៩៩២ ដល់ខែឧសភា ឆ្នាំ២០១៩នេះ ប្រទេសវៀតណាមមានប្រធានាធិបតីចំនួន ៧រូប និងនាយករដ្ឋមន្ត្រីចំនួន ៤រូប ដែលបានផ្លាស់ប្តូរគ្នាជាបន្តបន្ទាប់ តែមិនបណ្តាលឱ្យមានជម្លោះផ្ទៃក្នុង ឬសង្គ្រាមដណ្តើមអំណាចគ្នានោះទេ។​

នៅវៀតណាមនាយករដ្ឋមន្ត្រី និងប្រធានាធិបតីអាចកាន់តំណែងបានតែ២អាណត្តិ ក្នុង១អាណត្តិមានរយៈពេល៥ឆ្នាំ។ នៅក្នុងរដ្ឋធម្មនុញ្ញនៅក្នុងប្រទេសកុម្មុយនីស្តមួយនេះ ក៏បានបញ្ជាក់ដែរថា ក្នុងអំឡុងពេលកាន់អំណាច បើសិនជារកឃើញថា មានកំហុស ឬអសមត្ថភាព ក៏សមាជិកសភាអាចបោះឆ្នោតដក ឬព្យួរតំណែងបានដែរ។​

មេដឹកនាំមួយចំនួន​កាន់តំណែងមិនបានដល់១០ឆ្នាំ ​ឬស្មើ២អាណត្តិទេ ដោយសារមិនមានការគាំទ្រ ឬដោយសារបញ្ហាសុខភាព។​ ចំណែកមេដឹកនាំខ្លះ ក៏ស្លាប់នៅក្នុងតំណែងដែរ។​

ជាក់ស្តែងអតីតប្រធានាធិបតី លោក ត្រាង ដាយ ខ្វាង (Tran Dai Quang) ជាអតីតមន្ត្រីជាន់ខ្ពស់គណបក្សកុម្មុយនីស្ត បានកាន់តំណែងជាប្រធានាធិបតីចាប់ពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៦ ហើយទទួលមរណភាព ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨។ លោកទទួលមរណភាពពេលដែលលោកកាន់តំណែងជាប្រធានាធិបតី។​

ក្រោយការទទួលមរណភាពលោក ត្រាង ដាយ ខ្វាង មានការតែងតាំងលោកស្រី ដាង ធី ង៉ុកធីញ ជាប្រធានាធិបតីបណ្តោះអាសន្នចាប់ពីខែកញ្ញា ដល់ខែតុលា ឆ្នាំ២០១៨ គឺរយៈពេល៣២ថ្ងៃ ទើបសភាប្រជាជនវៀតណាមបោះឆ្នោតជ្រើសរើសលោក ង្វ្រៀន ភូត្រុង កាន់តំណែងជាផ្លូវការចាប់ពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ដល់បច្ចុប្បន្ន។​

ទោះយ៉ាងណា បច្ចុប្បន្ន លោក ង្វ្រៀន ភូត្រុង កំពុងធ្លាក់ខ្លួនឈឺ ប៉ុន្តែ ស្ថានភាពនយោបាយនៅក្នុងប្រទេសនេះនៅតែរក្សាភាពស្ងប់ស្ងាត់ដដែល ហើយព័ត៌មានដែលមេដឹកនាំកំពូលធ្លាក់ខ្លួនឈឺនេះ មិនផ្សព្វផ្សាយទូលាយជាសាធារណៈនោះទេ។​

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ ថាលោក ង្វ្រៀន ភូត្រុង វ័យ៧៥ឆ្នាំ ធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី១៤ ខែមេសា ដោយសារតែមានការងារច្រើនត្រូវធ្វើឱ្យហើយ និងបញ្ហាអាកាសធាតុប្រែប្រួល។ ចាប់តាំងពីពេលនោះមក មេដឹកនាំវៀតណាមរូបនេះមិនទាន់បានបង្ហាញមុខជាសាធារណៈទៀតទេ។​

មាត្រា៨៨ នៃរដ្ឋធម្មនុញ្ញវៀតណាម ​បានចែងថា ប្រសិនបើប្រធានាធិបតីទទួលមរណភាព ឬត្រូវដកហូតតំណែងគឺអនុប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីត្រូវតែងតាំងកាន់ការងារបណ្តោះអាសន្ន ហើយបើអនុប្រធានាធិបតីឬ នាយករដ្ឋមន្ត្រីត្រូវព្យូរការងារដែរ នឹងជ្រើសរើសរដ្ឋមន្ត្រី ឬ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលផ្សេងទៀតឱ្យកាន់ការងារបណ្ដោះអាសន្ន។​

មូលហេតុនៃការមានច្បាប់រឹងមាំក៏អាចជាហេតុផលមួយដែលទប់ស្កាត់មិនឱ្យមន្ត្រីជាន់ខ្ពស់ដណ្តើមអំណាចគ្នា។ នៅក្នុងរដ្ឋធម្មនុញ្ញវៀតណាមមាត្រា២បញ្ជាក់ថា ប្រទេសនេះប្រកាន់របបសង្គមនិយមផ្អែកទៅលើច្បាប់។​

ម្យ៉ាងទៀតការដូរមេដឹកនាំមិនមានចលាចលនេះក៏បានបញ្ជាក់ថា មេដឹកនាំម្នាក់នេះមិនមែនជាអ្នកក្តោបអំណាចទូទៅទាំងអស់នោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ