លោកម៉ាឌូរ៉ូព្យាយាមផ្តល់តំណែងសំខាន់ៗដល់កូនប្រុស

លោក នីកូកាស ម៉ាឌូរ៉ូ និងកូនប្រុស

ប្រធានាធិបតីវេណេហ្សូអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ(Nicolas Maduro)ដែលកំពុងរងការចោទប្រកាន់ថា មិនមានសមត្ថភាពដឹកនាំបង្កឱ្យមានអំពើពុករលួយបក្ខពួកនិយមនោះ ក៏រងការចោទដែរថាព្យាយាមផ្តល់តំណែងសំខាន់ៗដល់កូនប្រុសអាយុ២៩ឆ្នាំ។​

លោក ម៉ាឌូរ៉ូ រៀបការលើកទី១ជាមួយលោកស្រី Adriana Guerra Angulo មានកូនប្រុសមួយកើតនៅឆ្នាំ១៩៩០ ឈ្មោះ Nicolas Maduro Guerraឬ គេហៅថា  Nicolasito។​

កូនប្រុសមេដឹកនាំរូបនេះទទួលបានការតែងតាំងតំណែងសំខាន់ៗជាបន្តបន្ទាប់ក្រោយពេលលោកម៉ាឌូរ៉ូឡើងកាន់តំណែងកាលពីឆ្នាំ២០១៣ដូចជា ប្រធានអធិការកិច្ចការិយាល័យប្រធានាធិបតី ដែលមានតួនាទីត្រួតពិនិត្យកិច្ចការងាររបស់ប្រធានាធិបតី នាយកសាលាភាពយន្តជាតិត្រូវគ្រប់គ្រងសាលាភាពយន្តទូទាំងប្រទេស និងមានតំណែងជាសមាជិកសភាផង។​

នៅថ្ងៃទី២៥ខែមករា ឆ្នាំ២០១៧ លោក ម៉ាឌូរ៉ូ បានបង្កើត ស្ថាប័នថ្មីមួយទៀតដើម្បីគ្រប់គ្រងគណៈប្រតិភូរបស់ប្រធានាធិបតី និងណែនាំការងារដល់អនុប្រធានាធិបតីដែលស្ថាប័ននេះតែងតាំងកូនប្រុសលោករូបនេះជាប្រធានទៀត។​


លោក Nicolas Maduro Guerra ក្នុងពិធីជួបជុំមួយកាលពីឆ្នាំ២០១៧

ការតែងតាំងតំណែងសំខាន់ៗដល់កូនប្រុសជាបន្តបន្ទាប់នេះ នាំឱ្យមានការចោទប្រកាន់ថា មេដឹកនាំរូបនេះរៀបចំត្រៀមផ្ទេរអំណាចដល់កូនទោះជាកូនប្រុសនេះមានបទពិសោធន៍តិចតួចក្នុងការធ្វើនយោបាយក៏ដោយ។​

នៅក្នុងពិធីមង្គលការអ្នកជំនួញម្នាក់នៅក្នុងរដ្ឋធានីការ៉ាកាស កាលពីថ្ងៃទី១៤ ខែមីនាឆ្នាំ២០១៥ គេឃើញកូនប្រុសលោកម៉ាឌូរ៉ូរូបនេះដែលចូលរួមជាភ្ញៀវបានបង្ហាញលុយច្រើន និងប្រើប្រាសសម្ភារទំនើបៗនោះ នាំឱ្យផ្ទុះការរិះគន់ពីសាធារណជន ខណៈប្រជាពលរដ្ឋនៃប្រទេសនេះកំពុងតែរស់នៅក្នុងស្ថានភាពលំបាកក្នុងជីវភាពក្រីក្រ។

លោក ម៉ាឌូរ៉ូ បានរៀបការលើកទី២ជាមួយស្ត្រីជាមេធាវី និងជាអ្នកនយោបាយឈ្មោះCilia Flore កាលពីឆ្នាំ២០១៥។ លោកស្រី Cilia Flore បច្ចុប្បន្នមានតួនាទីជាអនុប្រធានរដ្ឋសភា និង សមាជិកនៃក្រុមការងារបេសកកម្មប្រធានាធិបតីផងដែរ។​ ក្នុងជីវិតអាពាហ៍ពិពាហ៍លើកទី២របស់លោកម៉ាឌូរ៉ូនេះមិនមានកូនទេ។​  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ