ចិន​អំពាវនាវឲ្យ​​អាមេរិក​បញ្ឈប់ការភ្ជាប់រឿងរ៉ាវ​​គ្រប់យ៉ាង​ទៅនឹងបញ្ហា​សន្តិសុខជាតិ​

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang ។ រូបភាព៖ www.fmprc.gov.cn

រដ្ឋាភិបាលក្រុងប៉េកាំង បាន​ប្រាប់​​ទៅសហរដ្ឋ​អាមេរិកឲ្យបញ្ឈប់​រាល់ការ​គាបសង្កត់​លើ​ក្រុមហ៊ុន​របស់​ខ្លួន ហើយ​បញ្ចប់រាល់​ការ​​ភ្ជាប់​រឿងរ៉ាវ​ទាំងឡាយ​ថា​ សុទ្ធតែប៉ះពាល់​ដល់​សន្តិសុខជាតិ។

ការអំពាវនាវ​របស់មេដឹកចិនបែបនេះ បាន​ធ្វើឡើងក្រោយ​ពី​សហរដ្ឋអាមេរិក​បដិសេធសំណើរបស់​ក្រុមហ៊ុនទូរសព្ទមួយរបស់ចិន ដែល​​ស្នើ​ផ្គត់ផ្គង់​សេវាទូរគមនាគមន៍​។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មាន​កាលពីថ្ងៃទី១០ ខែឧសភា ថា​រដ្ឋាភិបាល​ចិនតែងតែប្រាប់​ដល់​​អ្នកវិនិយោគ​របស់​ខ្លួនឲ្យ​​គោរព​ច្បាប់​ និង​គោលការណ៍ទីផ្សារអន្តរជាតិ ក៏ដូចជា ច្បាប់ក្នុងប្រទេសដែល​ពួកគេកំពុង​រកស៊ីទទួលទាន។ លោក លើកឡើងបន្តថា ​ករណីដែល​អាមេរិករារាំង​ក្រុមហ៊ុន​មួយ​របស់​ចិនជាការបំពានលើគោលការណ៍សេដ្ឋកិច្ច​ទីផ្សារ​ ហើយ​ស្នើឲ្យ​អាមេរិក​បញ្ឈប់នូវទង្វើបែបនេះ។

លោក Geng Shuang បាន​ជំរុញ​​ទៅសហរដ្ឋអាមេរិក​ថា៖ «បញ្ឈប់ការអនុវត្តដ៏ខុសឆ្គងក្នុងការ​ភ្ជាប់​សន្តិសុខជាតិទៅគ្រប់បញ្ហា។ ​បញ្ឈប់ការគាបសង្កត់​ដោយ​អយុត្តិធម៌លើ​​ក្រុមហ៊ុនចិន ហើយត្រូវផ្ដល់បរិយាកាសយុត្តិធម៌ និងមិនរើសអើងចំពោះការវិនិយោគ និងប្រតិបត្តិការរបស់ពួកគេនៅក្នុងសហរដ្ឋអាមេរិក។»

កាលពីថ្ងៃ​ទី​៩ ខែឧសភា គណៈកម្មការ​សារគមនាគមន៍សហព័ន្ធរបស់​អាមេរិក បានសម្រេច​ច្រានចោល​សំណើរបស់ក្រុមហ៊ុន​ China Mobile USA ដែល​ស្នើសុំ​ផ្គត់​ផ្គង់​សេវាទូរគមនាគមន៍​រវាងអាមេរិក និងប្រទេសផ្សេងៗទៀតនៅជុំវិញពិភពលោក។

គណៈកម្មការ​សារគមនាគមន៍សហព័ន្ធរបស់​អាមេរិក បាន​ឲ្យដឹង​ក្នុងសេចក្តីប្រកាស​ព័ត៌មាន​របស់​ខ្លួន​ថា​ បន្ទាប់​ពីការ​ពិនិត្យ និង​ពិភាក្សា​ដោយ​យក​ចិត្ត​ទុកដាក់​ជាមួយអ្នកជំនាញ ពួកគេ​បាន​រកឃើញ​ថា ​ក្រុមហ៊ុន China Mobile USA មិនបាន​បង្ហាញ​នោះទេក្នុងសំណើដែលស្នើសុំ​ផ្គត់​ផ្គង់​សេវាទូរគមនាគមន៍ ថា​វាធ្វើឡើងដើម្បី​បម្រើប្រយោជន៍សាធារណៈ។

សេចក្តីប្រកាសព័ត៌មាន​ដដែល​ បានលើកឡើងទៀតថា ប្រសិន​បើមាន​ការអនុញ្ញាតឲ្យ​ China Mobile USA ​ផ្គត់​ផ្គង់​សេវាទូរគមនាគមន៍ វានឹងធ្វើឲ្យប៉ះពាល់​ដល់សន្តិសុខជាតិ​អាមេរិក ដោយថា​ ក្រុមហ៊ុន​នេះមាន​រដ្ឋាភិបាលចិន​នៅពីក្រោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ