វៀតណាម ​ចាប់​ខ្លួន​បុរសម្នាក់​ករណី​នាំចូល​គ្រឿង​ញៀន​ជាង៦០គីឡូក្រាម​ពីកម្ពុជា​

គ្រឿងញឿនលាក់ក្នុងកញ្ចប់តែ និងកាហ្វេ ដែលសមត្ថកិច្ចវៀតណាមចាប់បាន កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភា នេះ។ រូបភាព៖ e.vnexpress.net

អាជ្ញាធរវៀតណាម​ បាន​ចាប់​​ខ្លួន​បុរស​ម្នាក់​កាលពីយប់ថ្ងៃ​អាទិត្យសប្តាហ៍មុន ក្រោយពីរក​ឃើញ​ថា​គាត់បាន​នាំចូល​គ្រឿង​ញៀន​ចំនួន​ ៦៤គីឡូក្រាម​ពីប្រទេសកម្ពុជា។

តាមការចុះផ្សាយរបស់​សារព័ត៌មាន​វៀតណាម VN Express បុរសជននោះ​បាន​លួចនាំចូល​គ្រឿងញៀន​ពីកម្ពុជា​​តាម​ច្រកព្រំដែន​។ ប្រភពដដែល​ឲ្យ​ដឹង​ ក្នុងប្រតិបត្តិការណ៍នោះ​ អាជ្ញាធរខេត្តឡុងអាន បាន​រឹប​អូសបាន​គ្រឿង​ញៀន​ប្រភេទ​ហេរ៉ូអ៊ីនចំនួន​ ៧គីឡូក្រាម​ និ​ង​ម៉ាទឹក​កកចំនួន​ ៥៧គីឡូក្រាម។

បុរសវៀតណាមរូបនោះ បានសារភាពប្រាប់នគរបាល​ខេត្ត​ឡុងអាន ​ថាគ្រឿងញៀនទាំង ៦៤គីឡូក្រាមនោះ ត្រូវបាន​​លាក់ក្នុងកញ្ចប់តែ និង​ម្សៅទឹក​ដោះគោ ដែល​ដឹក​មកពីប្រទេស​កម្ពុជា សម្រាប់​ចែកចាយក្នុងប្រទេសវៀតណាម។​

ខេត្តឡុងអាន ជាខេត្ត​ភាគ​ខាង​ត្បូងឆៀងខាង​លិចរបស់​វៀតណាម ដែល​មានព្រំ​ប្រទល់​ជាប់​នឹង​ខេត្ត​ស្វាយ​រៀង​របស់​ប្រទេសកម្ពុជា។

សារព័ត៌មាន​ VN Express បានដកស្រង់សម្តីមន្រ្តី​ជាន់​ខ្ពស់ផ្នែក​ប្រយុទ្ធប្រឆាំងគ្រឿងញៀនវៀតណាម​ម្នាក់ ថា​ដោយសារ​តែភូមិសាស្រ្តរបស់វៀតណាម មាន​​ព្រំដែន​វែង មានផ្លូវសម្រាប់​ធ្វើការ​ជួញដូរទំនិញ​ដោយ​ខុសច្បាប់ជាច្រើនកន្លែង និងភាពខ្វះចន្លោះរបស់​គយ ទើប​បណ្ដាល​ឲ្យ​វៀតណាមក្លាយ​​ជាចំណុចនៃការចែក​ចាយ​គ្រឿងញៀន​ដ៏ធំ។

ទោះបី​ជាវៀតណាម​មានច្បាប់ដាក់ទោសទណ្ឌលើអ្នកជួញដូរ​គ្រឿង​ញៀន​ដោយតឹងរឹងយ៉ាងណាក្តី ក៏នៅតែមាន​ជនល្មើសលួចនាំចូលជាបន្តបន្ទាប់។ តាមច្បាប់​របស់វៀតណាម ជនណាដែល​រកឃើញថា​មាន​គ្រឿងញៀន​ប្រភេទហេរ៉ូអ៊ីន ឬកូកាអ៊ីនលើសពី​ ៦០០ក្រាម ​ឬក៏មេតំហ្វីតាមីនចំនួន ២.៥ គីឡូក្រាម នឹងត្រូវ​ប្រឈមមុខនឹង​ទោសប្រហារជីវិត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ