លោក ប្រាយុទ្ធ បន្តដឹកនាំទោះអាសនៈបានតិចជាងបក្សប្រឆាំង

លោក ប្រាយុទ្ធ ចាន់អូចា កាលពីខែកញ្ញា ឆ្នាំ២០១៤។ រូបភាព៖ រ៉យទ័រ

លទ្ធផលនៃការបោះឆ្នោតនៅថៃ ដែលបង្ហាញកាលពីថ្ងៃទី៩ ខែឧសភា គឺគណបក្សប្រឆាំងធំ ភឿថៃ ទទួលបាន ១៣៦ អាសនៈ ចំណែកគណបក្សដឹកនាំដោយក្រុមយោធា ផាឡាង ផ្លាចារ៉ាត់ ទទួលបានតែ ១១៥ អាសនៈ។​

ក្រោយការបោះឆ្នោតគណបក្សភឿថៃ បានចងសម្ព័ន្ធជាមួយចំនួន៦ផ្សេងទៀត រួមទាំងគណបក្សអនាគតថ្មីផង សរុបគ្នាបានអាសនៈចំនួន ២៤៥។​ ចំណែកគណបក្សចំនួន ១១ផ្សេងទៀត ដែលបានសំឡេងតិចតួច គឺគណបក្សទាំង ១១នេះ បានសំឡេងឆ្នោតតែជាង ៥សែន ស្មើនឹង ១,៥ ភាគរយនៃចំនួន​អ្នកទៅបោះឆ្នោតសរុប ៣៥លាននាក់។ គណបក្សទាំង ១១នេះ សម្រេចចូលរួមចងសម្ព័ន្ធជាមួយគណបក្សលោក ប្រាយុទ្ធ ចាន់អូចា។​

ក្រុមភាគីនៃការប្រកួតប្រជែងការបោះឆ្នោតនៅថៃ កាលពីថ្ងៃទី២៤ ខែមីនានោះ នៅមិនទាន់ទទួលបានសំឡេង ៥០ភាគរយបូកមួយ ដើម្បីបង្កើតរដ្ឋាភិបាលនៅឡើយទេ។​

អាសនៈសភាទាំងពីរថ្នាក់មានចំនួន ៧៥០អាសនៈ ដូច្នេះបានន័យថា គណបក្សដែលអាចបង្កើតរដ្ឋាភិបាលបានត្រូវការអាសនៈយ៉ាងតិច ៣៧៦។

ប៉ុន្តែ សម្រាប់ពួកយោធាមានប្រៀបជាងគណបក្សផ្សេងៗទៀត ដោយសារតែរដ្ឋធម្មនុញ្ញថ្មីបង្កើតឡើងកាលពីឆ្នាំ២០១៧ បានចងថា អាសនៈសម្រាប់សមាជិកព្រឹទ្ធសភាចំនួន ២៥០ដែលមានអាណត្តិ៥ឆ្នាំដែរនេះ គឺពួកយោធាជាអ្នកជ្រើសតាំងមិនដាក់ឱ្យបោះឆ្នោតទេ។ ដូច្នេះ បានន័យថា ក្រុមយោធាទទួល ២៥០អាសនៈតាំងពីមុនប្រកួត។​

ក្នុងខ្លឹមសាររដ្ឋធម្មនុញ្ញដែលបង្កើតដោយពួកយោធានេះ មានបំណងរារាំងក្រុមផ្សេង ពិសេសគណបក្សប្រឆាំងដែលស្និទ្ធជាមួយលោក ថាក់ ស៊ីន មិនឱ្យវិលមកកាន់អំណាចជាថ្មីទៀត។​

ក្នុងច្បាប់ថ្មីមានន័យថា គណបក្សផ្សេងត្រូវការសំឡេង ៣៧៦ ទើបស្មើ ៥០ភាគរយបូក១ ប៉ុន្តែ គណបក្សពួកយោធារបស់លោក ប្រាយុទ្ធ ចាន់អូចា ត្រូវការសំឡេងតែ ២២៦ ស្មើនឹង ៥០ភាគរយបូក១ អាចបង្កើតរដ្ឋាភិបាលបានហើយ ដោយសារតែក្រុមនេះមានសំឡេង ២៥០អាសនៈស្រាប់ទៅហើយ។

បើទោះជាគណបក្សរបស់លោក ប្រាយុទ្ធ ចាន់អូចា ត្រៀមលក្ខណៈក្នុងការបន្តអំណាចតាំងពីមុនការបោះឆ្នោតក៏ដោយ ក៏រហូតមកដល់ថ្ងៃទី១៤ ខែឧសភានេះ លោក ប្រាយុទ្ធ មិនទាន់បានរៀបចំដំណើរការបង្កើតរដ្ឋាភិបាលនៅឡើយ។​ ​ចំណែកសមាជិក ២៥០រូប ដែលត្រូវជ្រើសតាំងពីក្រុមយោធា ក៏នៅមិនទាន់បានប្រកាសជាផ្លូវការនៅឡើយដែរ។​

គណបក្សលោក ប្រាយុទ្ធ ត្រៀមទទួលគណបក្សមួយចំនួនទៀតដែលនឹងចងសម្ព័ន្ធរួមទាំងគណបក្សប្រជាធិបតេយ្យរបស់លោក អាប់ ហ្វីស៊ីត ហើយអាចនឹងទទួលបានអាសនៈជាង២០០រយទៀតអាចគ្រប់ចំនួនបង្កើតរដ្ឋាភិបាល។

អ្នកឃ្លាំមើលមួយចំនួនក៏បានចោទប្រកាន់ថា ដំណើរការបោះឆ្នោតនៅក្នុងប្រទេសថៃកាលពីថ្ងៃទី២៤ ខែមីនា កន្លងទៅនោះ ប្រព្រឹត្តិទៅមិនត្រឹមត្រូវនោះទេ គឺមានការលួចបន្លំ និងទិញទឹកចិត្តដល់អ្នកបោះឆ្នោតមួយចំនួន។

ចំណែកគណបក្សផ្សេងទៀត ពិសេសមេដឹកនាំគណបក្សអនាគតថ្មី ទទួលបណ្តឹងជាបន្តបន្ទាប់ក្រោយពេលគណបក្សមានប្រជាប្រិយភាពលេចធ្លោ ហើយចងសម្ព័ន្ធប្រឆាំងគណបក្សរបស់ពួកយោធា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ