មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលលោក នីកូឡាស ម៉ាឌូរ៉ូ និងមន្រ្តីបក្សប្រឆាំងរបស់លោក ហ័ន ហ្កៃដូ បានធ្វើដំណើរទៅកាន់ប្រទេសន័រវែស ដើម្បីជួបជជែកគ្នាស្វែងរកដំណោះស្រាយបញ្ចប់វិបត្តិនយោបាយក្នុងប្រទេសរបស់ខ្លួន។
តាមការចុះផ្សាយរបស់សារព័ត៌មាន DW អាល្លឺម៉ង់ មន្រ្តីជាន់ខ្ពស់ទាំងពីរគណបក្សនេះ ត្រូវបានក្រុមអ្នកសម្របសម្រួលរបស់ប្រទេសន័រវែសអញ្ជើញដាច់ដោយឡែកពីគ្នា។
រដ្ឋមន្ត្រីការបរទេសន័រវេស បានអះអាងកាលពីដើមខែមីនាថា ប្រទេសខ្លួនបានត្រៀមរួចរាល់ហើយដើម្បីធ្វើជាអ្នកសម្របសម្រួលកិច្ចចរចារវាងរដ្ឋាភិបាលវេណេស៊ុយអេឡារបស់លោក នីកូឡាស ម៉ាឌូរ៉ូ និងក្រុមបក្សប្រឆាំង។
សភាជិកសភាមកពីបក្សប្រឆាំងម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា មន្រ្តីជាន់ខ្ពស់នៃបក្សទាំងពីរពិតជាធ្វើដំណើរទៅជួបគ្នាពិភាក្សាតាមការសម្របសម្រួលរបស់ប្រទេសន័រវេសមែន។ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក Jorge Rodriguez និងអភិបាលរដ្ឋ Miranda ជាតំណាងបក្សកាន់អំណាចរបស់លោក នីកូឡាស ម៉ាឌូរ៉ូ។ ចំណែកខាងភាគីរបស់លោក ហ័ន ហ្កៃដូ ដឹកនាំដោយសមាជិកសភា លោក Stalin Gonzalez និងទីប្រឹក្សារបស់លោកពីរនាក់ផ្សេងទៀត។
ប៉ុន្តែ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ក្នុងពេលដែលលោកថ្លែងសុន្ទរកថាលើកញ្ចក់ទូរទស្សន៍កាលពីម្សិលមិញ មិនបានលើកឡើងនោះទេថា មានការជួបគ្នារវាងមន្រ្តីជាន់ខ្ពស់របស់ខ្លួនជាមួយមន្រ្តីបក្សប្រឆាំង។ ទោះយ៉ាងណាក៏ដោយ លោកបានលើកឡើងថា រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក Jorge Rodriguez កំពុងតែបំពេញបេសកម្មដ៏សំខាន់មួយនៅក្រៅប្រទេស។
ការជួបគ្នារវាងបក្សកាន់អំណាច និងបក្សប្រឆាំងវេណេស៊ុយអេឡា នាពេលនេះ អាចធ្វើឡើងដើម្បីស្វែងរកយុទ្ធសាស្រ្តថ្មីបន្ទាប់ពីភាគីទាំងពីរបានបរាជ័យក្នុងការបញ្ចប់វិបត្តិនយោបាយដែលអូសបន្លាយជាច្រើនខែមកនេះ។
សារព័ត៌មានរ៉យទ័របានចុះផ្សាយដោយដកស្រង់សម្តីទីប្រឹក្សាសន្តិសុខជាតិអាមរិក លោក John Bolton ថាមន្រ្តីជាន់ខ្ពស់វេណេស៊ុយអេឡាបានយល់ស្របក្នុងការបង្កើតរដ្ឋាភិបាលអន្តរកាល ដែលមិនដាក់ឈ្មោះលោក នីកូឡាស ម៉ាឌូរ៉ូ ចូលនោះទេ។ ប៉ុន្តែ ផែនការនេះ ត្រូវបានបំផ្លាញចោល បន្ទាប់ពីមេដឹកនាំបក្សប្រឆាំង លោក ហ័ន ហ្កៃដូ អំពាវនាវឲ្យពួកយោធាក្រោកឈរងើបបះបោរប្រឆាំងលោក នីកូឡាស ម៉ាឌូរ៉ូ។
ស្ថានភាពនយោបាយនៅក្នុងប្រទេសវេណេស៊ុយអេឡា កាន់តែមានភាពតានតឹងបន្ទាប់ពីមេដឹកនាំបក្សប្រឆាំង លោក ហ័ន ហ្កៃដូ បានប្រកាសខ្លួនជាប្រធានាធិបតីវេណេស៊ុយអេឡាបណ្ដោះអាសន្នកាលពីចុងខែមករា។ សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួនជាង ៥០ បានប្រកាសទទួលស្គាល់លោក ហ័ន ហ្កៃដូ ជាបន្តបន្ទាប់។ ប៉ុន្តែ រុស្ស៊ី ចិន និងប្រទេសសង្គមនិយមមួយចំនួនទៀត នៅតែទទួលស្គាល់លោក នីកូឡាស ម៉ាឌូរ៉ូ ជាប្រធានាធិបតីវេណេស៊ុយអេឡាដដែល៕