តុលាការហុងកុងបន្ថយទោសសកម្មជនទាមទារប្រជាធិបតេយ្យ

មន្ត្រីប៉ូលីសបានចាប់ខ្លួនលោក Joshua Wong បន្ទាប់ពីគាត់បានឡើងទៅលើរូបចម្លាក់ Golden Bauhinia ក្នុងអំឡុងពេលធ្វើបាតុកម្មមួយនៅទីលាន Golden Bauhinia នៅហុងកុង។ រូបភាព៖ EPA-EFE

សាលាឧទ្ធរណ៍របស់ទីក្រុងហុងកុងបានសម្រេចបន្ថយទោសជាប់ពន្ធនាគារដល់យុវជនដឹកនាំចលនាប្រជាធិបតេយ្យ Joshua Wong ពីជាប់ពន្ធនាគារ ៣ខែមកត្រឹម ២ខែវិញ ហើយនឹងត្រូវដោះលែងក្នុងរយៈពេល ៥ថ្ងៃទៀត។​

នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ សាលាឧទ្ធរណ៍ហុងកុងបានបើកសវនាការលើករណីរបស់យុវជន Joshua Wong ជាមេដឹកនាំបាតុកម្មឆ័ត្រទាមទារប្រជាធិបតេយ្យកាលពីឆ្នាំ២០១៤។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។​

Joshua Wong អាយុ ២២ឆ្នាំ ត្រូវតុលាការសម្រេចឱ្យជាប់ពន្ធនាគា រ៣ខែ ដោយចោទថា បំពានបំរាមតុលាការចំពោះការហាមឃាត់យុវជននេះមិនឱ្យចូលតំបន់មួយចំនួនដែលច្បាប់របស់ចិនទើបអនុម័តរយៈពេលបីខែកន្លងមកនេះ។​

យុវជនរូបនេះ ចេញមុខតវ៉ាជាមួយយុវជនផ្សេងទៀត ដើម្បីប្រឆាំងរដ្ឋអំណាចទីក្រុងប៉េកាំងដែលចង់គ្រប់គ្រងដែនដីមួយនេះតាមបែបកុម្មុយនីស្តទាំងស្រុង។

មូលហេតុសំខាន់មួយនៃការផ្ទុះការតវ៉ា គឺយុវជទាំងនេះចង់បោះឆ្នោតជ្រើសរើសមេដឹកនាំដោយផ្ទាល់ ប៉ុន្តែ រដ្ឋអំណាចកណ្តាលរបស់ចិនជាអ្នកជ្រើសតាំងមេដឹកនាំជំនួស។​​

ពេលចូលក្នុងសវនាការកាលពីម្សិលមិញ យុវជន Joshua Wong ថ្លែងថា គេអាចឃុំឃាំងរូបកាយគាត់បាន ប៉ុន្តែ មិនអាចឃុំឃាំងទឹកចិត្តរបស់ពួកគាត់បានទេ។​

ហេតុផលមួយដែលចៅក្រមសម្រេចបន្ថយទោសនេះ ដោយសារតែពិចារណាថា យុវជនរូបនេះ មានវ័យនៅក្មេងពេក។​

នៅហុងកុងនឹងមានចលនាតវ៉ានៅពេលថ្មីៗនេះទៀតមិនខាន ព្រោះក្រុមយុវជនទាំងនេះកំពុងតែប្រមូលគ្នាធ្វើបាតុកម្មប្រឆាំងទាមទារឱ្យរដ្ឋអំណាចទីក្រុងហុងកុងលុបចោលច្បាប់ធ្វើបត្យាប័ន ឬ ការបញ្ជូនអ្នកទោសចេញពីហុងកុងទៅឱ្យប្រទេសផ្សេង។ ពួកគេទាមទារមិនឱ្យមានការបញ្ជូនអ្នកទោសចេញពីហុងកុងទៅឱ្យប្រទេសផ្សេងទេរួមទាំងចិនផងដែរ។​

អង់គ្លេសបានប្រគល់ដែនដីហុងកុងជាដែនដីអាណានិគមរបស់ខ្លួនេះទៅឱ្យចិនគ្រប់គ្រងវិញ កាលពីឆ្នាំ១៩៩៧ ប៉ុន្តែ ដាក់លក្ខខណ្ឌឱ្យចិនគោរពក្នុងរយៈពេល៥០ឆ្នាំ ធានាថា ដែនដីនេះ គ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋ។ ប៉ុន្តែ មានការចោទប្រកាន់ថា ចិនកំពុងតែរឹតត្បិតសេរីភាពប្រជាជននៅហុងកុងដូចការគ្រប់គ្រងតាមបែបកុម្មុយនីស្តទាំងស្រុង។​

ស្របពេលដែលដែនដីហុងកុងកំពុងតែដើរតួនាទីយ៉ាងសំខាន់ជាតំបន់ពាណិជ្ជកម្មដោះដូរទំនិញរបស់ពិភពលោក រដ្ឋអំណាចចិនកាន់តែរឹតត្បិតបន្តិចម្តងៗ ពិសេសនៅក្នុងអំណាចដឹកនាំដោយលោក ស៊ី ជីនពីង។​

តាមកិច្ចព្រមព្រៀង ៥០ឆ្នាំរវាងចិន និងអង់គ្លេស ដែលហៅថាប្រទេសមួយប្រព័ន្ធដឹកនាំពីរ គឺដឹកនាំហុងកុងតាមបែបប្រជាធិបតេយ្យរួមទាំងផ្តល់សិទ្ធិសេរីភាពពេញលេញនោះ នឹងចប់ត្រឹមឆ្នាំ២០៤៧។ ពេលនោះមានសំនួរជាច្រើនចោទឡើងថា តើពលរដ្ឋហុងកុងដែលធ្លាប់រស់នៅក្នុងភាពស៊ីវីល័យ រួមទាំងសេរីភាពពេញលេញអាចរស់នៅក្រោមអំណាចចិនដែរឬទេ? ហើយបើពលរដ្ឋហុងកុងងើបតវ៉ា តើអាចនឹងមានសង្គ្រាមស៊ីវិលកើតឡើងនៅចិនទៀត ឬយ៉ាងណា?​​

ទាក់ទងការឃុំខ្លួនយុវជន Joshua Wong  អ្នកជំនួញ អ្នកច្បាប់ និងក្រុមរដ្ឋាភិបាលនៅប្រទេសលោកខាងលិចបារម្ភខ្លាចមានការបញ្ជូនយុវជនរូបនេះទៅតុលាការរដ្ឋអំណាចទីក្រុងប៉េកាំង។​

ទោះយ៉ាងណា ចាប់តាំងពីក្រុមយុវជនទាំងនេះចេញមុខតវ៉ាទាមទារប្រជាធិបតេយ្យមក ពួកគេជាប់ពន្ធនាគារជាបន្តបន្ទាប់ ហើយកម្រិតទោសមិនសូវជាយូរប៉ុន្មានទេ ហាក់បញ្ជាក់ថា តុលាការនៅហុងកុងមិនរងឥទ្ធិពលពីរដ្ឋអំណាចទីក្រុងប៉េកាំងនោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ