ថៃរឹតបន្តឹងពលរដ្ឋទៅធ្វើការងារនៅក្រៅប្រទេស

ក្រសួងការងារថៃត្រួតពិនិត្យពលករនៅក្នុងខេត្តប៉ាតានី កាលពីឆ្នាំមុន ដែលពួកគេមានបំណងទៅធ្វើការងារនៅប្រទេសកូរ៉េខាងត្បូង(រូបពីបាងកកប៉ុស្តិ៍)

ក្រសួងការងាររបស់ថៃចាប់ផ្តើមរឹតបន្តឹងលើប្រជាពលរដ្ឋដែលមានបំណងទៅធ្វើការងារនៅក្រៅប្រទេសពិសេសកូរ៉េខាងត្បូង ដោយសារមានអ្នកបន្លំខ្លួនទៅធ្វើការងារទីនោះខុសច្បាប់កើនឡើងហើយអាចប្រឈមវិធានការផ្សេងៗរបស់ម្ចាស់ប្រទេស។​

តាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍កាលពីម្សិលមិញឱ្យដឹងថា ក្រសួងការងារបានណែនាំដល់មន្ត្រីនៅតាមច្រកព្រំដែន និងនៅតាមព្រលានយន្តហោះត្រូវបង្កើនការត្រួតពិនិត្យលើឯកសារផ្សេងៗរបស់ពលរដ្ឋថៃដែលធ្វើដំណើរទៅប្រទេសកូរ៉េខាងត្បូង។​

របាយការណ៍ក្រសួងការងារថៃបង្ហាញថា ពលរដ្ឋថៃប្រមាណ១៤០ ០០០នាក់ កំពុងតែធ្វើការងារខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង។

បច្ចុប្បន្នពលរដ្ឋថៃប្រមាណ១០០ទៅ១៥០នាក់ក្នុង១ថ្ងៃ ធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងត្បូង ហើយត្រូវអាជ្ញាធរកូរ៉េខាងត្បូងបញ្ជូនត្រលប់មកវិញដោយរកឃើញពួកគេមានបំណងទៅធ្វើការងារដោយខុសច្បាប់នៅទីនោះ។ ពលរដ្ឋថៃទាំងនោះបំពេញក្នុងសំណុំឯកសារថា ទៅទទួលការបណ្តុះបណ្តាលវគ្គខ្លីៗ ប៉ុន្តែសមត្ថកិច្ចកូរ៉េខាងត្បូងរកឃើញថា ភាគច្រើននោះជាមូលហេតុក្លែងក្លាយ។​

ពលរដ្ឋថៃដែលស្វែងរកការងារធ្វើនៅប្រទេសកូរ៉េខាងត្បូងដោយសារតែពួកគេចង់បង្កើនប្រាក់ចំណូលគឺនៅទីនោះពួកគេអាចរកបានជាមធ្យមប្រមាណ២០០០ដុល្លារអាមេរិកក្នុង១ខែ។​

ប៉ុន្តែក្រសួងការងារថៃរកឃើញថា ពលរដ្ឋធ្វើការងារខុសច្បាប់ទាំងនេះ ប្រឈមបញ្ហាផ្សេងៗច្រើនដូចជា ការចំណាយក្រៅផ្លូវការច្រើនលើអ្នករត់ការ និងប្រឈមវិធានការផ្លូវច្បាប់របស់កូរ៉េខាងត្បូងជាដើម។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ