ប្រធានាធិបតីអាមេរិក លើកឡើងថា ការដំឡើងពន្ធបានបណ្ដាលឲ្យក្រុមហ៊ុនមួយចំនួនប្តូរទីតាំងផលិតកម្មរបស់ពួកគេពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម និងប្រទេសផ្សេងៗទៀតនៅអាស៊ី។
មេដឹកនាំអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងបែបនេះនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Fox News ដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យចុងសបា្តហ៍មុន។ ទោះយ៉ាងណាក៏ដោយ ក្នុងបទសម្ភាស៍នោះ ប្រធានាធិបតីអាមេរិករូបនេះមិនបានបញ្ជាក់នោះទេថា តើហេតុអ្វីបានជាក្រុមហ៊ុនទាំងនោះជ្រើសរើសយកប្រទេសវៀតណាមជាគោលដៅ។
ក្នុងបទសម្ភាសន៍នោះ លោក ដូណាល់ ត្រាំ បានលើកឡើងផងដែរថា លោកសប្បាយចិត្តក្នុងការដំឡើងពន្ធលើទំនិញនាំចូលពីប្រទេសចិន ព្រោះថា វាអាចជួយឲ្យអាមេរិករកចំណូលពន្ធបានរហូតដល់ ១០០ពាន់លានដុល្លារ ឬច្រើនជាងនេះ។ ប្រធានាធិបតីអាមេរិករូបនេះ ក៏បានបញ្ជាក់ទៅភាគីចិនដែរថា ដំណោះស្រាយជម្លោះពាណិជ្ជកម្មរវាងអាមេរិក និងចិន នឹងមិនអាចធ្វើទៅបាននោះទេ ក្រោមរូបភាព៥០-៥០។ លោកថា កិច្ចព្រមព្រៀងណាមួយកើតឡើងត្រូវតែឲ្យអាមេរិកចំណេញជាង ដោយសារតែចិនខ្សែលើអាមេរិកយូរហើយ។
ទោះយ៉ាងណាក៏ដោយ មេដឹកនាំក្រុងប៉េកាំងបានបដិសេធរាល់ការអះអាងរបស់លោក ដូណាល់ ត្រាំ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក លូ ខាង បានថ្លែងក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃកាលពីម្សិលមិញថា អ្វីដែលលោក ដូណាល់ ត្រាំ បានលើកឡើង ជាចេតនានយោបាយដែលមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតជាក់ស្តែងនោះទេ។ លោក បន្ថែមថា ឥរិយាបថរបស់អាមេរិកជួនកាលបានបង្កជាការរំខានដល់ទីផ្សារសកលទៀតផង។
លោក លូ ខាង បានបញ្ជាក់ថា ទោះបីជាមានការគំរាមកំហែងក្នុងការដំឡើងពន្ធពីភាគីអាមេរិកយ៉ាងណាក្តី ចិននៅតែជាគោលដៅដ៏ពេញនិយមសម្រាប់អ្នកវិនិយោគបរទេស។ លោក បានលើកជាឧទាហរណ៍ថា ក្រុមហ៊ុនធំៗលំដាប់អន្តរជាតិជាច្រើនដូចជា ExxonMobil, Tesla, BASF និង BMW ជាដើម កំពុងតែពង្រីកខ្លួននៅក្នុងប្រទេសចិន ដោយថា តែពួកគេជឿជាក់ទៅលើស្ថិរភាពនៃសេដ្ឋចិនប្រទេសរបស់លោក។
លោក បន្ថែមថា ចិនស្វាគមន៍ជានិច្ចចំពោះវិនិយោគិនបរទេសទាំងឡាយ ដោយធានាបង្កើតនូវបរិយាកាសទីផ្សារមួយដែលមានស្ថិរភាព យុត្តិធម៌ និងតម្លាភាព។
កាលពីថ្ងៃទី១០ ខែឧសភា ខណៈដែលក្រុមអ្នកចរចានៃប្រទេសទាំងពីរកំពុងពិភាក្សាស្វែងរកដំណោះស្រាយ លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធទំនិញនាំចូលពីចិនរហូតដល់២៥ភាគរយ។ តាំងពីពេលនោះមក ទាំងចិន និងអាមេរិក មិនទាន់កំណត់ពេលវេលាជាក់លាក់ណាមួយដើម្បីជួបជជែកពិភាក្សាគ្នាលើការដំឡើងពន្ធបន្ថែមទៀតលើទំនិញចិនពីសំណាក់ភាគីអាមេរិកនោះនៅឡើយទេ៕