រដ្ឋាភិបាលវៀតណាមដាក់ចេញគម្រោងជាង១០០ ដើម្បីសន្សំថាមពលអគ្គិសនីសម្រាប់អ្នកវិនិយោគប្រើប្រាស់ឱ្យមានប្រសិទ្ធិភាពក្នុងវិស័យឧស្សាហកម្ម ដែលគាំទ្រថវិកាដោយរដ្ឋាភិបាលកូរ៉េខាងត្បូង។
ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម បានជ្រើសរើសក្រុមហ៊ុនចំនួន១០ ឱ្យវាយតម្លៃលើគម្រោងចំនួន ២៤០០គម្រោង នៅទីតាំងផ្សេងៗគ្នា រួមមាន ឧស្សាហកម្មផលិតក្រដាស ចំនីសត្វ ដែកថែប ស៊ីម៉ងត៍ គីមី ការជីកយកប្រេង និងរោងចក្រវាយនភណ្ឌ ជាដើម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានវៀតណាម។
បន្ទាប់ពីការសិក្សាវាយតម្លៃ កាលពីថ្ងៃទី២៤ ខែឧសភា ហើយរដ្ឋាភិបាលសម្រេចជ្រើសរើសយកគម្រោងចំនួន ១០៨ ដែលអាចជួយកាត់បន្ថយថ្លៃចំណាយលើអគ្គិសនីបាន ៧៨ ០០០ដុល្លារអាមេរិក និងអាចកាត់បន្ថយឧស្ម័នកាបូនិច ចំនួន ៦០០ ០០០តោនក្នុង១ឆ្នាំ។
គម្រោងនេះត្រូវការចំណាយជិត ២០០ ០០០ដុល្លារអាមេរិក ហើយត្រូវសងត្រលប់ទៅកូរ៉េខាងត្បូងវិញរយៈពេល ២ឆ្នាំ ៦ខែ។
គម្រោងអាចជួយជំរុញឱ្យការប្រើប្រាស់ថាមពលកាន់តែមានប្រសិទ្ធភាព និងជំរុញវិស័យឧស្សាហកម្មឱ្យមានភាពរីកចម្រើន។