វិភាគ​៖ តើ​ក្រុមប្រឹក្សា​​ឯក​បក្ស ​រារាំង​ការជំរុញ​អភិបាលកិច្ច​ល្អរបស់​​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិដែរ​ឬ​ទេ​?

ពលរដ្ឋមានជម្លោះដីធ្លីនៅឃុំបឹងខ្យាង ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មកតវ៉ានៅមុខសាលាឃុំបឹងខ្យាង នៅកំឡុងដើមខែធ្នូ ឆ្នាំ២០១៦។ រូបភាព​ផ្ដល់ឲ្យ

ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​-ខេត្ត​ ក្រុង​-ស្រុក​-ខណ្ឌ​ បាន​ផ្តល់​អំណាច​ដល់​ក្រុមប្រឹក្សា​ ដើម្បី​ឱ្យ​ពួកគេ​ជំរុញ​យន្តការ​ធ្វើ​កំណែទម្រង់​អភិបាលកិច្ច​ល្អ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ ធានា​ដល់​ការ​អភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​។

ច្បាប់​នេះ​ចែងថា​ ​ក្រុមប្រឹក្សា​ត្រូវ​ធ្វើ​យុទ្ធសាស្ត្រ​អនុវត្ត​ផែនការ​អភិវឌ្ឍ ​ដើម្បី​ធានា​ឱ្យ​មាន​តម្លាភាព​ និង​គណនេយ្យ​ភាព ​ចំពោះ​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

ក្រុមប្រឹក្សា​ត្រូវ​ចាត់ចែង​កិច្ចការ​ហិរញ្ញវត្ថុ​ឱ្យ​មាន​តម្លាភាព ​និង​មាន​គណនេយ្យ​ភាព​ចំពោះ​ប្រជាពលរដ្ឋ​ តាមដាន​ការ​ដេញថ្លៃ​គម្រោង ​ពិនិត្យ​លើ​ការចាយវាយ​ថវិកា​របស់​គណៈ​អភិបាល​ និង​ទប់​ស្កា​ត់ការ​ទារ​ថ្លៃ​សេវា​លើស​ច្បាប់កំណត់​ ជាដើម​។

មិន​តែប៉ុណ្ណោះ​ ច្បាប់​នេះ​បាន​ផ្តល់​អំណាច​ដល់​ក្រុមប្រឹក្សា​ អាច​ចេញដីកា​រារាំង​ដល់​សកម្មភាព​ណាមួយ​ក៏បាន​ បើ​ខ្លួន​យល់ថា​ សកម្មភាព​ទាំងនោះ​បង្ក​ផល​ប៉ះពាល់​ដល់​ពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ពួកគេ​ ។

មាត្រា ៦១ចែងថា​៖ «ក្រុមប្រឹក្សា​ត្រូវ​អនុវត្ត​ និង​ពង្រឹង​ការអនុវត្ត​ដីកា​ទាំងអស់​របស់​ខ្លួន​។ ក្នុងករណី​ចាំបាច់​ ក្រុមប្រឹក្សា​ត្រូវ​ពង្រឹង​ការអនុវត្ត​ដីកា​របស់​ខ្លួន​តាមរយៈ​ ឬដោយមាន​កិច្ចសហការ​ជាមួយ​មន្ត្រី​នគរបាល​យុត្តិធម៌​។ មន្ត្រី​យុត្តិធម៌​ត្រូវ​ជួយ​ក្រុមប្រឹក្សា ​ដើម្បី​ពង្រឹង​ការអនុវត្ត​ដីកា​របស់​ក្រុមប្រឹក្សា​ នៅពេល​ដែល​មានការ​ស្នើសុំ​ជា​លាយលក្ខណ៍​អក្សរ​ពី​ក្រុមប្រឹក្សា​»។

ប៉ុន្តែ ​បើ​គេ​និយាយ​ពី​ប្រជាធិបតេយ្យ​ គេ​ត្រូវ​នឹក​ដល់​ការប្រកួត​អំណាច​តាមរយៈ​ការបោះឆ្នោត​ដោយសេរី​ ត្រឹមត្រូវ​ និង​យុត្តិធម៌​ ហើយ​ក្បាលម៉ាស៊ីន​ដឹកនាំ​ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ត្រូវ​មាន​គណបក្ស​ចូលរួម​លើស​ពី​ពីរ​ ដើម្បី​ឱ្យ​ប្រព័ន្ធ​ដឹកនាំ​នេះ​មានការ​ប្រកួតប្រជែង​ប្រកបដោយ​ការទទួលខុសត្រូវ​ចំពោះមុខ​ម្ចាស់​ឆ្នោត​។

ប៉ុន្តែ​ បើ​យើង​ក្រឡេក​មើល​ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៣ ដែល​ធ្វើឡើង​នៅ​អាទិត្យ​ម្សិល​មិញ​វិញ​ អ្នកនាំពាក្យ​គណបក្ស​ប្រជា​ជន​ម្ពុ​ជា​ លោក​ សុក​ ឥសាន ​អះអាង​ថា​ ព័ត៌មាន​បឋម​ គណបក្ស​នេះ​ឈ្នះ​ការបោះឆ្នោត​លើ ២០៣មណ្ឌល​នៅ​ទូទាំង​ប្រទេស​ គិតជា​ភាគរយ​ ជាង ៩៩ភាគរយ​ ដូច​ចំនួន​អង្គ​បោះឆ្នោត​ដែល​ខ្លួន​មាន​ច្រើនជាង​គេ​។

បញ្ហា​នេះ​បង្កើត​ជា​សំណួរ​ថា​ បើ​ក្រុមប្រឹក្សា​​ រាជធានី​-ខេត្ត​ ក្រុង​-ស្រុក​-ខណ្ឌ​ មកពីបក្សតែមួយ​ វា​បាន​រារាំង​ដល់​ការជំរុញ​ការ​អភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​ឬទេ​?

នាយក​ប្រតិបត្តិ​សម្ព័ន្ធគណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ ពន្យល់​ថា​ តំណែង​ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​ ក្រុង​-ស្រុក​-ខណ្ឌ​ បាន​ពី​ការ​បោះ​ឆ្នោតគាំទ្រ​របស់​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ជាប់ឆ្នោត​ជា​អ្នក​បោះ​ឱ្យ​។

លោក ​សន​ ជ័យ​ ឱ្យ​ដឹង​ទៀត​ថា​ ក្រុមប្រឹក្សា​បាន​ដើរតួ​នាទី​សំខាន់​ជា​អ្នក​ឃ្លាំមើល​ការអនុវត្ត​របស់​គណៈ​អភិបាល​ ជំរុញ​តម្លាភាព​ និង​គណនេយ្យ​ភាព​សង្គម​ ធានា​ដល់​ការ​អភិវឌ្ឍ​បែប​ប្រជាធិបតេយ្យ​នៅ​មូលដ្ឋាន​។

ប៉ុន្តែ​ លោក​ សន​ ជ័យ​ វិភាគ​ថា​ បើ​ប្រព័ន្ធ​តាមដាន​នេះ​ កើត​ចេញពី​បក្ស​តែមួយ​ ​ការប្រកួត​ប្រជែង​ប្រកបដោយ​ការទទួលខុសត្រូវ​នឹង​ធ្លាក់ចុះ​ ព្រោះ​ប្រព័ន្ធ​នេះ​បាត់​តុល្យភាព​អំណាច​ ។

លោក​ថា​៖ «តួអង្គ​ប្រកួតប្រជែង​ដ៏​ធំ​ដែល​មាន​ក្រុមប្រឹក្សា​រាប់ពាន់​នាក់​របស់​អតីត​គណបក្ស​ប្រឆាំង​ដែល​ត្រូវ​បាន​គេ​រំលាយ​ចោល​នោះ ​វា​ជា​រូបភាព​មួយ​ដែល​ធ្វើ​ឱ្យ​រូបភាព​អំណាច​នៅ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​នៅក្នុង​ច្បាប់​ស្តី​ពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​-ខេត្ត ​ក្រុង​-ស្រុក​-ខណ្ឌ​នេះ​ ក៏ដូចជា ​ច្បាប់​ស្តី​ពី​ការ​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ​ ក៏អាច​មាន​ឥទ្ធិពល​ថយ​ចុះ​»។

ក្រោយ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​-សង្កាត់​ ឆ្នាំ២០១៧​ គណបក្សប្រជាជន​កម្ពុជា​ មាន​សំឡេងឆ្នោត​គាំទ្រ​ជាង​ ៣លាន ៥សែន​នាក់ ​(៣៥៤០០៥៦​) ស្មើ​ ៥០​.៧៦​ ភាគរយ​ គិតជា​អាសនៈ​មាន​ ៦៥០៣​។

គណបក្ស​សង្គ្រោះ​ជាតិ​ពេលនោះ​មាន​សំឡេងឆ្នោត​គាំទ្រ​ ៣០៥៦៨២៤​ ស្មើ​ ៤៣​.៨៣ ភាគរយ​ គិតជា​អាសនៈ​មាន ៥០០៧​។

ប៉ុន្តែ​ ក្រោយ​គណបក្ស​នេះ​ត្រូវ​បាន​រំលាយ​ គ.ជ.ប បាន​យក​អាសនៈ​ឃុំ​-សង្កាត់​របស់​អតីត​គណបក្ស​ប្រឆាំង​ទាំង​ជាង៥ពាន់​នេះ ​ទៅ​ចែក​ឱ្យ​គណបក្ស​ផ្សេងទៀត​ តែ​គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​ច្រើនជាង​គេ​ ដល់ទៅ​ ៤៥៤៨​ អាសនៈ ដែល​កត្តា​នេះ​ អង្គ​បោះឆ្នោត​គណបក្ស​កាន់អំណាច​ សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ក្រុមប្រឹក្សា​អាណត្តិ​ទី៣នេះ​ ឡើង​ដល់ទៅ​ជាង​មួយ​ម៉ឺន​ (១១០៥១​) ស្ទើរតែ​គ្រប​ដណ្តប់​លើ​អាសនៈ​ក្រុមប្រឹក្សា​នៅ​ទូ​ទាំង​ប្រទេស​ដែ​លមាន ១១៥៧២​។

មន្ត្រី​ផ្នែក​អង្កេត​នៅ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត​ ហៅ ​ខុ​មហ្វ្រែ​ល លោ​ក កន​ សា​វាង្ស មានប្រសាសន៍​ថា​ ក្រុមប្រឹក្សា​រាជធានី​-ខេត្ត​ ក្រុង​-ស្រុក​-ខណ្ឌ​ ប្រៀប​ដូច​សភា​ជាន់​ទាប​ដែរ​ ព្រោះ​ពួកគេ​ជា​អ្នក​ប្រមូល​បញ្ហា​ពលរដ្ឋ​ ហើយ​ជំរុញ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​តម្លាភាព​ ដូចជា​ ការចូលរួម​ប្រឹក្សា​យោបល់​ពី​ផែនការអភិវឌ្ឍ​នូវការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​មូលដ្ឋាន​ ជាដើម​។

ប៉ុន្តែ​ អ្នកឃ្លាំមើល​រូប​នេះ​ វិភាគ​ថា​ បើស​ភា​ជាន់​ទាប​នេះ​ជាស​ភា​ឯក​បក្ស​ ដូច​ថ្នាក់​ជាតិ​ដែរ​ ប្រសិទ្ធភាព​នៃ​ការជំរុញ​អភិបាលកិច្ច​ល្អ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​អាច​ធ្លាក់ចុះ​ ព្រោះ​យន្តការ​ឆ្លុះបញ្ចាំង​ និង​ការប្រកួត​ប្រជែង​ប្រកប​ដោយ​ការទទួលខុសត្រូវ​ចំពោះមុខ​ម្ចាស់​ឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ត្រូវ​បាន​បាត់បង់​។

លោក ​ថា​៖ «យើង​មើល​ឧទាហរណ៍​ជាក់ស្តែង ​ដូច​បច្ចុប្បន្ន​នេះ ​ពេល​ដែល​សភា​ថ្នាក់​ជាតិ​មានតែ​មួយ​គណបក្ស​ ឬហៅ​ថាស​ភា​ឯក​បក្ស​ហ្នឹង​។ ឥឡូវនេះ​មានការ​ជួបជុំ ​[អតីតមន្ត្រី​បក្ស​ប្រឆាំង​ជុំគ្នា​ហូប​នំបញ្ចុក​ តុលាការ​កោះហៅ​] មានការ​កោះហៅ​ អាហ្នឹង​ជា​តួនាទី​របស់​តំណាងរាស្ត្រ​ដែល​គាត់​មាន​តួនាទី​ចុះ​ជួប​ពលរដ្ឋ​មើល​ពី​បញ្ហា​ហ្នឹង​។ ប៉ុន្តែ​ យើង​អត់​ដែល​បានឃើញ​តំណាងរាស្ត្រ​ចុះ​សួរ​ទេ​ អាហ្នឹង​ដែល​យើង​មើលឃើញ​ថា ​ជា​ចំនុច​ដែល​អសកម្ម​»។

ជ្រុង​មួយទៀត​​នៃ​បញ្ហា​សង្គម​ក្រោយពី​តុលាការ​កំពូល​ បាន​រំលាយ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ កាលពី​ចុងឆ្នាំ២០១៧នេះ​ ជា​ការ​បើកឱកាស​ឱ្យ​គណបក្ស​កាន់អំណាច​បន្ត​គ្រប់គ្រង​ទាំងស្រុង​ទៅលើ​ស្ថាប័ន​រដ្ឋសភា​ ព្រឹទ្ធសភា ​រួម​ទាំង​ក្រុមប្រឹក្សា​រាជធានី-​ខេត្ត​ ស្រុក​-ខណ្ឌ​ ដូច​ពេលនេះ​។

រប​ត់​នយោបាយ​បែបនេះ​ បាន​នឹង​កំពុង​ជំរុញ​កម្ពុជា​ឱ្យ​ប្រឈម​ទៅ​នឹង​បញ្ហាផ្ទៃក្នុង​ផង​ និង​រង​ការ​គំរាមកំហែង​ពី​ទណ្ឌកម្ម​អន្តរជាតិ​ដែល​នាំមុខ​គេ​ដោយ​សហរដ្ឋ​អាមេរិក​ និង​សហភាព​អឺរ៉ុប​ផង​ដែរ​ ពី​ការ​គំរាម​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​។

អ្នកវិភាគ​នយោបាយ​ លោក​ បណ្ឌិត​ មាស​ នី​ យល់ថា​ ដំណើរ​កម្ពុជា​ពេលនេះ​កំពុង​វិល​ទៅ​រក​របប​ដឹកនាំ​ដូច​មុ​ខទសវត្សរ៍៩០​ ដែល​ពេលនោះ​ គណបក្សប្រជាជន​គ្រប់គ្រងចាប់តាំងពី​ប្រធាន​ក្រុម​រហូតដល់​ស្ថាប័នជាតិ​ទាំងអស់​។

ប៉ុន្តែ​ អ្នកវិភាគ​រូប​នេះ​ ព្រមាន​ថា​ ស្ថានភាព​បែបនេះ​វា​នឹង​ធ្វើ​ឱ្យ​គណបក្ស​កាន់អំណាច​ស្គាល់​រស់​ជាតិ​បរាជ័យ​វិញ​ បើ​ជ័យ​ជម្នះ​ផ្ទួន​ៗរបស់​ខ្លួន​ក្រោម​សំឡេង​រិះគន់​នេះ​ ភ្លេច​ធ្វើ​កំណែទម្រង់​ ត្រឡប់ទៅ​ការពារ​ប្រយោជន៍​ពលរដ្ឋ​ទូទៅ​វិញ​នោះ​។

លោក​ថា​៖ «បើ​មិន​ធ្វើ​កំណែទម្រង់​ទេ ​មិន​ធ្វើ​ឱ្យ​មាន​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​អី​ឡើងវិញ​ទេ​ ខ្ញុំ​គិតថា​ នៅពេល​ដែល​កម្ពុជា​មានការ​បោះឆ្នោត​ដោយសេរី​ និង​យុត្តិធម៌​ឡើងវិញ​មកដល់​ពេលណា​ ហានិភ័យ​របស់​គណបក្សប្រជាជន​កម្ពុជា​នៅតែ​កើតមាន​ពេល​ហ្នឹង​»។

អ្នកជំនាញ​គោលនយោបាយ​ និង​ជា​សាស្ត្រា​ចារ្យ​ផ្នែកការ​ទូត​ និង​កិច្ចការ​ពិភពលោក​នៃ​មហាវិទ្យាល័យ​ Occidental​ សហរដ្ឋ​អាមេរិក ​លោក​ អៀ​ សុផល​ មានប្រសាសន៍​ថា​ ការបោះឆ្នោត​ក្រុមប្រឹក្សា​លើក​នេះ​ មិន​ឆ្លុះបញ្ចាំង​គោលការណ៍​សេរី​ និ​ងយុ​ត្ដិ​ធម៌​នៅក្នុង​ដំណើរការ​បោះឆ្នោត​បែប​ប្រជា​ធិប​តេយ្យ​នោះ​ទេ​ ថា​វាជា​ប្រព័ន្ធ​ដឹកនាំ​ឯក​បក្ស​។

អ្ន​នជំនាញការ​ទូត​អន្តរជាតិ​រូប​នេះ​ យល់ថា​ ប្រព័ន្ធ​ដឹកនាំ​បែបនេះ​ធ្វើ​ឱ្យ​រដ្ឋា​ភិ​បា​លជិះសេះលែងដៃ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​យន្តការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ​ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ តាម​បែប​ប្រជាធិបតេយ្យ​។

អ្នកនាំពាក្យ​គណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានលើកឡើងក្នុងបណ្ដាញ​សង្គម​ថា​បក្សតិច ឬច្រេីន អាស្រ័យលេីការសម្រេចចិត្តរបស់ប្រជាជនប្រទេសនីមួយៗ​ ។ លោក ថាប្រទេសប្រជាធិបតេយ្យតាមបែបបក្សតែមួយ​ មានការភិវឌ្ឍរីកចម្រេីនដូចតែប្រទេសមានបក្សច្រេីនដែរ។ លោក បានលើកជាឧទាហរណ៍ថា ប្រទេសចិនមានប្រជាជន ១៥០០លាននាក់ ​មានបក្សតែមួយតាំងពីឆ្នាំ១៩៤៩មក​ បានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចលេីលោកដែលបណ្តាប្រទេសបក្សច្រេីននាំគ្នាភ័យខ្លាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ