ចិនដាក់គម្រោងបង្កើនការវិនិយោគនៅវៀតណាម ទាំងវិស័យកសិកម្ម និងបច្ចេកវិទ្យាកម្រិតខ្ពស់ ហើយសន្យាកសាងផ្លូវដែកចេញពីវៀតណាម ឆ្លងកាត់ចិន ភ្ជាប់ផ្ទាល់ទៅសហភាពអឺរ៉ុប ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។
ការលើកឡើងពីគម្រោងនេះធ្វើឡើងនៅក្នុងពេលដែលប្រធានសភាប្រជាជនចិន លោក លី ជាន់ហ្សូ ( Li Zhanshu) បំពេញទស្សនកិច្ចនៅវៀតណាមចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១២ ខែកក្កដា។ នេះបើតាមទីភ្នាក់ងារព័ត៌មានវៀតណាម។
ក្នុងឱកាសនោះ លោក លី បានជួបជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងទៀតរបស់វៀតណាម រួមមាន ក្រុមអ្នកវិនិយោគ និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល។ ប្រធានសភារូបនេះបញ្ជាក់ថា នឹងជំរុញឱ្យអ្នកវិនិយោគចិនបោះទុននៅវៀតណាមលើវិស័យកសិកម្ម និងប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ច្រើនឡើងថែមទៀត។
លោក លី ក៏បានបញ្ជាក់ជំហរដែរថា ចិនមានបំណងកសាងផ្លូវដែកភ្ជាប់ប្រទេសវៀតណាម ឆ្លងកាត់ចិន ហើយភ្ជាប់បន្តទៅតំបន់អឺរ៉ុប ដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញ។
របាយការណ៍រដ្ឋាភិបាលវៀតណាមបង្ហាញថា ចិនគឺជាដៃគូសេដ្ឋកិច្ចធំបំផុតទាំងវិស័យ ទេសចរណ៍ និងការវិនិយោគច្រើនឆ្នាំមកនេះ។
នៅក្នុងឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មរវាងចិន និងវៀតណាម កើនដល់១០៦,៣ប៊ីលានដុល្លារ។ ចំណែករបាយការណ៍៥ខែ ឆ្នាំ២០១៩នេះ ចិននៅតែនាំមុខគេនៅវៀតណាមទាំងទេសចរណ៍ និងការវិនិយោគ។
ចិនក៏ដាក់ចេញផែនការ៥ឆ្នាំទៀត ដើម្បីរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ព្រំដែននៃប្រទេសទាំងពីរធ្វើជាតំបន់សេដ្ឋកិច្ចពិសេស ឱ្យងាយស្រួលក្នុងការផលិត និងផ្សព្វផ្សាយទំនិញ។