រដ្ឋាភិបាល​ប៉េកាំង​​ អំពាវនាវឲ្យវៀតណាម​គោរព​អធិបតេយ្យភាព​ចិន​លើសមុទ្រចិនខាងត្បូង​

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី​ Le Thi Thu Hang និងអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang។ រូបភាព៖ វេបសាយបរទេស

រដ្ឋាភិបាល​ចិនកាលពីម្សិលមិញ​ បាន​ជំរុញជាថ្មី​​ទៅភាគីវៀតណាម​ឲ្យគោរព​អធិបតេយ្យភាព​របស់​ក្រុងប៉េកាំង​ទៅលើដែន​សមុទ្រ​ចិន​ខាងត្បូង។

ការ​អំពាវនាវរបស់​រដ្ឋាភិបាល​ចិន ធ្វើឡើងស្រប​ពេល​ដែល​នាវាទាហានជើងទឹក​ប្រទេស​មហាអំណាចមួយនេះ កំពុងប្រឈម​ដាក់គ្នា​ជាមួយ​នាវាទាហានជើងទឹកវៀតណាម​នៅសមុទ្រចិនខាង​ត្បូងក្នុងតំបន់​ដែល​សម្បូរដោយ​ធនធាន​ប្រេងកាត​។ ការប្រឈមមុខដាក់​គ្នា​នេះ បាន​អូសបន្លាយ​អស់​រយៈពេល​មួយសប្តាហ៍មកហើយ បើយោងតាមការចុះផ្សាយរបស់​ទីភ្នាក់​ងារសារព័ត៌មាន​រ៉យទ័រ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang បាន​ថ្លែងក្នុងសន្និសីទសារព័ត៌មាន​ប្រចាំថ្ងៃកាលពីម្សិលមិញ​ថា​​ ចិន​សង្ឃឹមថា ភាគីវៀតណាមត្រូវ​គោរពសិទិ្ធនៃអធិបតេយ្យភាព និងយុត្តាធិការរបស់ចិនលើដែនសមុទ្រចិន​ខាងត្បូង។ ចិន ក៏បានស្នើឲ្យវៀតណាម​កុំ​​ធ្វើសកម្មភាព​ណាមួយ​ដែលអាចបង្កឲ្យ​​កាន់​តែ​ស្មុគស្មាញថែម​ទៀត​។

កាលពីថ្ងៃទី​១២ ខែកក្កដា អ្នកនាំពាក្យ​ក្រសួងការបរទេសចិនរូបនេះ ក៏បាន​ឲ្យដឹង​ថា​ គោល​ជំហររបស់​ចិន​ទៅលើបញ្ហាដែនសមុទ្រចិន​ខាងត្បួង​គឺ​ច្បាស់លាស់ និង​មិនមាន​ការប្រែប្រួលនោះទេ។ លោក បានមានប្រសាសន៍ថា ​ចិន​ប្តេជ្ញា​យ៉ាងមុតមាំក្នុងការ​ការពារ​អធិបតេយ្យភាព និងសិទ្ធិរបស់​ខ្លួន​លើ​ដែន​សមុទ្រចិន​ខាងត្បូង​។ ប៉ុន្តែ លោក បាន​បញ្ជាក់ផងដែរ​​ថា​ ចិននៅតែរក្សាជំហរដោះស្រាយ​ជម្លោះ​ជាមួយ​ប្រទេស​ជិតខាង​ជុំវិញ​បញ្ហានេះតាម​រយៈការចរចា និង​ការពិភាក្សាគ្នា។

កាលពីថ្ងៃទី​១៦ ខែកក្កដា ភាគីវៀតណាម ក៏បានចេញ​សេចក្តីថ្លែងការណ៍មួយផងដែរទាក់​ទងនឹងស្ថានការណ៍នៅសមុទ្រចិន​ខាងត្បូង។ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី​ Le Thi Thu Hang បានអះអាងថា ​ភាគីវៀតណាម​បាន​លើកឡើងជាច្រើន​លើកច្រើនសារ​មកហើយ​ពី​សិទិ្ធនៃអធិបតេយ្យភាព និងយុត្តាធិការរបស់​ខ្លួន​លើ​ដែន​ទឹក​ក្នុង​សមុទ្រចិន​ខាងត្បូង ដោយ​យោងទៅតាម​អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ពាក់​ព័ន្ធនឹង​ច្បាប់​សមុទ្រ​អន្តរជាតិ។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមរូបនេះ បាន​លើកឡើងបន្តថា ការធ្វើសកម្មភាពណាមួយដោយភាគី​បរទេស​ក្នុង​ដែន​ទឹករបស់​វៀតណាម​ដោយគ្មាន​ការ​អនុញ្ញាត​ ជា​ការឈ្លាន​ពាន​អធិបតេយ្យភាព​វៀតណាម និង​ជាការរំលោភ​ច្បាប់​អន្តរជាតិ ក៏ដូចជា​ អនុសញ្ញាអង្គការសហប្រជាជាតិឆ្នាំ១៩៨២ ពាក់​ព័ន្ធនឹង​ច្បាប់​សមុទ្រ​អន្តរជាតិផងដែរ។ មិនខុសគ្នា​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំងនោះទេ រដ្ឋាភិបាល​ក្រុងហាណូយ​ ក៏ស្នើ​ឲ្យភាគីចិន​គោរព​នូវ​អធិបតេយ្យ​ភាព និងសិទ្ធិ​ស្របច្បាប់​របស់​វៀតណាម​ទៅ​លើ​ដែន​សមុទ្រចិន​ខាងត្បូង។

កាលពីចុងខែឧសភា ក្រុម​សមាជិក​ព្រឹទ្ធសភាអាមេរិក បាន​ស្នើជាថ្មី​នូវច្បាប់ដាក់​ទណ្ឌកម្ម​អ្នក​ដែល​ពាក់​ព័ន្ធ​ជាមួយប្រទេស​ចិន​ ក្នុងករណី​រំលោភអធិបតេយ្យ​តំបន់​​កំពុងមាន​ជម្លោះ​ក្នុងសមុទ្រចិនខាងត្បូង និងខាងកើត។ ព្រឹទ្ធសមាជិក​អាមេរិកដែល​ជម្រុញឲ្យមានច្បាប់​នេះ គឺលោក លោក ម៉ាកូ រូប៊ីអូ​ (Marco Rubio) បាន​លើកឡើងថា ច្បាប់នេះនឹងដាក់​ទណ្ឌកម្មប្រឆាំងបុគ្គល ឬក្រុមហ៊ុន​ណាដែល​ចូលរួម​ជាមួយរដ្ឋាភិបាលក្រុងប៉េកាំង​ក្នុងសកម្មភាព​ខុសច្បាប់នានា។ សកម្មភាព​ខុសច្បាប់​ទាំងនោះ​រួមមាន​ ការរំលោភ​យក​ដែនកោះ ការបង្កើតកោះសិប្បនិម្មិត និង​ការកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ចល័តក្នុង​តំបន់​ដែល​កំពុងមាន​ជម្លោះ ជាដើម។ ប្រសិន​បើ​ច្បាប់នេះ​ចូល​ជាធរមាន​ រដ្ឋាភិបាល​អាមេរិក​នឹងដកហូតទ្រព្យសម្បត្តិ​របស់​បុគ្គល​ ឬក្រុម​ហ៊ុន​ចិនទាំងនោះ ឬបដិសេធការចេញ​ទិដ្ឋាការឲ្យពួកគេចូល​ទឹក​ដី​អាមេរិក​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ