អាជ្ញាធរជាតិអប្សរា បិទផ្លូវថ្មី​នៅ​លើខ្នងភ្នំគូលែនបណ្តោះអាសន្នបន្ទាប់ពីមានគ្រោះថ្នាក់បន្តបន្ទាប់​

មន្ត្រីអាជ្ញាធរជាតិអប្សរា ចុះត្រួតពិនិត្យផ្លូវខ្នងភ្នំគូលេន ខេត្តសៀមរាប។ រូបភាព៖ ហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា Apsara Authority

អាជ្ញាធរជាតិអប្បរា បានបិទចរាចរណ៍លើផ្លូវថ្មី​នៅ​លើខ្នងភ្នំគូលែនបណ្តោះអាសន្ន ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុលើប្រជាពលរដ្ឋ។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា តាមការចុះពិនិត្យជាក់ស្តែងលើកំណាត់ផ្លូវខ្នងភ្នំគូលែនដែលកំពុងស្ថាបនានោះ គឺមើលឃើញផ្នែកមួយចំនួននៃផ្លូវនេះ មិនទាន់មានសុវត្ថិភាពក្នុងការធ្វើចរាចរណ៍នៅឡើយទេ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ទីតាំងមួយចំនួនមានគ្រាប់ក្រួសដែលអាចបណ្តាលឲ្យរថយន្តងាយរអិល ហើយចំណុចបត់កោងមួយចំនួនទៀតមានសភាពតូចចង្អៀតដោយមិនទាន់បានធ្វើជម្រាលសុវត្ថិភាពនៅឡើយ។

អាជ្ញាធរជាតិអប្បរាឲ្យដឹងថា ដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋគឺអាជ្ញាធរពាក់ព័ន្ធបានសម្រេចបិទផ្លូវនោះបណ្តោះអាសន្ន ចាប់ពីចំណុចផ្លូវឡើងពីស្រុកស្វាយលើរហូតដល់ភូមិតាពេញ ដោយអនុវត្តពីថ្ងៃទី២៤ ខែកក្កដា ហើយថានឹងបើកឲ្យដំណើរការវិញនៅពេលដែលផ្លូវមួយខ្សែនេះស្ថាបនារួចរាល់ជាស្ថាពរ។ ប៉ុន្តែ ពលរដ្ឋមានទីលំនៅលើខ្នងភ្នំគូលែនដែល​មាន​លិខិតឆ្លងកាត់​ផ្លូវបញ្ជាក់ពីអាជ្ញាធរមូលដ្ឋាន អាចធ្វើដំណើរបាន​ធម្មតា។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល បញ្ជាក់បន្ថែមលើសេចក្តីប្រកាសព័ត៌មានថា ការបិទផ្លូវចូលទៅភ្នំគូលែនដែលកំពុងស្ថាបនាថ្មីនេះ មិនប៉ះពាល់ដល់ចំណូល និងចំនួនភ្ញៀវដែលចង់ទៅទស្សនាភ្នំគូលែននោះទេ។  លោកថា មានផ្លូវមួយខ្សែទៀតចូលពីស្រុកបន្ទាយស្រីដែលពលរដ្ឋ និងភ្ញៀវទេសចរអាចធ្វើដំណើរចូលទៅភ្នំគូលែនបានយ៉ាងងាយស្រួល។

លោក បន្ថែមថា៖ «ខ្ញុំចង់បញ្ជាក់ថា ផ្លូវនេះ [ផ្លូវកំពុងបិទ] គឺជាផ្លូវមួយផ្សេងទៀតទេ មិនមែនជាផ្លូវដែលភ្ញៀវទេសចរ ឬក៏ប្រជាពលរដ្ឋយើងទូទៅធ្វើដំណើរទេ។ ផ្លូវនេះជាផ្លូវចេញពីស្រុកស្វាយលើទេ បច្ចុប្បន្នដែលកំពុងធ្វើដំណើរឡើងភ្នំគូលែននេះគឺផ្លូវទៅតាមស្រុកបន្ទាយស្រីទេ»។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរារូបនេះបញ្ជាក់ថា ផ្លូវឡើងភ្នំគូលែនមួយខ្សែដែលចេញពីស្រុកស្វាយលើ និងកំពុងស្ថាបនានោះ អាចនឹងសាងសង់រួចនៅឆ្នាំ២០២០ខាងមុននេះ។

នៅក្នុងកក្កដានេះ រថយន្តដឹកជញ្ជូនភ្ញៀវទេសមួយចំនួនដែលបើកបរលើកំណាត់ផ្លូវខ្នងភ្នំគូលែននេះ បានជួបគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់ដោយបណ្តាលឲ្យមនុស្សជាច្រើនបានរងរបួសធ្ងន់ និងស្រាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ