វិភាគ​៖ តើ​រដ្ឋាភិបាល​អាច​លុបបំបាត់​បញ្ហា​គ្រឿងញៀន​ត្រឹម​ឆ្នាំនេះ​ដូច​ការ​រំពឹង​ទុក​ឬទេ​?

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស ខេង​

រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ លោក​ ស​ ខេង​ ក្នុង​ពីធី​ដុត​បំផ្លាញ​សារ​ធាតុ​ញៀន​ជាង ២តោន​ កាលពី​ថ្ងៃទី២៦ ខែមិថុនា​ បាន​ក្រើន​រំឭក​មន្ត្រី​កុំ​ឱ្យជាប់ពាក់ព័ន្ធ​ជាមួយ​បណ្តាញ​ជួញដូរ​គ្រឿងញៀន​ ដើម្បី​សហការ​រួមគ្នា​ស្វែងរក​ចាប់​មេខ្លោង​មក​ផ្តន្ទា​ទោស​ ឈាន​ទៅ​លុបបំបាត់​ការ​ចរាចរ​គ្រឿងញៀន​តាម​ក្លឹប​កម្សាន្ត​នៅ​ត្រឹម​បំណាច់​ឆ្នាំ២០១៩នេះ​។

លោក​ ស ខេង​ ថ្លែង​នៅពេល​នោះ​ថា​ វិធានការ​នេះ​ ជាផ្នែក​មួយ​នៃ​ «ការទទួលខុសត្រូវ​​របស់​រដ្ឋាភិបាល​ចំពោះមុខ​ប្រវត្តិសាស្ត្រ ធានា​ដល់​សុខមាលភាព​សង្គម​»។

ការប្រកាស​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​នេះ​ ទំនងជា​មិនមែន​ជា​រឿង​ចៃ​ដន្យ​ទេ​ បើ​ពិនិត្យមើល​លិខិត​ចុះ​ថ្ងៃទី១៩ ខែមិនា​ ឆ្នាំ២០១៩​ របស់​រដ្ឋាភិបាល​។

លិខិត​នោះ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ចាត់តាំង​លោក​ ស ខេង​ ជា​ប្រធាន​គណៈ​បញ្ជាការ​ដឹកនាំ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី៤ រយៈពេល ១ឆ្នាំ​ (ចាប់​គិត​ពី​ថ្ងៃទី១ ខែមករា​ ដល់​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩​) ​និង​​ប្រធាន​អជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ លោក​ កែ​ គឹ​មយា​ន ជា​អនុប្រធាន​។

តាម​លិខិត​ដដែល​នេះ​ រដ្ឋាភិបាល​បាន​ចេញ​វិធានការ ៥ចំនុច​ ជា​យុទ្ធនាការ​វះកាត់​ឈាន​ទៅ​សម្រេ​ចយុទ្ធ​សាស្ត្រ​របស់​ខ្លួន​ ដូ​ចជា ​ប្រើពាក្យ​ថា​ ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់​ សំដៅ​បង្រួម​ទីផ្សារ​ជួញដូរ​ និង​ការប្រើ​ប្រាស់​គ្រឿងញៀន​ខុសច្បាប់​ ស្វែងរក​ចាប់​មេខ្លោង​ជួញដូរ​គ្រឿងញៀន​មក​ផ្តន្ទា​ទោស​។

ប៉ុន្តែ​ ក្នុង​របាយ​កា​រណ៍ប្រ​ចាំ​ឆ្នាំ ក្រសួងមហាផ្ទៃ​ បាន​លើកឡើង​ថា​ កម្ពុជា​បច្ចុប្បន្ន​ ជា​ប្រទេស​រងគ្រោះ​ពី​ការ​ដឹកជញ្ជូន​ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​។

ក្រសួ​ងបញ្ជាក់​ថា​ ផល​លំបាក​ទាំងនេះ​ មាន​ប្រភព​មក​ពី​តំបន់ត្រីកោណ​មាស​ ពី​តំបន់​អា​ហ្វ្រិច អាមេរិកខាងត្បូង​ និង​អឺរ៉ុប​ ឆ្លងកាត់​តាម​របៀង​ព្រំដែន​គោក​ ទឹក​ និង​ភាគ​ឦសាន​ប្រទេស​ រួម​ទាំង​ភូមិសាស្ត្រ​ តំបន់​ព្រំដែន​ កត្តា​ជីវភាព​ពលរដ្ឋ​ គួបផ្សំ​នឹង​ការ​ភ្លើតភ្លើន​របស់​យុវជន​មួយចំនួន​។

ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ និង​ការ​រក​ឃើញ​របស់​ស្ថាប័ន​ជំនាញ​បង្កើត​ជា​ចម្ងល់​ថា​ តើ​រដ្ឋាភិបាល​អាច​លុបបំបាត់​បញ្ហា​នេះ​ ត្រឹម​ឆ្នាំ២០១៩ ដូច​ការ​គ្រោងទុក​បាន​ដែរ​ឬទេ​?

នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ លោក​ សន​ ជ័យ​ វិភាគ​ថា​ សារ​ព្រមាន​របស់​រដ្ឋាភិបាល​នេះ​ អាច​គ្រាន់តែ​ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់​ការភ័យខ្លាច​មួយ​រយៈ​ខ្លី​ តែ​អាច​ជំនួស​មកវិញ​នូវ​ការ​ខកចិត្ត​ បើ​អាជ្ញាធរ​ពាក់ព័ន្ធ​នៅតែ​គ្មាន​លទ្ធភាព​វែកមុខ​មន្ត្រី​ពុករលួយ​ និង​មន្ត្រី​កាង​បទល្មើស​បាន​។

លោក​ សន​ ជ័យ​ បាន​ដាក់ជា​សំណួរ​ថា​ ​បទល្មើស​ព្រៃឈើ​ដែល​ឧក្រិដ្ឋជន​មួយចំនួន​ដឹក​តាម​រថ​យន្ត​ធំៗ​លើ​ផ្លូវជាតិ​ សមត្ថកិច្ច​នៅតែ​មិន​អាច​ទប់ស្កាត់​បាន​ក្នុងរយៈពេល​ច្រើន​ឆ្នាំ​មកនេះ​ ចុះ​ទម្រាំ​គ្រឿងញៀន​ ដែល​បណ្តាញ​ឧក្រិដ្ឋជន​អាច​វេច​ខ្ចប់​តាម​ធម្យោ​បាយ​ផ្សេង​ៗបាន​ទៀត​នោះ​ វារឹ​តតែ​ពិ​បាក​ជឿ​ថា​ រដ្ឋាភិបាល​អាច​លុបបំបាត់​បាន​ត្រឹម​ឆ្នាំ២០១៩នេះ​ ដែល​នៅសល់​តែ ៥ខែ​ទៀត​ប៉ុណ្ណេាះ។

លោក​ថា​៖ «ក្លឹប​មួយចំនួន​ហ្នឹង​ ការចែកចាយ​ ការ​ជួញដូរ​ហ្នឹង​ មិនមែន​ទើបតែ​កើត​ពី​ម្សិល​ម៉្ងៃ ពី​ពី​រខែមុន​ទេ​ យើង​សង្ស័យ​ថា ​វា​បាន​កើតឡើង​យូរយារណាស់មកហើយ​។ ប៉ុន្តែ ​សួរ​ថា ​ប៉ូលី​សនៅ​មូលដ្ឋាន​ហ្នឹង​គាត់​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​បង្ក្រាប​ គាត់​មិន​ហ៊ាន​បង្ក្រាប​ ឬមួយ​គាត់​មិន​រាយការណ៍​អំពី​ព័ត៌មាន​ពី​ការប្រើ​ប្រាស់​គ្រឿងញៀន​ហ្នឹង​។ ចំនុច​នេះ​ហើយដែល​យើង​មានការ​សង្ស័យ​អំពី​ទំហំ​នៃ​ការ​ទទួល​បានផល​ប្រយោជន៍​ពី​ក្លឹ​បកម្សាន្តរកស៊ី​ខុសច្បាប់​ហ្នឹង​»។

បើ​តាម​លោក​ សន​ ជ័យ​ ការ​បង្ក្រាប​ក្លឹ​បកម្សាន្ត​​រ៉ក់​ និង​ក្លឹប​កម្សាន្ត​លុច​សារី​ នៅ​រាជធានី​ភ្នំពេញ​ និង​ឈាន​ទៅ​ចាប់​ឃុំខ្លួន​ម្ចាស់​ក្លឹប​ផង​នោះ​ ជា​ជ្រុង​មួយ​នៃ​ការទប់ស្កាត់​បញ្ហា​សង្គម​ ប៉ុន្តែ​ មិនទាន់​អាច​ប៉ះប៉ូវ​ទំហំ​ភ័យខ្លាច​របស់​ពលរដ្ឋ​បាន​នៅឡើយ​ទេ​ ព្រោះថា ​មេ​ខ្លោង​ធំៗ​មិនទាន់​ត្រូវ​បាន​វែកមុខ​យក​មក​ផ្តន្ទា​ទោស​នៅឡើយ​។

របាយការណ៍​ប្រចាំឆមាស​ ក្រសួងមហាផ្ទៃ​ រក​ឃើញថា​ គិត​ពី​ចុងឆ្នាំ២០១៨​ ដល់​ដើមឆ្នាំ២០១៩នេះ​ ស្ថានភាព​នៃ​ការ​ជួញដូរ​ និង​ប្រើប្រាស់​គ្រឿងញៀន​ បាន​រីកសាយ​ភាយ​នៅ​តាម​រង្គសាល​ ក្លឹប​កម្សាន្ត​ ខារ៉ាអូខេ​ និង​ក្លឹប​រាត្រី​ ឬបារ​បារាំង​ ជាដើម​។

បើ​តាម​របាយការណ៍​គិត​ត្រឹម​ខែកុម្ភៈ​ នៅ​រាជធានី​ភ្នំពេញ​ មាន​ទីតាំង​សេវា​កម្សាន្ត​ សណ្ឋាគារ​ ផ្ទះ​ សំណាក់​ និង​កន្លែង​កម្សាន្ត​ផ្សេង​ៗសរុប​ ១១៦៨កន្លែង​។

របាយការណ៍​ដដែល​ រក​ឃើញថា​ គិត​ត្រឹមរយៈ​ពេល ៥ខែ​ដើមឆ្នាំ​នេះ​ សមត្ថកិច្ច​បង្ក្រាប​​បទល្មើស​គ្រឿងញៀន​បាន​ជាង​បី​ពាន់​ករណី​ (៣ ៣៣៥​) ឃាត់ខ្លួន​មនុស្ស​បាន​ជាង​ ៧ពាន់​នាក់​ (៧,០៩៧​) សារធាតុ​ញៀន​គ្រប់​ប្រភេទ​សរុប​ជាង​បី​រយ​គីឡូក្រាម​។ របាយការណ៍​បញ្ជាក់​ថា​ ចំនួន​នេះ​កើនឡើង​បើ​ធៀប​ទៅ​នឹង​ឆ្នាំមុន​ក្នុងរយៈពេល​ដូចគ្នា​។

អ្នកនាំពាក្យ​សមា​គម​អាដ​ហុក​ លោក​ ស៊ឹង​ សែន​ករុណា​ មានប្រសាសន៍​ថា​ ការ​ចាប់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​សំណុំរឿង​គ្រឿងញៀន​ អាច​ចាត់ទុកថា​ ជា​ការ​ខំប្រឹង​ប្រែង​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ ប៉ុន្តែ​ លោក​ថា​ បើ​ការអនុវត្ត​ច្បាប់​មានអំពើ​ពុករលួយ​ មេខ្លោង​ជួញដូរ​គ្រឿងញៀន​នឹង​រួចខ្លួន​ រី​ឯអ្នករងគ្រោះ​ដែល​ផុងខ្លួន​ប្រើប្រាស់​សារ​ធាតុ​ញៀន​ ក្លាយជា​ជនជាប់ចោទ​ជំនួស​មេខ្លោង​គ្រឿងញៀន​ ពេលនោះ​វិធានការ​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ដើម្បី​ធានា​សុខមាលភាព​សង្គម​ដែល​រដ្ឋាភិបាល​ដាក់ចេញ​ អាច​មិន​ទទួល​បាន​ជោគជ័យ​។

លោក​ ស៊ឹង​ សែន​ករុណា​ វិភាគ​ថា​ ជាទូទៅ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ តែង​តែ​សម្ងំពង្រីក​មុខរបរ​ខុសច្បាប់​របស់​ពួកគេ​នៅ​ប្រទេស​ដែល​មានអំពើ​ពុករលួយ​ ឬប្រទេស​ដែល​មាន​ប្រព័ន្ធ​ច្បាប់​ទុន​ខ្សោយ​នៅឡើយ​។ លោក​ថា​ ការ​ចាប់បាន​តែ​ឈ្មួញតូចតាច​ ឧក្រិដ្ឋជន​រួចខ្លួន​ មិន​អាច​លុបបំបាត់​បញ្ហា​ក្នុង​សង្គម​បានទេ​។

លោក​ថា​៖ «ការ​ចាត់វិធានការ​នេះ​ គួរ​រក​អ្នក​ពាក់ព័ន្ធ​ ជាពិសេស​អ្នក​ដែល​មានអំណាច​នៅក្នុង​ជួរ​សមត្ថកិច្ច​មួយចំនួន​ហ្នឹង​ គួរតែ​ចាត់​វិធាន​ការ​ផង​ដែរ​ ព្រោះ​យើង​យើង​ថា​ ការ​ចាត់វិធានការ​ហាក់​ផ្តោត​ទៅលើ​តែ​អ្នក​ជួញដូរ​តូចតាច​ និង​អ្នកប្រើ​ប្រាស់​តែ​ប៉ុណ្ណឹង​ យើង​មិនទាន់​មានការ​ចាត់វិធានការ​ទៅ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ហ្នឹង​នៅឡើយ​ទេ​»

អគ្គស្នងការ​នគរបាល​ជាតិ​ លោក​ នេត​ សាវឿ​ន ក្នុង​កិច្ចប្រជុំ​មួយ​នៅ​ក្រសួងមហាផ្ទៃ​ កាលពី​ថ្ងៃទី២២ ខែក​ក្កដា​ បាន​ចេញ​បញ្ជា​ឱ្យមន្ត្រី​ស្វែងរក​ចាប់ខ្លួន​មេខ្លោង​ជួញដូរ​គ្រឿងញៀន​ ដោយ​អះអាង​ថា​ ពួក​ឧក្រិដ្ឋជន​បាន​យក​កម្ពុជា​ធ្វើជា​ទីតាំង​កែច្នៃ​គ្រឿងញៀន​ និង​ចែកចាយ​។

អ្នកវិភាគ​នយោបាយ​នៅ​ក្រៅប្រទេស​ លោក​ គឹម​ សុខ​ មានប្រសាសន៍​ថា​ ក្បាលម៉ាស៊ីន​ដឹកនាំ​បច្ចុប្បន្ន​ បាន​ប្រមូល​ផ្តុំ​អំណាច​ទៅលើ​ក្រុម​នាយក​រដ្ឋមន្ត្រី​។ លោក​វិភាគ​ថា​ ការវះកាត់​មន្ត្រី​ពុករលួយ​ ដើម្បី​លុបបំបាត់​គ្រឿងញៀន​ ទាល់តែ​មាន​ភ្លើង​ខៀវ​ពី​លោក​ ហ៊ុន​ សែន​ មិន​អាស្រ័យ​លើ​លោក​ ស ខេង​ ទេ​។

លោក​ថា​៖ «បើ​អំណាច​ស្ថិតនៅ​ក្នុង​ដៃ​ត្រកូល​ ហ៊ុន​ ដដែល ​គ្មាន​ព្រះ​ឥទ្ទ្រ​ណា​បង្ក្រាប​គ្រឿងញៀន​បានទេ​ កុំ​ឱ្យ​តែ​វារី​កកាន់តែ​ធំ​ទៅ​ វា​ល្អ​ពេក​ណាស់​ទៅ​ហើយ​»

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ធ្លាប់​បាន​ប្រកាស​ប្រើ​កណ្តាប់​ដៃ​ដែក​ស្វែងរក​មេខ្លោង​គ្រឿងញៀន​ ក្នុង​តម្លៃ​ណា​ក៏​ដោយ ​ដោយថា​ ត្រូវ​ផ្តើម​ចេញ​បញ្ហា​ដែល​បាន​រក​ឃើញ​សារធាតុ​ញៀន​ និង​អ្នក​ពាក់ព័ន្ធ​ពី​នៅ​ក្លឹ​មកម្សាន្ត​រ៉ក់ទៅ។

នៅ​ថ្ងៃនេះ​ដែរ​ ក្នុង​ពិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​មួយ​កន្លែងនៅ​សង្កាត់​ព្រែកតាសេក​ ខណ្ឌ​ជ្រោយ​ចង្វា លោក​ ហ៊ុន​ សែន​ ព្រមាន​ថា​ អង្គភាព​ប្រឆាំង​អំពើពុករលួយ​នឹង​បន្ត​អនុវត្ត​វិធានការ​វះកាត់​​មន្ត្រី​ពុករលួយ​ដែល​ធ្វើ​ឱ្យ​ខូច​មុខមាត់​រដ្ឋាភិបាល។

លោក​ថា​៖ «ប៉ុន្មាន​ថ្ងៃនេះ​ ខ្ញុំ​ធ្វើ​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​ ហើយ​ទាក់ទង​ទៅ​នឹង​អភិក្រម​ទី៥ វះកាត់​ដែរ​ និយាយ​ឱ្យ​ត្រង់​ៗ អត់មាន​តទៅទៀត​ទេ​។ ពីថ្ងៃនេះទៅ​ បញ្ជូន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់​ត្រង់​ៗហ្មង​ មិន​ចាំបាច់​មក​តាម​ខ្សែ​រី​ឡេ​ទេ។​ អាហ្នឹង​បោក​ឆៅ​ហ្មង។ អភិក្រម​ទី៥ ត្រូវ​បាន​អនុវត្ត​ អត់មាន​លើកលែង​ បើ​មិន​អ៊ីចឹង​ខូច​ ហ្អែង​បំផ្លាញ​ជាតិ​ បំផ្លាញ​រដ្ឋបាល​ ហ៊ុន​ សែន​»

ការិយាល័យ​អង្គការសហប្រជាជាតិ​ ស្ដីពី​គ្រឿង​ និង​​ឧក្រិដ្ឋ​កម្ម​ កាលពី​ថ្ងៃទី១៨ ខែកក្កដា​ បាន​ចេញ​របាយការណ៍​ ស្ដី​ពី​ឧក្រិដ្ឋ​កម្ម​ឆ្លងដែន​ក្នុង​តំន់​អាស៊ីអាគ្នេយ៍​ និង​បង្ហាញ​ពី​ការ​ព្រួយបារម្ភ​​សម្រាប់​កម្ពុជា​ ទាក់ទិន​បញ្ហា​លាង​លុយ​ និង​បញ្ហា​គ្រឿងញៀន​។

បើ​តាម​របាយការណ៍​ ១៩៤ទំព័រ​នោះ​ តំបន់​អាស៊ី​អាគ្នេយ៍​ កាស៊ី​ណូ​ចំនួន​ ២៣០​ មាន​អាជ្ញាប័ណ្ណ​ ១៥០​ មាន​ទីតាំងនៅ​ក្នុង​ប្រទេស​កម្ពុជា។ ចំនួន​នេះ​ បាន​កើនឡើង​គួរ​ឱ្យកត់សម្គាល់​ បន្ទាប់ពី​មានការ​បង្រ្កាប​លើ​ការ​លាងលុយកខ្វក់​នៅ​ទីក្រុង​ម៉ាកាវ​នៃ​ប្រទេស​ចិន​។

សម្រាប់​ប្រទេស​កម្ពុជា​ កើនឡើង​ ៧០០​% ក្នុង​ការ​រឹបអូស​ថ្នាំញៀន​ប្រភេទ​មេ​តាំ​ហ្វេ​តា​មីន​ ចន្លោះ​ ឆ្នាំ២០១៤​ និង​ ឆ្នាំ២០១៨​ ។

ស្ថាប័ន​អន្តរជាតិ​មួយ​នេះ​ព្រមាន​ថា​ ការ​បង្ក្រាប​ការ​លាងលុយកខ្វក់​ នៅ​ទីក្រុង​ម៉ាកាវ​ ក្នុង​ឆ្នាំ២០១៤​ ទំនងជា​បាន​នាំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​សកម្មភាព​ឧក្រិដ្ឋ​កម្ម​ទៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ជាពិសេស​ នៅក្នុង​តំបន់​ទន្លេមេគង្គ​ដែល​ខ្វះ​យន្តការ​ត្រួតពិនិត្យ​ និង​សមត្ថភាព​អនុវត្ត​ច្បាប់​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ