កាស៊ីណូស្របច្បាប់នៅកម្ពុជាកើនឡើងដល់១៦៣កន្លែង

កាស៊ីណូមួយកន្លែងក្នុងប្រទេសកម្ពុជា។ រូបភាព៖ វណ្ណ វិចារ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឱ្យដឹងថា ការផ្តល់អាជ្ញាបណ្ណឱ្យឈ្មួញបើកកាស៊ីណូស្របច្បាប់នៅកម្ពុជាកើនឡើងដល់ ១៦៣កន្លែង គិតត្រឹមខែមិថុនា ឆ្នាំ២០១៩។ កំណើនអាជ្ញាបណ្ណកាស៊ីណូនេះ ត្រូវបានអ្នកឃ្លាំមើលបញ្ហា​សេដ្ឋកិច្ច និងសង្គម​យល់ថា អាចនឹងបណ្ដាលឱ្យមានផលប៉ះពាល់ទាំងវិជ្ជមាន និងអវិជ្ជមានលើផ្នែកសេដ្ឋកិច្ច និងសង្គមកម្ពុជា។

របាយការណ៍ពីអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជានិយតករអាជីវកម្មកាស៊ីណូ ឱ្យដឹងថា សរុបចំនួនអាជ្ញាបណ្ណអាជីវកម្មកាស៊ីណូ ត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០១៩ មានចំនួន ១៦៣កន្លែង។ អាជ្ញាបណ្ណកាស៊ីណូដែលត្រូវបានផ្ដល់ក្នុងរយៈពេល៦ខែដើមឆ្នាំនេះមានចំនួន ១៣ នៅទូទាំងប្រទេស ដែលកើនឡើងជិត ១០% បើធៀបនឹងឆ្នាំ២០១៨។

គោលនយោបាយសេដ្ឋកិច្ចកម្ពុជាទាក់ទាញទេសចរចិននាំឱ្យមានកំណើនកាស៊ីណូ

ម្ចាស់កាស៊ីណូ និងមន្ត្រីរដ្ឋាភិបាល សុទ្ធតែបានអះអាងថា កាស៊ីណូមានប្រយោជន៍សម្រាប់សេដ្ឋកិច្ច រួមមាន បង្កើនចំណូលជាតិ និងបង្កើតការងារ ជាដើម។

កាស៊ីណូ
កាស៊ីណូណាហ្គាវើល ក្នុងក្រុងភ្នំពេញ។ រូបភាព៖ វណ្ណ វិចារ

ដើមខែមេសា ​ឆ្នាំ២០១៩ ក្រុមហ៊ុន​ណាហ្គាខប (NagaCorp )​ បានប្រកាស​ថា ក្រុមហ៊ុននេះ គ្រោងនឹង​ធ្វើការអភិវឌ្ឍ​កាស៊ីណូ ​សណ្ឋាគារ ដើម្បីទាក់ទាញ​អ្នកលេងល្បែង​ជនជាតិចិន​ដែលកំពុង​សម្រុក​មកកម្សាន្ត​នៅប្រទេសកម្ពុជាឲ្យ​កាន់តែ​ច្រើនឡើង។

ក្រុមហ៊ុន NagaCorp បានចុះបញ្ជី​ផ្សារហ៊ុននៅហុងកុង គ្រប់គ្រង​ដោយមហា​សេដ្ឋីម៉ាឡេស៊ី​លោក Chen Lip Keong។ មហាសេដ្ឋីរូបនេះប៉ាន់ស្មានថា ខ្លួននឹង​ចំណាយ​ប្រាក់ចំនួន ៣ ទៅ ៨ពាន់លាន​ដុល្លារអាមេរិក​លើគម្រោង​ណាហ្គាទី៣​។ ម្ចាស់កាស៊ីណូណាហ្គា បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា ណាហ្គា៣ ជាគម្រោង​ធំមួយសម្រាប់ទទួលភ្ញៀវទេសចរជនជាតិចិន ដែលត្រូវប៉ាន់ស្មានថា​ នឹង​មក​កាន់កម្ពុជាប្រមាណជាង ៤លាននាក់​ នៅឆ្នាំ២០២០។

របាយការណ៍អគ្គនាយក​ដ្ឋាន​ឧស្សាហ​កម្ម​ហិរញ្ញវត្ថុ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ បាន​ឲ្យ​ដឹង​ថានៅបំណាច់ឆ្នាំ២០១៨ ​​កាស៊ីណូ​ដែល​មាន​អាជ្ញា​បណ្ណ​​ចំនួន ៨៨ទីតាំង នៅ​ខេត្ត​ព្រះសីហនុ​ ។

អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក ធាង ណារ៉ុង បានឱ្យដឹងថា កំណើនកាស៊ីណូនៅខេត្តព្រះសីហនុ គឺសង់ឡើងដើម្បីទទួលភ្ញៀវទេសចរ ពិសេសគឺជនជាតិចិន។ លោក ណារ៉ុង បញ្ជាក់ថាសណ្ឋាគារ កាស៊ីណូភាគច្រើនកំពុងសាង​សង់នៅឡើយ ដែលគម្រោងភាគច្រើនគ្រោងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ។

 លោក ធាង ណារ៉ុង៖ «នៅខេត្តយើង កំពុង​អភិវឌ្ឍខ្លាំង​លើវិស័យកម្សាន្ត និងសណ្ឋាគារ (វិស័យ​កាស៊ីណូ) អគារ​ទាំងនោះនឹងចាប់ដំណើរការឆាប់ៗ​។»

ទន្ទឹមនឹងនេះ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ​មាស សុខសេនសាន មានប្រសាសន៍ថា ការផ្ដល់អាជ្ញាបណ្ណកាស៊ីណូមិនខុសពីការផ្តល់អាជ្ញាបណ្ណឱ្យសណ្ឋាគារ ឬកន្លែងទេសចរណ៍នោះទេ គឺស្ថាប័នពាក់ព័ន្ធសង្ឃឹមថា នឹងរួមចំណែកប្រមូលចំណូលពន្ធនានា​ដើម្បីកំណើនសេដ្ឋកិច្ចជាតិ​។

លោកបញ្ជាក់ថា៖ «តាមពិតគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺស្វែងរកចំណូល​ពីប្រភព​ផ្សេង​ទាំងអស់ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ការអនុញ្ញាតឱ្យបើកអាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជា មិនថាកាស៊ីណូ ឬអង្គភាពណាមួយទេ គឺការបង្កើតការងារធ្វើជូនពលរដ្ឋហ្នឹងឯង »។

បើតាមអង្គភាពអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញជាសារធារណៈថា អ្នកសុំអាជ្ញាបណ្ណកាស៊ីណូ ត្រូវបង់កម្រៃអាជ្ញាបណ្ណកាស៊ីណូ១ ដែលមានសុពលភាពរយៈពេលមួយឆ្នាំ គឺស្មើ ៣ម៉ឺនដុល្លារ​ និងបូកថែមសេវារដ្ឋបាល ៤៥០០ដុល្លារ។

សេចក្តីប្រកាសដដែលឲ្យដឹងថា អាជ្ញាបណ្ណកាស៊ីណូ ត្រូវបង់ ៣ម៉ឺនដុល្លារ និងសេវារដ្ឋបាល ៣ពាន់ដុល្លារ។ ផ្ទេរអាជ្ញាបណ្ណកាស៊ីណូត្រូវបង់ប្រាក់ ២ម៉ឺន ៥ពាន់ដុល្លារ និងសេវារដ្ឋបាល ៥ពាន់ដុល្លារ។ នៅពេលដែលនាំឧបករណ៍​ល្បែងចូល ត្រូវបង់ចូលរដ្ឋនូវកម្រៃសេវាកម្ម ២ពាន់ដុល្លារ។

ក្ដីរំពឹងពីសេដ្ឋកិច្ចកម្ពុជាបន្ទាប់ពីមានកំណើនកាស៊ីណូ

ច្បាប់ថវិកាជាតិឆ្នាំ២០១៩ បង្ហាញថា កម្ពុជាអាចនឹងកៀរគរចំណូលពីវិស័យកាស៊ីណូឱ្យបានជាង​៥៦លានដុល្លារ។ យោង​តាមរបាយការណ៍​ពីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​បង្ហាញថា នៅក្នុងឆ្នាំ២០១៨ កន្លង​មក កម្ពុជា​បានប្រមូល​ប្រាក់​ចំណូល​ពីវិស័យ​កាស៊ីណូ​ប្រមាណ ៤៦លានដុល្លារអាមេរិក។ ច្បាប់នេះមិនបានបង្ហាញលំអិតថា នឹងរកចំណូលពីវិស័យនេះដោយរបៀបណានោះទេ។

កាស៊ីណូ
កាស៊ីណូមួយកន្លែងក្នុងប្រទេសកម្ពុជា។ រូបភាព៖ វណ្ណ វិចារ

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលព្យា​យាមប្រើប្រាស់មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីបង្កើនចំណូលសេដ្ឋកិច្ចពិសេសគឺការប្រមូលពន្ធគយ ពន្ធដារ និងចំណូល​ពីប្រភពផ្សេងៗ មិនមែនតែវិស័យកាស៊ីណូមួយនោះទេ។

លោក សុខសេនសាន ពុំបានធ្វើសេចក្តីអត្ថាធិប្បាយលំអិតនោះទេ នៅពេលដែលសួរថា តើការបើកកាស៊ីណូនៅកម្ពុជានាំឱ្យមានអន្តរាយដល់ជីវភាពពលរដ្ឋឬទេ? បើពលរដ្ឋខ្មែរញៀនល្បែង?

លោក សេនសាន ប្រាប់ថា៖ «ខ្ញុំមិនថា​ម៉េចទេ​ចំពោះ​ចំណុចនេះ តែ​ក្រសួងសេដ្ឋកិច្ចនឹងពិនិត្យមើលច្បាប់ពាក់ព័ន្ធទាំងអស់»។

ស្របគ្នានេះ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ លោក​ ធាង​ ណារ៉ុង ពន្យល់ថា ការកើនឡើងនៃសណ្ឋាគារ និងកាស៊ីណូនៅខេត្តព្រះសីហនុ បានផ្ដល់ការងាររាប់ពាន់កន្លែងដល់ពលរដ្ឋ ពិសេសយុវជន។

 លោកបញ្ជាក់ថា៖ «សណ្ឋាគារ ឬកាស៊ីណូទាំងនោះគឺផ្ដល់ការងារច្រើន។ ពលរដ្ឋពីគ្រប់ទិសទីមករស់នៅធ្វើការនៅខេត្តព្រះសីហនុ យើងរំពឹងថា ថាខេត្តនេះនឹងកាន់តែរីកចម្រើន។

ចំពោះតំណាងសម្ព័ន្ធសហជីព លោក អាត់ ធន់ បានឯកភាពថា កាស៊ីណូពិតជាផ្ដល់ការងារធ្វើជូនពលរដ្ឋមែន។ លោកបានផ្តល់ឧទាហរណ៍ថា​ បើកាស៊ីណូមួយមានបុគ្គលិកធ្វើការចំនួន ៥០០នាក់ ហើយកម្ពុជា​មានកាស៊ីណូ២០០កន្លែង មានន័យថា កាស៊ីណូទាំងអស់នោះនឹងផ្ដល់ការងារ១០ម៉ឺននាក់។ ប៉ុន្តែ ការងារក្នុងវិស័យល្បែងនេះនឹងមិនស្ថិតស្ថេរឡើយ។

លោក អាត់ ធន់ បញ្ជាក់៖ «បុគ្គលិកចែកបៀរ​ បើគាត់​ឈប់ធ្វើការហើយមកចេញមកក្រៅ តើគាត់នឹងអាចធ្វើអីបានក្រៅពីចែកបៀរ? ចុះបើអ្នកចែកបៀរបែរជាញៀនល្បែងវិញនោះ? ខ្ញុំគិតថា ជាបញ្ហាដែលរដ្ឋត្រូវគិតគូរឱ្យបានច្បាស់។

កាលពីជាង១០ឆ្នាំមុន ក្រុមហ៊ុនភ្នាល់ល្បែងស្របច្បាប់ជាច្រើនក៏បានរកស៊ីនៅកម្ពុជាដែរ។ ក្រុមហ៊ុនដែលពលរដ្ឋស្គាល់ច្បាស់ជាងគេកាលនោះគឺ ខាំបូស៊ិក Cambo Six ។ ក្រុមហ៊ុននេះមានសាខាធំៗជាង៤០​នៅរាជធានីភ្នំពេញ និង​មានសាខានៅ​តាមបណ្ដាខេត្តសំខាន់ៗមួយចំនួន រួមមាន ព្រះសីហនុ កំពង់ចាម បន្ទាយមានជ័យ ​(ប៉ោយប៉ែត) ស្វាយរៀង (បាវិត)​ ព្រៃវែង (អ្នកលឿង) បាត់ដំបង និងសៀមរាប។ល។ ក្រុមហ៊ុននេះ មានបុគ្គលិកបម្រើការងារ​ជាង៣ពាន់នាក់។

​លុះដល់ខែកុម្ភៈ ឆ្នាំ២០០៩ លោកនាយករដ្ឋមន្ត្រីប្រកាសអាសន្នពីភាពវឹកវរក្នុងសង្គមបណ្ដាលមកពីល្បែងស៊ីសង។ លោកសម្រេចលុបចោលអាជ្ញាបណ្ណក្រុមហ៊ុនភ្នាល់បាល់ទាំងអស់ដែលកំពុងប្រតិបត្តិការនៅទូទាំងប្រទេសកម្ពុជា រួមទាំងក្រុមហ៊ុន​ ខាំបូស៊ិក ​នេះផង។

លោក ហ៊ុន ​សែន ក៏ថែមទាំងប្រកាសឱ្យក្រសួងសេដ្ឋកិច្ចចេញលុយជាតិសងក្រុមហ៊ុនវិញទៀតផង​ ព្រោះក្រុមហ៊ុនមានអាជ្ញាបណ្ណ និងមានសុពលភាព​ក្នុងដៃ។​ ទោះជាយ៉ាងណា មិនមាន​របាយការណ៍ជាក់លាក់ថា ក្រសួងសេដ្ឋកិច្ចត្រូវសងប្រាក់ទៅក្រុមហ៊ុនល្បែងទាំងនោះប៉ុន្មាននោះទេ។

បច្ចុប្បន្នភាពនៃបំរាមដែលហាមមិនឱ្យខ្មែរចូលកាស៊ីណូ

កាលពីចុងខែមិថុនា ឆ្នាំ២០១៩ អ្នកសារព័ត៌មានបានចូលទៅក្នុងកាស៊ីណូមួយមានទីតាំងនៅជាប់នឹងរង្វង់មូលតោ២ នៅខេត្តព្រះសីហនុ។ ក្រុមសន្តិសុខបានបានឆែកខ្លួន បន្ទាប់មកស្គែនស្វែងរកអាវុធ​ជាតិផ្ទុះ។ ពេលឆែកឆេរ ​សន្តិសុខទាំងនោះ និយាយថា៖ «អញ្ជើញចូលបង សូមឱ្យបងឈ្នះច្រើនៗ»។

នៅក្នុងកាស៊ីណូជាន់ក្រោម តុល្បែងជាង១០ ពាក់កណ្ដាលមាន​មនុស្ស​អង្គុយលេង។​ យ៉ាងតិចណាស់មានជនជាតិខ្មែរ ២០នាក់កំពុងរីករាយអ៊ុតបៀររបស់ពួកគាត់ ខណៈដែលតុល្បែងធំមួយមានអ្នកលេងល្បែងចម្រុះជាតិសាសន៍កំពុងអង្គុយ​លេងទល់មុខគ្នា។ នៅផ្នែកខាងលើជាបន្ទប់ល្បែងវីអាយភី ដែលភ្ញៀវធម្មតាមិនអាចចូលមើលទេ។ ចំណែកឯបន្ទប់ផ្នែកផ្សេងជាតុល្បែង ដែលចែកបៀរផ្សាយផ្ទាល់ចេញទៅក្រៅ។

បុរសម្នាក់ជាអ្នកមកពីខេត្តកំពតប្រាប់ថា ខ្លួនចាញ់ប្រាក់អស់៣០០ដុល្លារ និងបន្តលេងទៀតដើម្បីស្រង់ដើមវិញ។ គាត់ថា តុធំដែលមានភ្ញៀវចម្រុះជាតិសាសន៍លេងនោះ គេលេងធំណាស់ គាត់បានត្រឹមឈរមើលគេប៉ុណ្ណោះ។​

ស្ត្រីម្នាក់ទៀតដែលចូលមកលេងល្បែងបាននិយាយថា គាត់អាចចូលកាស៊ីណូណាមួយក៏បានដែរឱ្យតែមានលុយចូលលេង។

មេការតុល្បែងជាអ្នកតាមមើលភ្ញៀវណាដែលមិនដូរលុយលេងល្បែង។ បុរសមានវ័យជាង៣០ឆ្នាំ ជិត១០នាក់ ជាអ្នកឃ្លាំមើលតុល្បែងទាំងនោះ។ ពួកគេនឹងសួរមនុស្សទាំងអស់ដែលចូលកាស៊ីណូ នៅពេលពួកគេមិន​ឃើញដូរលុយលេង។

នារសៀលម៉ោង៤ នៅដើមខែកក្កដា នៅជាន់ផ្ទាល់ដីនៃកាស៊ីណូណាហ្គា១ រាជធានីភ្នំពេញ មានតុល្បែងជាច្រើនដាក់តម្រៀបគ្នា។ ខ្លះមានអ្នកលេង និងខ្លះទៀតនៅទំនេរ។ តុល្បែងមួយមានអ្នកចាក់បៀរ ៨នាក់​ដែលសុទ្ធតែស្រីៗ ហើយនិយាយភាសាខ្មែរឆ្លងឆ្លើយគ្នា។ អ្នកទាំងនោះកំពុងសើចសប្បាយព្រោះចាក់បៀរឈ្នះ។ លុះសប្បាយបានបន្តិចក៏កើតរឿងទាស់សម្តីគ្នា ដោយសារបាត់លុយ។​ មេការតុល្បែងបានសម្របសម្រួល និងឆែកកាមេរ៉ា រកលុយដែលបាត់។

នៅកៀនជណ្ដើរឡើងវិញ មានម៉ាស៊ីនស្លុតរ៉ូឡែតធំៗ ដែលមានភ្ញៀវបុរសវ័យជាង៥០ឆ្នាំ មានទាំងជនជាតិចិន និងខ្មែរកំពុងដាក់លុយក្នុងម៉ាស៊ីន និងដកលុយចេញពីក្នុងម៉ាស៊ីន។ អ្នកខ្លះសើច អ្នកខ្លះក៏មុខស្ងួតទៅតាមលទ្ធផលដែលម៉ាស៊ីនចេញ។

យុវជនម្នាក់ ជាបុគ្គលិកប្រចាំការនៅម៉ាស៊ីនស្លុតបានប្រាប់ថា គាត់បានធីបច្រើនបើភ្ញៀវឈ្នះ តែបើភ្ញៀវចាញ់គាត់ត្រូវភ្ញៀវស្តីឱ្យ និងរករឿង។

យុវជនរូបនេះបញ្ជាក់ថា៖ «ភ្ញៀវចិន និងវៀតណាម​កាចៗជាងភ្ញៀវខ្មែរ ថៃ ឬជនជាតិ​ផ្សេងទៀត។ ខ្មែរច្រើនណាស់ចូលលេង តែក៏មានខ្មែរៗមកចូលមើល និងកម្សាន្តស្ដាប់ភ្លៀង ច្រៀងខារ៉ាអូខេ ក្រៅពីលេងល្បែងដែរ។

កំណើនកាស៊ីណូ នាំក្ដីកង្វល់នានា

គេហទំព័រកាស៊ីណូពិភពលោក​ worldcasinodirectory.com បង្ហាញថា កាស៊ីណូស្របច្បាប់ដែលកំពុងដំណើរការនៅកម្ពុជា មានចំនួន៥២ មានទីតាំងនៅតាមបណ្ដោយព្រំដែននានា ខេត្តព្រះសីហនុ និងរាជធានីភ្នំពេញ។ គេហទំព័រនេះ​បញ្ជាក់បន្ថែមថា ​ខេត្តព្រះសីហនុ អាចនឹងក្លាយជាម៉ាកាវថ្មីផង បើសិនជាគម្រោងការកាស៊ីណូសង់រួចរាល់។

នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជា លោក ព្រាប កុល មានប្រសាសន៍ថា កម្ពុជាអាច​នឹងក្លាយ​ជាប្រទេសដែល​ក្រុមជនទុច្ចរិតរើសយកមកលាងលុយកង្វក់ តាមរយៈ​ការមកលេងល្បែងនៅកាស៊ីណូទាំងអស់នេះ។ លោកបន្តថា កំណើនកាស៊ីណូនេះ គួរឱ្យបារម្ភ និងពិតជារឿងគួរឱ្យយកចិត្តទុកដាក់។

លោក ព្រាប កុល ជាស្ថាបនិកក្រុមវប្បធម៌នយោបាយថ្មី
លោក ព្រាប កុល នាយកអង្គការតម្លាភាពកម្ពុជា និងជាស្ថាបនិកក្រុមវប្បធម៌នយោបាយថ្មី (រូបដោយ ហេង វិចិត្រ)

 លោក ព្រាប កុល៖ «អាមេរិក ម៉ាកាវ គេមានកាស៊ីណូច្រើនមែន តែច្បាប់គេតឹងរ៉ឹង គេគ្រប់គ្រងបានល្អ។ ចំណែកកម្ពុជា គឺយើងជាប្រទេសមានសន្ទស្សន៍នៃអំពើពុករលួយខ្ពស់។ ហេតុនេះ យើងប្រឈមខ្លាំងនឹងការលាងលុយ ឬជំនួញគ្រឿងញៀន ជាដើម។»

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក​ ស ខេង ចេញបញ្ជាឱ្យស្នងការដ្ឋាននគរបាលទាំងអស់ គ្រប់គ្រងកាស៊ីណូនានា ដើម្បីបង្ការការរីករាលដាលនៃគ្រឿងញៀន។​ លោកបង្ហាញក្ដីកង្វល់ថា ​បើមិន​ពិនិត្យឱ្យបានហ្មត់ចត់ទេ ឈ្មួញនឹងយកកាស៊ីណូមកជាកន្លែងចែកចាយគ្រឿងញៀនមិនខាន។ ការបញ្ជាក់នេះ ធ្វើឡើកាលពីចុងខែមិថុនា ក្នុងពេលដែលលោកថ្លែងសុន្ទរកថា នាពិធីឡើងកាន់តំណែងថ្មីរបស់លោក គួច ​ចំរើន ជាអភិបាលខេត្តព្រះសីហនុ។

អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ មានប្រសាសន៍ថា ពលរដ្ឋកម្ពុជានឹងទទួលផលចំណេញពីការបើកកាស៊ីណូ បើសិនជាកម្ពុជាអនុវត្តច្បាប់បានល្អ និងមានយុទ្ធសាស្ត្រសេដ្ឋកិច្ចច្បាស់លាស់។ ប៉ុន្តែ បើគ្រប់គ្រងមិនបានល្អវិញ កាស៊ីណូច្រើននឹងក្លាយជាបញ្ហាថ្មីមួយទៀតដែលជាឧបសគ្គដល់ការអភិវឌ្ឍ ។

លោក គី សេរីវឌ្ឍន៍៖ «ចិនចូលចិត្តលេងល្បែង ខ្មែរអាចចំណេញពីគាត់ បើនាំគ្នាច្រើនមកលេងស្រុកខ្មែរ។​ យើងបានពន្ធ បានការងារធ្វើ តែបើយើងនាំគ្នាញៀនលេងល្បែង​វិញច្បាស់​ជាវិនាស»។

កម្ពុជាមានច្បាប់មួយដែលត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីទសវត្សទី៩០ ច្បាប់នេះមានវិសាលភាពគ្រប់គ្រងល្បែងស៊ីសងទាំងឡាយ។​ បើតាមច្បាប់នេះ អ្នកលេងល្បែង និងបើក​កន្លែងលេងល្បែងដោយគ្មានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា អាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់៥ឆ្នាំនិងពិន័យជាប្រាក់មួយចំនួនទៀត។ ប្រទេសកម្ពុជាមិនទាន់មានច្បាប់​គ្រប់គ្រងកាស៊ីណូនៅឡើយទេ បើទោះបីជារដ្ឋផ្ដល់អាជ្ញាបណ្ណឱ្យកាស៊ីណូរាប់រយកាស៊ីណូទៅហើយក្ដី។

អតីតអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចហិរញ្ញវត្ថុ សវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ ក្នុងឆ្នាំ២០១៤ ធ្លាប់បានស្នើទៅកាន់រដ្ឋសភាកម្ពុជាឱ្យបង្កើតច្បាប់គ្រប់គ្រងកាស៊ីណូ ដើម្បីបង្កើនចំណូល​ជាតិ។ លោកថា កម្ពុជាបាត់បង់ចំណូល​ពន្ធពីកាស៊ីណូ ប៉ុន្តែ សំណើច្បាប់របស់តំណាងរាស្ត្រគណបក្សជំទាស់រូបនេះ ត្រូវច្រានចោលដោយភាគីបក្សកាន់អំណាច។ បើតាមមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ច្បាប់គ្រប់គ្រងកាស៊ីណូនេះកំពុងស្ថិតនៅជាសេចក្ដីព្រាងនៅឡើយ។

កាស៊ីណូណាហ្គា ដែលជាកាស៊ីណូធំជាងគេនៅកម្ពុជា ប្រកាសថា​ ឧស្សាហកម្មកាស៊ីណូនៅកម្ពុជាមានកំណើនខ្លាំង និងប្រកបដោយទំនុកចិត្ត។ របាយការណ៍របស់ណាហ្គាខប ដែលផ្សាយជាសាធារណៈលើទីផ្សារភាគហ៊ុន Bloomberg បង្ហាញថា ក្រុមហ៊ុននេះរកបានចំណូលជាង ១ពាន់ ៤រយលានដុល្លារ និងចំណេញលុយសុទ្ធជាង ៣៣០លានដុល្លារ កាលពីឆ្នាំ២០១៨។

ទោះជាយ៉ាងណា កាស៊ីណូផ្សេងៗទៀតដែលមិនបានចូលក្នុងទីផ្សារហ៊ុនអន្តរជាតិ មិនបានបង្ហាញពីរបាយការណ៍ចំណូលរបស់ខ្លួនជាសាធាណៈឡើយ។

ឧស្សាហកម្មកាស៊ីណូនៅកម្ពុជាគ្រប់គ្រងដោយក្រុមហ៊ុនធំៗដែលមានអ្នកជំនួញបរទេស និងអ្នកជំនួញស្រុកខ្មែរផង។ កាស៊ីណូខ្លះគ្រប់គ្រងដោយក្រុមហ៊ុនចិន ម៉ាឡេស៊ី វៀតណាម និងកាស៊ីណូខ្លះទៀតកើតឡើងដោយសារចូលហ៊ុនគ្នារវាងសេដ្ឋីស្រុកខ្មែរ និងអ្នករកស៊ីបរទេស ឬជាកម្មសិទ្ធិរបស់អ្នកជំនួញខ្មែរតែម្តង។

អ្នកជំនួញខ្មែរដែលរកស៊ីកាស៊ីណូ រួមមាន លោក លី យ៉ុងផាត់ មានកាស៊ីណូនៅកោះកុង ព្រះសីហនុ​ និងឧត្តរមានជ័យ។ លោក គិត ម៉េង មានកាស៊ីណូនៅស្វាយរៀង និងក្រុមហ៊ុនអនឡាញ។ លោក កុក អាន មានកាស៊ីណូ​នៅព្រះសីហនុ ស្វាយរៀង និងតាមព្រំដែនមួយចំនួនទៀត។ លោក ទ្រី ភាព មានកាស៊ីណូនៅរតនគិរី​ និងឧត្តរមានជ័យ។ លោក​ សុខ គង់ មានកាស៊ីណូសុខានៅភ្នំបូកគោ និងខេត្តព្រះសីហនុ។ល។

​ពលរដ្ឋរស់នៅរាជធានីភ្នំពេញដែលធ្លាប់មានប្ដីជាអ្នកញៀនល្បែងកាស៊ីណូ អ្នកស្រី ពិសី លើកឡើងថា គ្រួសារអ្នកស្រីរកសុភមង្គលមិនបាននោះទេ ដោយប្តីតែងតែរករឿងនៅពេលចាញ់ល្បែងម្តងៗ។ ក្រោយមក អ្នកស្រី បានលែងលះជាមួយស្វាមីអ្នកស្រី។

អ្នកស្រីបញ្ជាក់ថា ៖ «ខ្ញុំគ្រាន់តែលឺថា កាស៊ីណូកើនឡើង ខ្លាចតែម្តង។ ​កាលមុន ប្ដីខ្ញុំយកឡានលក់ បង្ខំលក់ផ្ទះ វាយខ្ញុំ យកលុយ​លេង​ល្បែង​អស់។ ចាញ់អស់ រត់ចោលផ្ទះ​បាត់ ខ្ញុំត្រូវចិញ្ចឹមកូនតែម្នាក់ឯង។ ខ្ញុំពិតជាស្អប់ពាក្យកាស៊ីណូហ្នឹងណាស់»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ