សាលាឧទ្ធរណ៍៣ទៀតនឹងត្រូវបើកឲ្យដំណើរការឆ្នាំក្រោយដើម្បីពន្លឿនបណ្តឹង​ដែល​កក​ស្ទះ

លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌។ (រូបភាព៖ ជន ចាន់រ៉ែន)

មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ លើកឡើងថា សាលាឧទ្ធរណ៍ ៣ទៀត នឹងត្រូវបើកឲ្យដំណើរការនៅតាមបណ្តាខេត្តមួយចំនួន​នៅឆ្នាំក្រោយនេះ ក្រៅពីសាលាឧទ្ធរណ៍នៅភ្នំពេញ ដើម្បីពន្លឿនសំណុំរឿងដែលកំពុងកកស្ទះ។

ក្នុងសន្និសីទព័ត៌មាន​ស្តីពីការអនុវត្តផែនការណ៍កំណែទម្រង់ប្រព័ន្ធយុត្តិធម៌រយៈពេល ១ឆ្នាំក្រោយការបោះឆ្នោតអាណត្តិទី៦នេះ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន អះអាងថា សាលាឧទ្ធរណ៍ដែលគ្រោងបើកឲ្យដំណើរការនៅឆ្នាំក្រោយនោះ មាននៅខេត្តត្បូងឃ្មុំ ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ។លោកថា អគារ​សម្រាប់​ស្ថាប័ន​តុលាការ​ទាំង ៣នេះ ត្រូវ​បាន​សាងសង់បាន ៨០ភាគរយហើយ។

អ្នកនាំពាក្យរូបនេះ អះអាងថា ការកកស្ទះ​សំណុំរឿងនៅសាលាឧទ្ធរណ៍នា​ពេល​បច្ចុប្បន្ន​នេះ ដោយសារតែសាសាលាឧទ្ធរណ៍ មានតែមួយនៅរាជធានីភ្នំពេញ ហើយ​លោក​ថា សាលាឧទ្ធរណ៍មួយនេះ ទទួលដោះស្រាយបណ្តឹងតវ៉ា​មកពី ២៤រាជធានីខេត្ត។

បើតាមមន្ត្រីក្រសួងយុត្តិធម៌ដដែល សំណុំរឿងដែលកកស្ទះ​ជាង ៥០ភាគរយជាសំណុំរឿងគ្រឿងញៀន ព្រោះសមត្ថកិច្ចនៅបន្តបើកយុទ្ធនាការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន។

ក្រសួងមហាផ្ទៃធ្លាប់​ស្នើក្រសួងយុត្តិធម៌ឲ្យពិនិត្យមើលពីដំណើរការក្តី​របស់តុលាការ ដើម្បីកាត់បន្ថយភាពចង្អៀត​ក្នុងពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ