អាជ្ញាធរ​ហុងកុង​ព្រមានថា បាតុកម្ម​អាច​នឹង​រុញ​ទីក្រុង​ធ្លាក់​ក្នុងគ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ

រដ្ឋបាលទីក្រុងហុងកុង ព្រមានដល់ក្រុមបាតុករ នៅព្រឹកថ្ងៃទី ០៥ ខែសីហា នេះ ដោយថា ពួកគេអាចនឹងច្រានស្ថានការណ៍​នៅទីក្រុងឱ្យផុងចូលទៅក្នុងភាពវឹកវរខ្លាំង បន្ទាប់ពីចលនាចុះផ្លូវធ្វើ​បាតុកម្មទាមទារឱ្យលោកស្រី Carrie Lam លាលែងពីតំណែង ឈានដល់សប្តាហ៍ថ្មី។

សារព្រមាននេះ ធ្វើឡើងបន្ទាប់ពីសកម្មភាពបាតុកម្មពលរដ្ឋហុងកុង ឈានចូលដល់សប្តាហ៍ទី ៩ និងរីករាលដាលពាសពេញទីក្រុង ជាពិសេសនៅតាមសង្កាត់ពាណិជ្ជកម្មសំខាន់ៗ ហើយឈាន​ដល់ការប្រើប្រាស់អំពើហិង្សាទៅលើក្រុមប៉ូលីស និងជើងហោះហើរជាង១០០ ត្រូវបានបង្ខំចិត្តលុបចោល។

ក្រុមបាតុករមួយចំនួនបានដើរចេញពីតម្រាយផ្លូវកំណត់ដោយអាជ្ញាធរ ចូលទៅកាន់កាប់ និងបិទចរាចរនៅតាមវិថីសំខាន់ៗក្នុងសង្កាត់ពាណិជ្ជកម្ម Causeway Bay នៃកោះ Hong Kong ហើយប៉ងបិទផ្លូវដែលតភ្ជាប់ពីកោះនេះទៅកាន់តំបន់ Kowloon។

ជាមួយគ្នានោះ ក្រុមបាតុករបានប្រមូលផ្តុំគ្នាចុះផ្លូវធ្វើបាតុកម្មនៅតំបន់ ៧ ផ្សេងៗគ្នារបស់ទីក្រុង ព្រមទាំងបានបំផ្លាញទ្វារកញ្ចក់នៃស្ថានីយ៍ប៉ូលីសមួយកន្លែង ព្រមទាំងបានដុតកម្ទេច​យានយន្តជាច្រើនទៀត។

បាតុកម្មរបស់ពលរដ្ឋហុងកុងនេះ បានចាប់ផ្តើមតាំងពីដើមខែមិថុនា ដោយដំបូងឡើយ ធ្វើឡើងដើម្បីទាមទារឱ្យរដ្ឋបាលទីក្រុងហិរិញ្ញវត្ថុដ៏បំផុតមួយរបស់ពិភពលោកនេះ លុបចោលនូវសំណើរច្បាប់ធ្វើបត្យាប័នជនជាប់សង្ស័យហុងកុងទៅកាន់ប្រទេសចិនដីគោក។

ជាលទ្ធផល​ នៅថ្ងៃទី​០៩ កក្កដា ប្រមុខដឹកនាំទីក្រុងហុងកុង លោកស្រី Carrie Lam បាន​ប្រ​កាសលុបចោលសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់មួយនេះ ដែលត្រូវពលរដ្ឋហុងកុងចាត់ទុកជាការបង្កើនឥទ្ធិពលដល់រដ្ឋអំណាចបក្សកម្មុនីយចិនកាន់តែខ្លាំង។

ទោះយ៉ាងណា ចលនាបាតុកម្មបានរីកធំឡើងៗ រហូតដល់ក្លាយជាមហាបាតុកម្ម ៥ ថ្ងៃជាប់ៗគ្នាគិតត្រឹមថ្ងៃចន្ទនេះ ដើម្បីទាមទារឱ្យលោកស្រី Carrie Lam ចុះចេញពីតំណែង​ និងស្នើរឱ្យមានការស៊ើបអង្កេតលើការប្រើប្រាស់អំពើហិង្សាទៅលើក្រុមបាតុករពីសំណាក់ប៉ូលីស។

ឆ្លើយតបទៅនឹងចលនាទាមទាររបស់មហាជននេះ រដ្ឋបាលទីក្រុងហុងកុង បានហៅក្រុមបាតុករថា កំពុងរំលោភបំពានច្បាប់ បង្កចលាចលតាមទីសធារណៈ និងបង្កអំពើហិង្សាទៅលើមន្រ្តីអនុវត្តច្បាប់ ដែលសកម្មភាពទាំងនេះ នឹងប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម សេដ្ឋកិច្ច និងការប្រកបរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋទីក្រុង។

រដ្ឋបាលទីក្រុងហុងកុងចាត់ទុកសកម្មភាពទាំងនោះថា បានដើរហួសឆ្ងាយពីព្រំដែននៃការធ្វើបាតុកម្មដោយសន្តិភាព និងមានសន្តាប់ធ្នាប់ ដែលរដ្ឋបាល និងសាធារណជនទូទៅនឹងមិនអាចអន់អោនឱ្យបាន ទោះក្រោមស្ថានការបែបណាក៏ដោយ ហើយថា «វានឹងរុញច្រានហុងកុងធ្លាក់ក្នុងស្ថានភាពគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរមួយ»។

ចាប់តាំងពីមានចលនាបាតុកម្មពីសំណាក់ពលរដ្ឋហុងកុងមក សេដ្ឋកិច្ចរបស់ទីក្រុងមានផលប៉ះពាល់ខ្លាំងជាងគេ ដោយក្រុមថ្នាក់ដឹកនាំជំនួញផ្សេងៗនិយាយថា ការលក់របស់ពួកគេមានការធ្លាក់ចុះទាបធៀបនឹងឆ្នាំមុន ដោយក្នុងចំនោមនោះ ក៏មានរាប់បញ្ចូលក្រុមហ៊ុនអកាសចរណ៍ផងដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេលជាងពីរខែនៃចលនាបាតុកម្ម អំពើហិង្សាបានកើតឡើងជាច្រើនលើករវាងក្រុមបាតុករ និងប៉ូលីស ដោយមានការប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ចោលដុំថ្ម និងដបសាំង ជាដើម។ រហូតមកទល់ពេលនេះ មានបាតុករចំនួន ៦៦នាក់ហើយត្រូវបានចាប់ខ្លួន ក្នុងនោះ ៤៤ នាក់ ត្រូវជាប់ចោទពីបទកូបកម្ម ដែលអាចមានស្ថានទម្ងន់ទោសជាប់ក្នុងពន្ធធានាគាររហូតដល់ ១០ ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ