សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ច្រានចោលរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងស្រុកចំនួនពីរ ដោយចាត់ទុករបាយការណ៍នេះថា ជាការបង្ខូចកេរ្តិ៍ឈ្មោះវិស័យមីក្រូហិរញ្ញវត្ថុរបស់កម្ពុជាទាំងមូល។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានច្រានចោលបែបនេះ បន្ទាប់ពីអង្គការសិទ្ធិមនុស្សលីកាដូ និងសមាគមធាងត្នោត បានចេញផ្សាយរបាយការណ៍ថ្មីមួយថា បំណុលមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា បានបង្កឱ្យករណីរំលោភសិទ្ធិមនុស្សកម្រិតធ្ងន់ជាលក្ខណៈប្រព័ន្ធ។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាដោយចាត់ទុករបាយការណ៍របស់អង្គកាទាំងពីរថា មិនបង្ហាញពីស្ថានភាពជាក់ស្តែងរបស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជានោះទេ ហើយថា របាយការណ៍នេះ ផ្តោតតែទៅលើគុណវិបត្តិ ដើម្បីបង្កើតឲ្យមានរូបភាពជាអវិជ្ជមានដែលគ្មានភាពប្រាកដនិយមទៅលើការផ្តល់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ឱ្យដឹងថា របាយការណ៍របស់អង្គការសង្គមស៊ីវិល ផ្ទុយគ្នាស្រឡះ និងមើលរំលងតួនាទីដ៏សំខាន់របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទៅលើការកាត់បន្ថយភាពក្រីក្រី និងបរិយាប័ណ្ណហិរញ្ញវត្ថុ ឬការបែងចែកថវិកាទៅដល់គ្រប់ភាគីផងដែរ។
កាលពីមិ្សលមិញ អង្គការលីកាដូ និងសមាគមធាងត្នោត បានចេញរបាយការណ៍ថ្មីមួយ ដែលដាក់ចំណងជើងថា «អន្តរាយដល់ទ្រព្យបញ្ចាំ៖ រឿងរ៉ាវបាត់បង់ដីធ្លី និងរំលោភសិទ្ធិ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុនៅប្រទេសកម្ពុជា» ។
នៅក្នុងរបាយការណ៍របស់អង្គការទាំងពីរ ក៏បានរិះគន់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថា «ជញ្ជក់ឈាម» និងជាទូទៅមិនអនុវត្តតាមគោលការណ៍ក្រមសីលធម៌ក្នុងការផ្តល់ប្រាក់កម្ចីទេ៕