នៅថៃមិនឱ្យផ្សព្វផ្សាយពាណិជ្ជកម្មស្រាគ្រប់រូបភាព

រូបភាពបង្ហាញពីសកម្មភាពចាក់ស្រា។ រូបភាព៖ telegraph.co.uk

រដ្ឋាភិបាលថៃមិនលើកទឹកចិត្តឱ្យប្រជាពលរដ្ឋទទួលទានគ្រឿងស្រវឹង ហើយក៏បានបង្កើតច្បាប់គ្រប់គ្រងព្រោះយល់ឃើញថា ពលរដ្ឋជោគជាំដោយគ្រឿងស្រវឹងមានផលប៉ះពាល់ច្រើនជាងផលប្រយោជន៍។​

នៅក្នុងប្រទេសថៃរួមទាំងទីក្រុងបាងកកផង មិនមានឃើញដាក់បដាផ្សព្វផ្សាយគ្រឿងស្រវឹងតាមភ្លើងស្តុប តាមដងផ្លូវនានា ឬតាមអគារជាផ្ទះឯកជនទេ។ ចំណែកនៅលើប្រព័ន្ធផ្សព្វផ្សាយរួមមានទូរទស្សន៍ វិទ្យុ បណ្តាញទំនាក់ទំនងសង្គមរួមទាំង Facebook Twitters Youtube ជាដើមក៏មិនអនុញ្ញាតឱ្យមានដែរ។​

នៅតាមដងផ្លូវក្នុងប្រទេសថៃ មិនសូវមានបដា ឬ រូបភាពផ្សេងៗច្រើន គឺមានរូបព្រះមហាក្សត្រ និងរូបភាពនៃគម្រោងអភិវឌ្ឍន៍មួយចំនួនទៅវិញ។​ ចំណែកគ្រឿងស្រវឹងគឺមិនមានផ្សព្វផ្សាយសោះតែម្តង។​

ទិដ្ឋភាពនៅតាមដងផ្លូវក្នុងទីក្រុងបាងកកប្រទេសថៃ ថតនៅក្នុងខែកក្កដា ឆ្នាំ២០១៩(រូបដោយ ពៅ មេត្តា)
ផ្លូវ និងអគារក្នុងទីក្រុងបាងកកប្រទេសថៃ ថតក្នុងខែកក្កដា ឆ្នាំ២០១៩(រូបដោយ ពៅ មេត្តា)

កាលពីចុងខែកក្កដា ឆ្នាំ២០១៧ សមត្ថកិច្ចថៃចាប់ខ្លួនស្ត្រីបីនាក់ដែលប្រើវីឌូអូតាមហ្វេសប៊ុកផ្សព្វផ្សាយស្រាបៀរដែលថា ទិញមួយថែមមួយ ស្រាល្អមានរស់ជាតិឆ្ងាញ់ជាដើម។​ ស្ត្រីទាំងនេះ ក្រោយការផ្សព្វផ្សាយតែប៉ុន្មានថ្ងៃនៅក្នុងខេត្តសាយាបូរី ត្រូវសមត្ថកិច្ចចាប់បាន ហើយពិន័យជាប្រាក់មួយចំនួនផង។

នៅក្នុងច្បាប់ថៃចេញផ្សាយកាលពីឆ្នាំ២០០៨ បានបញ្ជាក់ថា ហាមឃាត់ការផ្សព្វផ្សាយគ្រឿងស្រវឹងគ្រប់រូបភាពរួមទាំងការដាក់បង្ហាញនិមិត្តសញ្ញា ឬ សារអូសទាញឱ្យមានការទទួលទានគ្រឿងស្រវឹង។​

រដ្ឋាភិបាលថៃលើកឡើងហេតុផលថា គ្រឿងស្រវឹងធ្វើឱ្យប្រជាជនខូច ឬ ចុះខ្សោយខួរក្បាល  ខូចសុខភាពផ្លូវកាយផ្លូវចិត្ត កើតបំពើហិង្សា គ្រោះថ្នាក់ចរាចរណ៍ បង្កឱ្យមានភាពក្រីក្រជាដើម។​

របាយការណ៍ចេញផ្សាយកាលពីថ្ងៃទី៥ ខែមេសា សិក្សាពីអ្នកជំនាញនៅសាកលវិទ្យាល័យ Oxford របស់អង់គ្លេស និងសាកលវិទ្យាល័យ Peking របស់ចិន។​ ការសិក្សានេះបញ្ជាក់ថា អ្នកពិសាស្រាក្នុង១ថ្ងៃ ១ ឬ២កែវ (កែវតូច សំដៅលើស្រាក្រហម) ប្រឈមកើតជំងឺដាច់សរសៃឈាមខួរក្បាល១០ ទៅ១៥ភាគរយ ហើយបើពិសា៤កែវ អាចប្រឈមដាច់សរសៃឈាមខួរក្បាលដល់ទៅ៣៥ភាគរយរួមទាំងជំងឺផ្សេងៗជាង២០០ប្រភេទទៀត។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ