ប្រធានមន្ទីរដែនដីខេត្តពោធិ៍សាត់ កាន់តំណែង៣ឆ្នាំប្រព្រឹត្តអំពើពុករលួយបានប្រាក់​ជិត៤០ម៉ឺនដុល្លារ

រូបភាពលោក លោក លៀម ប៊ុនរឿន ពីទូរទស្សន៍ទទក

ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម និងសំណង់ខេត្តពោធិ៍សាត់ លោក លៀម ប៊ុនរឿន ឡើងកាន់តំណែង៣ឆ្នាំប្រព្រឹត្តបទល្មើសពុករលួយបានប្រាក់​ជិត៤០ម៉ឺនដុល្លារ។ នេះបើតាមការបញ្ជាក់របស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)។

ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ ខែកក្តដា អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា ក្រោយទទួលតំណែងជាប្រធានមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់កាលពីឆ្នាំ២០១៦រហូតមកដល់ថ្ងៃឃាត់ខ្លួនលោក លៀម ប៊ុនរឿន បានយកប្រាក់ក្រៅសេវាច្បាប់១៤០ករណី ដោយទទួលបានប្រាក់​ ៣៧២ ៧៤៧ ដុល្លារ និង៤៩លានរៀលទៀត ខណៈក្នុងបណ្តឹងដែលACUទទួលបានមានប្រាក់២០០០០ដុល្លារទៀតមិនទានរាប់បញ្ជូល។

ACU បញ្ជាក់ថា លោក លៀម ប៊ុនរឿង បានប្រើប្រាស់ប្រាក់​ដែលជាផល នៃបទល្មើសនោះទៅជួលជុលផ្ទះ៤០០០០ដុល្លារ ទិញផ្ទះពីកន្លែង២៤០០០០ដុល្លារ ទិញដីមួយកន្លែងតម្លៃ៤៤០០០ដុល្លារ ហើយសង់ផ្ទះត្រចៀកកាំអស់ ៤០០០០ដុល្លារ ដូរឡាន Lexus 570 និងទិញឡាន KIA PICANTO ។

ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់​ លោក លៀម ប៊ុនរឿន និងមន្រ្តីមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់៣នាក់ផ្សេងទៀតត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចុះទៅឃាត់ខ្លួន កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ដោយសង្ស័យប្រព្រឹត្តអំពើពុករលួយ ឃុប​ឃិត​ទារប្រាក់ពីម្ចាស់ដី ដោយខុសច្បាប់ចំនួន ១០ម៉ឺនដុល្លារជាថ្នូរចេញច្បាប់សាងសង់។

កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនប្រធាន និងមន្រ្តីមន្ទីររៀបចំដែនដីខេត្តពោធិ៍សាត់៣នាក់ទៀតនៅពន្ធនាគារព្រៃសជាបណ្តោះអាសន្ន ដោយចោទចំនួន៣បទល្មើសគឺ បទវិតិក្រមតាមក្រមព្រហ្មទណ្ឌ បទរំលោភអំណាច និងបទសម្អាតប្រាក់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ