ក្រុមហ៊ុនចិនមួយ គ្រោងវិនិយោគលើរោងចក្រតម្លៃ ២ប៊ីលានដុល្លារ នៅវៀតណាម

ទិដ្ឋភាពតំបន់សេដ្ឋកិច្ចពិសេស Nghi Son ក្នុងខេត្រ Thanh Hoa ភាគកណ្តាល នាពេលរាត្រី (ប្រភព៖tbck.vn)

ក្រុមហ៊ុនដែកថែបរបស់ចិនមួយឈ្មោះ Mintal Group Co. Ltd គ្រោងនឹងបោះទន់វិនិយោគលើរោងចក្រ​ផលិតលោហៈតម្លៃ ២ពាន់លានដុល្លារអាមេរិក ក្នុងតំបន់សេដ្ឋកិច្ចពិសេស Nghi Son ភាគកណ្តាលខេត្ត Thanh Hoa ប្រទេសវៀតណាម។ នេះបើតាមប្រភពព័ត៌មានពី បណ្តាញសារព័ត៌មាន Vietnamplus ចេញផ្សាយថ្ងៃអង្គារ៍។

ប្រភពដដែលឱ្យដឹងថា សេចក្តីប្រកាសនេះ ត្រូវបានពិភាក្សាក្នុងអំឡុងកិច្ចប្រជុំថ្មីមួយរវាងតំណាងក្រុមហ៊ុន Mintal និងគណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa ដែលឋិតនៅចម្ងាយ១៥០គីឡូម៉ែត្រពីទីក្រុងហាណូយ។

ប្រភពនោះបន្ថែមថា ក្រុមហ៊ុនផលិតដែកឈានមុខគេរបស់ពិភពលោកមួយនេះ គ្រោងនឹងផលិតចេញលោហៈ Ferocrom ទម្ងន់ ១.៥ លានតោនក្នុងមួយឆ្នាំ នៅដំណាក់កាលដំបូង ហើយនឹងផលិតលោហៈឥតច្រេះ និងលោហៈគ្មានជាតិដែក សរុបទម្ងន់ ២លាន តោនក្នុងមួយឆ្នាំ នៅដំណាក់កាលទី២។

ដើម្បីបំពេញនូវគោលដៅផលិតកម្មនេះ ក្រុមហ៊ុន Mintal ត្រូវបានប៉ាន់ប្រមាណថា នឹងនាំចូលវត្ថុធាតុដើម ៨០ ភាគរយ ពីអាហ្វ្រិកខាងត្បូង ឯ ២០ ភាគរយទៀត នឹងទិញក្នុងប្រទេសវៀតណាមផ្ទាល់។

បន្ថែមពីលើនោះ ប្រសិនបើគ្រោងការវិនិយោគ ត្រូវបានរដ្ឋាភិបាលវៀតណាមទទួលយល់ព្រម ក្រុមហ៊ុន Mintal នឹងចុះកិច្ចសន្យាជួលដីទំហំ ៣០០ ហិកតា​ ឋិតក្នុងតំបន់សេដ្ឋកិច្ចពិសេស Nghi Son ក្បែរ កំពង់ផែ ដើម្បីសាងសង់រោងចក្រ។

ថ្លែងក្នុងកិច្ចប្រជុំ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa លោក Nguyen Dinh Xung បានស្នើរឱ្យនាយកគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស Nghi Son អាជ្ញាធរខេត្ត និងភ្នាក់ងារពាក់ព័ន្ធផ្សេងៗ ជួយសម្របសម្រួលដល់ក្រុមហ៊ុន Mintal ក្នុងការចុះសិក្សាលើទីតាំងផ្ទាល់ និងបំពេញឯកសារពាក់ព័ន្ធផ្សេងៗឱ្យបានឆាប់រហ័ស ដើម្បីទទួលបានការសម្រេចគោលនយោបាយវិនិយោគពីគណៈកម្មាធិការឱ្យបានឆាប់ មុនវេទិកាជំរុញការវិនិយោគឆ្នាំ២០១៩ របស់ខេត្ត រៀបចំឡើង។

ទោះយ៉ាងណា លោក Xung គូសបញ្ជាក់ថា ផែនការវិនិយោគនោះក៏ត្រូវតែដាក់បញ្ចូលនូវការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងថ្មីៗ ដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានជាអតិបរមា និងអនុលោមតាមច្បាប់ការពារបរិស្ថានរបស់ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ