វិភាគ៖ ហេតុអ្វីចាំបាច់មានការបោះឆ្នោត​​​សេរី និងយុត្តិធម៌​នៅកម្ពុជា?

ហិបឆ្នោត ក្នុងថ្ងៃបោះឆ្នោតថ្នាក់ជាតិអាណត្តិទី៦ ឆ្នាំ២០១៨។ (ជន ចាន់រ៉ែន)

ការបោះឆ្នោតជាតិអាណត្តិទី៦នេះ គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឈ្នះអាសនៈទាំងអស់​នៅ​ក្នុង​រដ្ឋ​សភា​ដែល​មាន​ចំនួន ១២៥​អាសនៈ។

ជ័យជម្នះ​ទាំងស្រុង​របស់​គណបក្ស​កាន់​អំណាច​នេះ កើត​ឡើង​ក្រោយ​ពី​​តុលាការកំពូល បានចេញសាលដីការំលាយរចនាសម្ព័ន្ធដឹកនាំគណបក្សសង្គ្រោះ​ជាតិ នៅ​រយៈ​ពេល ៨ខែ​មុនការបោះឆ្នោតជាតិ​កាល​ពី​ឆ្នាំ​មុន។

ភាពចម្រូងចម្រាសនៃការបោះឆ្នោតជាតិលើកនេះ បានជំរុញឲ្យប្លុកលោកសេរី ដែលនាំមុខដោយសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ថ្កោលទោស និងដាក់សម្ពាធទៅរដ្ឋាភិបាលកម្ពុជា ឲ្យស្តារប្រជាធិបតេយ្យឡើងវិញ។

បញ្ហានេះវាបានបង្កើតជាសំណួរថា តើហេតុអ្វីចំាបាច់មានការបោះឆ្នោត​ដោយ​សេរី និងយុត្តិធម៌​នៅកម្ពុជា?

រដ្ឋធម្មនុញ្ញ​ដែលកើតចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ចែងថា «ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស ហើយ​ពលរដ្ឋកម្ពុជា គឺ​ជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអស់ជារបស់ប្រជាពលរដ្ឋ»។

មន្ត្រីសម្របសម្រួលអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែល លោក កន សាវាង្ស ពន្យល់ថា ប្រព័ន្ធបោះឆ្នោត​សេរីត្រឹមត្រូវ និងយុត្តិធម៌ បានផ្តល់អត្ថប្រយោជន៍ធំៗ ៥ដល់ប្រទេសជាតិ នោះគឺការផ្ទេរអំណាចដោយសន្តិវិធី សង្គមគ្មានការលាបពណ៌គ្នា មិនប្រឈមនឹងការបែកបាក់ជាតិ ទប់ស្កាត់ការកេងចំណេញពីប្រទេសជិតខាង  ប្រទេសជាតិមានការអភិវឌ្ឍ និងមានការគាំទ្រពីសហគមន៍អន្តរជាតិ។

លោក កន សាវាង្ស វិភាគថា ប្រព័ន្ធបែបនេះ បានចាប់បង្ខំអ្នកនយោបាយ ឲ្យធ្វើអ្វីៗដើម្បីតែប្រយោជន៍ជាតិ ព្រោះឱកាសនៃការឡើងទៅកាន់អំណាចរបស់ពួកគេ ស្ថិតក្នុងដៃម្ចាស់ឆ្នោត ពោលគឺប្រព័ន្ធបែបនេះ នឹងធ្វើឲ្យអ្នកឈ្នះៗដោយកិត្តិយស រីឯអ្នកចាញ់ៗដោយអស់ចិត្ត។

លោក កន សាវាង្ស ប្រាប់ថា៖ «រឿងសំខាន់ គឺធ្វើឲ្យអ្នកឈ្នះៗដោយមានមុខមានមាត់ ចាប់ដៃគ្នាដើម្បីអភិវឌ្ឍបន្តទៀត ជាមួយអ្នកដែលចាញ់ហ្នឹង ហើយអ្នកដែលប្រកួតចាញ់ឱ្យអស់ចិត្ត​ថា ខ្លួនឯងហ្នឹងកម្លាំងវាអស់ហើយ។ អ៊ីចឹងអាហ្នឹងវាកើតពីស្អី វាកើតពីការបោះឆ្នោតមួយមានការចូលរួម និងទុកចិត្ត ហើយបើបោះឆ្នោតហ្នឹងវាមិនត្រឹមត្រូវ វានៅតែជាបញ្ហាចោទគ្នាទៅវិញទៅមក បង្កើតតែជម្លោះអត់ឈប់»

ប្រធានគ្រប់គ្រងផ្នែកអង្គេតនៅអង្គការលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ជំរុញដល់ការលើកកម្ពស់សិទ្ធិមនុស្សតាមគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។ លោកថា គោលការណ៍គ្រឹះនេះ បានទប់ស្កាត់វិបត្តិសង្គម និងការរំលោភសិទ្ធិមនុស្ស។

លោក អំ សំអាត មាន​ប្រសាសន៍ថា៖ «ឧទាហរណ៍ប្រទេសយើងចាប់ពីឆ្នាំ១៩៩៣មក ពេលបោះឆ្នោតម្តងៗ វាមានការជាប់គាំងនយោបាយ ធ្វើឲ្យប៉ះពាល់ដល់បញ្ហាសេដ្ឋកិច្ចបញ្ហាសង្គម និងបញ្ហាផ្សេងៗទៀត។ អាហ្នឹងជាផលលំបាកសម្រាប់សង្គមយើង»

អ្នកឃ្លាំមើលសិទ្ធិមនុស្សរូបនេះ វិភាគថា បើប្រទេសមួយមានប្រព័ន្ធបោះឆ្នោតមិនរឹងមាំ អ្នកនយោបាយជាអ្នក​កំណត់វាសនាពលរដ្ឋ មិនមែនពលរដ្ឋជាម្ចាស់ឆ្នោតជាអ្នកកំណត់វាសនាអ្នកនយោបាយទេ។

លោក អំ សំអាត មាន​ប្រសាសន៍​បន្ត​ថា៖«ការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ វាត្រូវឈរនៅលើការប្រកួតប្រជែងដោយស្មើភាពរបស់គណបក្សនយោបាយ។ អ៊ីចឹងអ្វីៗ [ដែលអ្នកនយោបាយធ្វើ ] ត្រូវតែបង្ហាញស្នាដៃឲ្យពលរដ្ឋទុកចិត្ត ជាផលចំណេញសម្រាប់ប្រទេសជាតិ សម្រាប់រដ្ឋាភិបាល។ តែបើការបោះឆ្នោតមិនត្រឹមត្រូវ និងយុត្តិធម៌ទេ អាហ្នឹងអ្នកនយោបាយដើរតួនាទីធំជាងប្រជាពលរដ្ឋ»

មជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានចេញរបាយការណ៍​មួយ​កាលពីថ្ងៃទី២៧ ខែ​សីហា​កន្លង​មក ដោយ​លើកឡើងថា សេរីភាពបញ្ចេញមតិដែលជាសិទ្ធិមូលដ្ឋាន ពិសេសទំនាស់ដីធ្លី ត្រូវបានអាជ្ញាធររដ្ឋ​ប្រើប្រព័ន្ធតុលាការ និងកងម្លាំង ដើម្បីយាយី និងរំលោកបំពាន។

មជ្ឈមណ្ឌលនេះ បានកត់សម្គាល់ថា រយៈពេល ១ឆ្នាំ​ចាប់​ពីខែសីហា ឆ្នាំ២០១៨ ដល់ខែមិថុនា ឆ្នាំ២០១៩នេះ អ្នកតស៊ូមតិក្នុងជម្លោះដីធ្លី១០៥នាក់ រងការគំរាមកំហែង ក្នុង​នោះ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី ២១​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ដាក់​ខ្លួន ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី ៦០​នាក់ ត្រូវ​បាន​កោះ​ហៅ​ទៅ​សាក​សួរ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​តុលាការ ហើយ​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី ៥​នាក់ ត្រូវ​បាន​តុលាការ​ផ្ដន្ទា​ទោស។

ជា​ការ​ឆ្លើយ​តប​នឹង​របាយការណ៍​នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បាន​​ហៅ​​របាយការណ៍នេះថា មិនគ្រប់ជ្រុងជ្រោយ​នោះ​ទេ ព្រោះថា បានចាប់កំហុសសមត្ថកិច្ច ដែលចុះពង្រឹងសណ្តាប់ធ្លាប់សង្គម។

អ្នកវិភាគនយោបាយ លោក ឯម សុវណ្ណរ៉ា មានប្រសាសន៍ថា ភាពរឹងមាំនៃប្រព័ន្ធបោះឆ្នោត ពិតជាបានកាត់បន្ថយជម្លោះនយោបាយក្រោយការបោះឆ្នោត ប៉ុន្តែ លោក​ថា ការផ្ទេរអំណាចដោយសន្តិវិធី អាចជោគជ័យទៅបាន​នៅប្រ​ទេស​​ជឿនលឿន គេការប្រព័ន្ធយុត្តិធម៌ឯករាជ្យ ព្រោះជម្លោះនយោបាយខ្លះ ទីចុងបំផុតស្ថិតលើដៃតុលាការ។

ការ​រំលាយ​បក្ស​ប្រឆាំង និង​ការ​ចាប់​ខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​មួយ​នេះ បាន​កើត​ឡើង​ក្រោយ​ពី​គណបក្ស​មួយ​នេះ ទទួល​បាន​សំឡេង​គាំ​ទ្រ​​ដល់​ទៅ​ជាង ៣​លាន ៥​សែន​សំឡេង ដែល​ជា​ចំនួន​ប្រហាក់​ប្រហែល​គ្នា​នឹង​សំឡេង​គាំ​ទ្រ​របស់​គណបក្ស​កាន់​អំណាច នៅ​ក្នុង​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ឆ្នាំ​២០១៧​កន្លង​មក។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានយកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម ​ដាក់សម្ពាធរដ្ឋាភិបាលកម្ពុជា ឲ្យស្តារប្រជាធិបតេយ្យ ដោះលែងលោក កឹម សុខា និងឱ្យអតីតគណបក្សប្រឆាំង បានដំណើរការឡើងវិញ ជាថ្នូរនឹងរក្សាទុកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម​នេះ។

សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) កាលពីខែសីហា បានបង្ហាញកង្វល់​តាមសេចក្តីថ្លែងការណ៍ថា កម្មករ​កាត់​ដេរ​កម្ពុជា​ខ្ទង់ ៧៥​ម៉ឺន​នាក់ នឹង​រង​ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់ ហើយ​ពលរដ្ឋ​កម្ពុជា​ខ្ទង់ ៣​លាន​នាក់​ទៀត នឹង​រង​ផល​ប៉ះ​ពាល់​ដោយ​ប្រយោល ប្រសិន​បើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ត្រូវ​បាន​ដក​ហូត​ពី​កម្ពុជា​នោះ។

ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានប្រាប់ VOD ថា ការបាត់បង់ EBA ជាការសម្រេចចិត្តរបស់សហភាពអឺរ៉បុ ហើយ​លោកថា វា​មិនស្ថិតលើរដ្ឋាភិបាលកម្ពុជាទេ។

សរុបសេចក្តីទៅ អ្នកវិភាគ​យល់​ថា កម្ពុជាចាំបាច់ត្រូវមានប្រព័ន្ធបោះឆ្នោតមួយមានលក្ខណៈ​សេរី ត្រឹមត្រូវ និងយុត្តិធម៌ តាមយន្តការប្រជាធិបតេយ្យ ទើបអាចជំរុញការអភិវឌ្ឍជាតិ​ប្រកបដោយតម្លាភាព មានយុត្តិធម៌សង្គម ធានាដល់ការគោរពសិទ្ធិមនុស្ស លើកកម្ពស់សិទ្ធិម្ចាស់ឆ្នោត ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ទប់ស្កាត់ភាពផុយស្រួយនៃការបែកបាក់ជាតិ និងជំរុញដល់យន្តការផ្ទេរអំណាចដោយសន្តិវិធី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ