ហុងកុង ព្រមានប្រឆាំងអន្តរាគមន៍ពីបរទេស ក្រោយក្រុមបាតុករហែក្បួនទៅស្ថានកុងស៊ូលអាមេរិក

ក្រុមបាតុករប្រមូលផ្តុំគ្នានៅមុខស្ថានកុងស៊ុលអាមេរិក ក្នុងទីក្រុងហុងកុង (ប្រភព: Al Jazeera)

អភិបាលក្រុងហុងកុង ថ្លែងប្រមានដល់រដ្ឋបរទេស នៅថ្ងៃអាទិត្យ ហាមមិនឱ្យលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន បន្ទាប់ពីក្បួនបាតុករបានហែទៅដល់ស្ថានកុងស៊ុលអាមេរិក ដើម្បីស្នើទៅសភានៃប្រទេសមួយនេះ ឆ្លងច្បាប់ Hong Kong Human Rights and Democracy Act ថ្មីរបស់ខ្លួន។ នេះបើយោងតាមប្រភពព័ត៌មានពី Channel News Asia ចេញផ្សាយនៅព្រឹកមិញ។

តាមប្រភពដដែល សំណើច្បាប់ថ្មីស្តីពីសកម្មភាពប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ពលរដ្ឋហុងកុង ត្រូវបានស្នើឡើងដោយសមាជិកសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Jim McGovern ក្នុងខែមិថុនា ដើម្បីឱ្យអាមេរិកគាំទ្រកិច្ចខំប្រឹងប្រែងរបស់ពលរដ្ឋហុងកុងក្នុងការទទួលបាននូវសិទ្ធិមនុស្ស និងក្រមច្បាប់ដែលពួកគេសាកសមនឹងទទួលបាន។

ឆ្លើយតបនឹងសំណើនេះ រដ្ឋបាលក្រុងហុងកុង បានចេញសារព្រមាននៅថ្ងៃច័ន្ធនេះ ដោយហាមមិនឱ្យរដ្ឋបរទេសណាមួយលូកដៃអន្តរាគមន៍ចូលកិច្ចការផ្ទៃក្នុងតំបន់រដ្ឋបាលពិសេសរបស់ខ្លួន ទោះក្នុងទម្រង់ណាក៏ដោយ ហើយប្រកាសប្រឆាំងដាច់ខាតរាល់សកម្មភាពបាតុកម្មជ្រុលនិយមណាមួយ ដែលមាន​បំណងយកហុងកុងធ្វើជាតំបន់អបគមន៍ ផ្តាច់ពីដែនអំណាចរបស់ចិន។ នេះបើយោងតាមរបាយការណ៍ពីបណ្តាញសារព័ត៌មានរដ្ឋចិន Xinhua។

បន្ទាប់ពីកើតមានព្រឹត្តិការណ៍បង្រ្កាបដ៏ហិង្សានៅទីលានធានអានមិញ ក្នុងឆ្នាំ១៩៨៩ សភាអាមេរិកបានចែងច្បាប់មួយឈ្មោះ Hong Kong Policy Act ក្នុងឆ្នាំ ១៩៩២ ដោយចាត់ទុកហុងកុងជាតំបន់ផ្តាច់ខ្លួនពីប្រទេសចិនដីគោក ហើយតាមរយៈច្បាប់នោះ ក្រុមហ៊ុននៅហុងកុង អាចនាំយកបច្ចេកវិទ្យាទំនើបៗ ដែលត្រូវបានដាក់កម្រិតទៅលើក្រុមហ៊ុនចិនដីគោក ឱ្យចូលទីផ្សារអាមេរិកបានដោយសេរី។ នេះបើយោងតាមប្រភពពីសារព័ត៌មាន Al Jazeera ចុះផ្សាយថ្ងៃម្សិលមិញ។

ប្រភពដដែលឱ្យដឹងទៀតថា ច្បាប់ដែលផ្តល់លក្ខខណ្ឌពិសេសដល់ដែនដីស្វ័យតមួយនេះពីអាមេរិក ត្រូវបានក្រុមបាតុករអះអាងថា កំពុងរងការរំលោភបំពានពីរដ្ឋាភិបាលក្រុងប៉េកាំង តែក្រុងប៉េកាំងប្រកាសថា បញ្ហាផ្ទៃក្នុងរបស់ហុងកុងគឺជាបញ្ហារបស់ចិន និងព្រមានថា នឹងធ្វើសកម្មភាពឆ្លើយតបគ្រប់ពេល បើបាតុកម្មដែលកំពុងបំផ្លាញសេដ្ឋកិច្ចហុងកុងនេះ ប៉ះពាល់ដល់បូរណភាពដែនដីរបស់ចិន។

នៅចុងខែសីហា ប្រមុខទីក្រុងហុងកុង លោកស្រី Carrie Lam បានប្រកាសបង្កើតកិច្ចសន្ទនាជាមួយក្រុមបាតុករ ដើម្បីស្វែងរកដំណោះស្រាយ និងស្តារស្ថានការណ៍ដែលកំពុងជាប់គាំង បន្ទាប់ពីចលនាបាតុកម្មទាមទារឱ្យលុបច្បាប់ស្តីពីការធ្វើបត្យាប័នពលរដ្ឋហុងកុងទៅចិនដីគោក បានបន្តអូសបន្លាយជាច្រើនខែ និងផ្ទុះហិង្សាម្តងម្កាលរវាងប៉ូលីស និងក្រុមបាតុករ ដោយ​រហូតមកទល់ពេលនេះ មានបាតុករជាង៧០០ នាក់ហើយត្រូវបានចាប់ខ្លួន។

ឆ្លើយតបនឹងស្ថានការដែលកាន់តែតានតឹងនេះ ប្រមុខរដ្ឋហុងកុងបានប្រកាសថា នឹងលុបចោលជាផ្លូវការនៅច្បាប់បត្យាប័ណនោះ បន្ទាប់ពីខ្លួនបានប្រកាសដកចោលច្បាប់នេះដោយផ្ទាល់មាត់នៅសប្តាហ៍មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ