វិភាគ៖ មានកត្តាអ្វីជំរុញឱ្យមានការចរចានយោបាយទេ?

លោក ហ៊ុន សែន និងលោក សម រង្ស៊ី

រហូត​មក​ដល់​ថ្ងៃ​នេះ ក្រុម​មេដឹកនាំ​នយោបាយកម្ពុជា ហាក់លែងនិយាយគ្នាដោយសន្តិវិធី​ដើម្បីស្វែងរកការផ្សះផ្សាជាតិឡើងវិញបាន​ ខណៈប្រទេសជាតិ​កំពុងប្រឈមទៅនឹងការគំរាមកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មពីសហគមន៍អន្តរជាតិ។

កាល​ពីសប្តាហ៍មុន លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន បានប្រកាសថា នឹងចុះចេញពីតំណែងបើចាប់​លោក សម រង្ស៊ី មិនបានក្នុងរយៈពេល ២៤ម៉ោង ប្រសិន​បើ​អតីតមេបក្សប្រឆាំងរូបនេះ មកជាន់ទឹកដីកម្ពុជាវិញតាមការគ្រោងទុក​។

លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនវិញ បានគំរាមថា ពេលមកដល់កម្ពុជា លោក​នឹងប្រមែប្រមូលអ្នកគាំទ្រ​ទៅចាប់ខ្លួន លោក ហ៊ុន សែន ដែលកំពុងកាន់អំណាច ជា​អ្វីដែលលោកថា ដើម្បីសង្គ្រោះប្រជាធិបតេយ្យ​ឡើង​វិញ។

ជ្រុងមួយនៃបញ្ហារនេះគឺកើតចេញពីការបោះឆ្នោតជាតិចម្រូងចម្រាស់​កាល​ពី​ឆ្នាំ២០១៨ ដែលធ្វើអោយ សហគមន៍អន្តរជាតិលោកសេរី គំរាមដកប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្មបើអតីតគណបក្សប្រឆាំង នៅតែគ្មានលទ្ធភាពចូលរួមប្រកួតការបោះឆ្នោតឡើងវិញ​ មានលក្ខណសេរី​ និង យុត្តិធម៌នោះ។

សមាគមរោងចក្រកាត់ដេរកម្ពុជា GMAC បានព្យាករណ៍ថា ពលរដ្ឋខ្មែរជិត ៤លាននាក់ នឹងរងផលប៉ះពាល់ ប្រសើន​បើ​ប្រព័ន្ធអនុគ្រោះពន្ធ ត្រូវ​បាន​ដក​ហូត​មែន​នោះ។

នៅ​ពេល​ដែល​ជម្លោះនយោបាយ កំពុងបង្កភាពមិនច្បាស់លាស់​គំរាម​កំហែង​ដល់​ជីវភាព​រស់​នៅ​របស់​ពលរដ្ឋច្រើនលាននាក់បែបនេះ វា​បង្កើតជាសំណួរថា តើមានកត្តាអ្វីជំរុញឱ្យមានការចរចានយោបាយទេ?

អ្នកឃ្លាំមើលបង្ហាញក្តីបារម្ភថា ជម្លោះនយោបាយពេលនេះ បានជំរុញកម្ពុជាដល់ចំនុចផុយស្រួយនៃការបែកបាក់ជាតិ និងអាចឈានដល់មានវិបត្តិសង្គម បើគ្មានការចរចានយោបាយណាមួយកើតឡើងទាន់ពេលទេនោះ។

អតីតគណបក្សប្រឆាំង ដែលតុលាការកំពូលចេញសាលដីការំលាយកាលពីចុងឆ្នាំ២០១៧នោះ មានអ្នកគាំទ្រជាង៣លាននាក់។ ចំនួននេះ ប្រហាក់ប្រហែលទៅនឹងអ្នកគាំទ្រ​បក្សកាន់អំណាចដែរ បើគេពិនិត្យមើលលទ្ធផលផ្លូវការនៃការប្រោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់​កាល​ពីឆ្នាំ២០១៧។

អ្នកវិភាគនយោបាយ លោកបណ្ឌិត ឡៅ ម៉ុង ហៃ ពន្យល់ថា មានកត្តាជាច្រើនដែលជំរុញមេដឹកនាំ​នយោបាយ​កម្ពុជា​ ឱ្យវិលទៅរកតុចរចា​វិញ និង​តម្កល់ផលប្រយោជន៍ជាតិ។

លោក ឡៅ ម៉ុងហៃ វិភាគថា កត្តាទី១ មហាជនជន រួមទាំងឥស្សរជននយោបាយទាំងសងខាង ត្រូវចេះដាក់សម្ពាធ ទៅមេដឹកនាំរបស់ខ្លួន ឱ្យដកថយទៅនិយាយគ្នាពីផលប្រយោជន៍ជាតិ។

លោក ឡៅ ម៉ុងហៃ មាន​ប្រសាសន៍ថា៖ «សម្ពាធពីសាធារណជនដែលមិនចង់ឱ្យជម្លោះក្លាយជាសង្គ្រាមក្នុងស្រុក នេះជាកម្លាំងមួយដែលអាចញែកអ្នកទាំងពីរហ្នឹង [លោក ហ៊ុន សែន និងលោក សម រង្ស៊ី] ឱ្យថយក្រោយ គិតពិចារណារកដំណោះស្រាយដោយសន្តិវិធី ដែលយើងធ្លាប់ធ្វើពីមុនៗមក​រវាងខ្មែរ និងខ្មែរ ក្រោមអធិបតីភាពព្រះមហាក្សត្ររបស់យើង»។

អ្នកវិភាគរូបនេះ ពន្យល់ទៀតថា យន្តការទី២ បើអ្នកនយោបាយខ្មែរគិតពីប្រយោជន៍ជាតិ ពួកគេគួរសុំជំនួយពីព្រះមហាក្សត្រ ឱ្យធ្វើជាអាជ្ញាកណ្តាល ស្វែងរកដំណោះស្រាយដើម្បីផ្សះផ្សាជាតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ។

លោក ម៉ុងហៃ បន្ថែមថា៖ «ជាតួនាទីព្រះមហាក្រត្យហើយ ដែលគូភាគីត្រូវវិលត្រឡប់មកអនុវត្តតាមរដ្ឋធម្មនុញ្ញដែលជាឆន្ទៈមោះមុតរបស់ពលរដ្ឋខ្មែរយើងនៅឆ្នាំ១៩៩៣ហ្នឹង»។

រដ្ឋធម្មនុញ្ញចែងថា «ព្រះមហាក្សត្រ ព្រះអង្គទ្រង់ជានិមិត្តរូបនៃឯកភាពជាតិ ធានាឯករាជ្យជាតិ អធិបតេយ្យ និង បូរណភាពទឹកដី។ ព្រះមហាក្រត្រ ទ្រង់ជាអ្នកធានាការគោរពសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ និងការគោរពសន្ធិសញ្ញាអន្តរជាតិ។ ព្រះមហាក្សត្រ​ទ្រង់មានតួនាទីខ្ពង់ខ្ពស់ជាអាជ្ញាកណ្តាល ដើម្បីធានាការប្រព្រឹត្តទៅនៃអំណាចសាធារណៈឱ្យមានភាពទៀតទាត់»

អ្នកវិភាគនយោបាយនៅក្រៅប្រទេស លោក គឹម សុខ វិភាគថា ការចរចាត្រូវតែមាន ដើម្បីរកដំណោះស្រាយ​តម្កល់ប្រយោជន៍ជាតិ ប៉ុន្តែ លោកថា ការចរចា ឬមិនចរចា ស្ថិតនៅ​លើលោក ហ៊ុន​ សែន  មិនអាស្រ័យលើលោក សម រស្ស៊ី នោះ​ទេ។

អ្នកវិភាគរូបនេះ វិភាគទៀតថា កត្តាដែលជំរុញឱ្យបក្សកាន់អំណាច បើកផ្លូវឱ្យមានការចរចានយោបាយ ដើម្បីផ្សះជាតិឡើងវិញនោះ អាស្រ័យលើទម្ងន់នៃសម្ពាធរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដែលកំពុងជំរុញទៅរដ្ឋាភិបាលឱ្យស្តារប្រជាធិបតេយ្យឡើងវិញ។

លោក គឹម សុខ ប្រាប់ថា៖ «បើលោក ហ៊ុន សែន គាត់ស្ទង់ឃើញថា សម្ពាធហ្នឹង ប៉ះពាល់ដល់ប្រយោជន៍ផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ហើយក៏មានឥទ្ធិពលដល់ការបាត់បង់ការងារកម្មករ ៧៥ម៉ឺននាក់ ប៉ះពាល់ដល់ប្រជារាស្ត្រ ៣លាននាក់ជាប្រយោលទៀត នេះជាផលលំបាកយ៉ាងធ្ងន់ធ្ងរណាស់ ហើយផលវិបាកបែបនេះ ក្រុមលោក ហ៊ុន​ សែន កំពុងស្ទង់មើលថា តើត្រូវចរចា ឬក៏អត់ដែរ»។

លោក គឹម សុខ​ វិភាគទៀតថា សម្ពាធមួយទៀត ដែលជំរុញឱ្យមានការចរចានយោបាយដែរនោះ គឺស្ថាប័នរដ្ឋសភា ត្រូវដើរតួនាទីសកម្ម ក្នុងការចាប់បង្ខំរដ្ឋាភិបាល ឱ្យគោរព​តាម​រដ្ឋធម្មនុញ្ញ បើមើលឃើញថា របត់រនយោបាយកំពុង បង្កមហន្តរាយដល់ប្រទេសជាតិនោះ។

រដ្ឋធម្មនុញ្ញចែងថា «ព្រះរាជាណាចក្រកម្ពុជា អនុវត្តនយោបាយប្រជាធិបតេយ្យ សេរី ពហុកបក្ស។ ពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន។ អំណាចទាំងអរស់ជារបស់ប្រជាពលរដ្ឋ»

សហភាពអឺរ៉ុប បានប្រកាសរួចហើយពីការ​ដំណើរការ​នៃ​នីតិវិធី​ដែល​អាច​ឈាន​ទៅ​រក​ការព្យួរប្រព័ន្ធអនុគ្រោះពន្ធ «អ្វី​គ្រប់​យ៉ាង​លើក​លែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA បើរដ្ឋាភិបាលមិនបើកលំហប្រជាធិបតេយ្យឡើងវិញ តាមរយៈរៀបចំការបោះឆ្នោតឡើងវិញតាមយន្តការប្រជាធិបតេយ្យ និង​គ្មាន​វត្តមានអតីតគណបក្សប្រឆាំងដែលបានរំលាយទៅហើយនោះ បានចូលរួមប្រកួតឡើងវិញ។ លទ្ធផលនៃការព្យួរ​សហភាពអឺរ៉ុប នឹងប្រកាសឱ្យរដ្ឋាភិបាលដឹងនៅត្រឹមខែកុម្ភះដើមឆ្នាំ២០១៩។

ចំណែកសហរដ្ឋអាមេរិកវិញ ក៏បានគំរាមដូចគ្នាពីលទ្ធភាពដកប្រព័ន្ធអនុគ្រោះពន្ធ​ទូទៅ GSP របស់ខ្លួន ជាអ្វីដែលអាមេរិកថា ដើម្បីដាក់សម្ពាធឱ្យរដ្ឋាភិបាលលោក ហ៊ុន សែន ស្តារប្រជាធិបតេយ្យឡើងវិញ។

ជាងនេះទៅទៀតសភាអាមេរិក បានអនុម័តរួចហើយនៅសេចក្តីស្នើច្បាប់ ប្រជាធិបតេយ្យកម្ពុជា ឬហៅថា HR 526 សម្រាប់ដាក់ទណ្ឌកម្មទិដ្ឋាការ និងបង្កទ្រព្យសម្បត្តិមន្ត្រីជាន់ខ្ពស់ និងអ្នកស្និទនឹងលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែច្បាប់នេះ ត្រូវឆ្លងកាត់ព្រឹទ្ធសភាអាមេរិក និងប្រធានាធិបតី លោក ដូណាល់ ត្រំា ទើបចូល​ជា​ធរមាន។

អ្នកវិភាគនយោបាយលោក ឯម សុវណ្ណរ៉ា វិភាគប្រហាក់ប្រហែលដែរថា កត្តាចំបងមួយទៀត ដែលចាប់បង្ខំបក្សកាន់អំណាច ឱ្យវិលទៅរកតុចរចានោះ គឺវិធានាការរបស់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ពាក់ព័ន្ធទៅនឹងការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះផ្នែកពាណិជ្ជកម្ម និងច្បាប់បង្កកទ្រព្យសម្បតិ៍មន្ត្រីជាន់ខ្ពស់ និងអ្នកនៅជុំវិញខ្លួនថ្នាក់ដឹកនាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ