កម្ពុជាសម្រេចទិញអគ្គិសនី២៤០០មេហ្គាវ៉ាត់ពីប្រទេសឡាវ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្តីពី គម្រោងទិញថាមពលអគ្គីសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ ពីប្រទេសឡាវ (រូបភាព៖ ហ្វេសប៊ុក លោកយករដ្ឋមន្រ្តី ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចអនុម័ត លើគម្រោងទិញថាមពល​អគ្គិសនី​ផលិតដោយធ្យូងថ្ម ២៤០០មេហ្កាវ៉ាត់ ពីប្រទេសឡាវដើម្បីបំពេញតម្រូវការនៅក្នុងប្រទេស។​

នៅក្នុងកិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពីព្រឹកមិញនេះលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា កម្ពុជានឹងទិញ អគ្គីសនីផ្ទាល់ពីរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្មចំនួនពីររបស់ប្រទេសឡាវ ដែលមានថាមពលសរុប២៤០០មេហ្កាវ៉ាត់ ស្ថិតក្នុងស្រុក កាលើម ខេត្តសេកុង និងស្រុក តាអយ ខេត្តសាឡាវ៉ាន។

ក្នុងកិច្ចព្រមព្រៀងអគ្គិសនីត្រូវកំណត់តម្លៃត្រឹម៧,៧សេនអាមេរិកក្នុងមួយគីឡូវ៉ាត់ម៉ោង អំឡុងពេល៣០ឆ្នាំថេ ហើយឡាវមានកាតព្វកិច្ចសាងសង់អនុស្ថានីយ និងខ្សែបញ្ជូនអគ្គីសនី៥០០គីឡូវ៉ុល ពីរោងចក្រផលិតមកព្រំដែន ចំខេត្តចំប៉ាសាក់ប្រទេសឡាវ ជាប់នឹងខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា ខណៈភាគីខ្មែរក៏ត្រូវសាងសង់អនុស្ថានីយ និងខ្សែបញ្ជូន៥០០គីឡូវ៉ុលពីភ្នំពេញេរហូតព្រំដែនដូចគ្នាដែរ ដើម្បីទទួលយកប្រភពថាមពលទើបទិញថ្មីនេះ។

សូមបញ្ជាក់ថា សេចក្តីសម្រេចអនុម័ត លើគម្រោងទិញថាមពល​អគ្គីសនី​ផលិតដោយធ្យូងថ្ម ២៤០០មេហ្កាវ៉ាត់ ពីប្រទេសឡាវនេះ ធ្វើឡើងមុនមួយថ្ងៃប៉ុណ្ណោះ នៃជំនួបរវាងនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និងប្រទេសឡាវ។ លោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវនឹងមកបំពេញទស្សនៈកិច្ចផ្លូវការនៅប្រទេសកម្ពុជារយៈពេលពីរថ្ងៃ ពីថ្ងៃទី១២ រហូតដល់ទី១៣ នាខែកញ្ញានេះ។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ