អគ្គនាយកដ្ឋានគយ អះអាងថា​សំរាមទាំង ៨៣កុងតឺន័រ ត្រូវបានដឹកចេញពី​កម្ពុជាអស់​ហើយ​

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (រូបភាព៖ ជន ចាន់រ៉ែន)

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ អះអាងថា សំរាមកាកសំណល់ប្លាស្ទិកចំនួន​៨៣កុងតឺន័រដែលនាំចូលមកខេត្តព្រះសីហនុ ត្រូវបានក្រុមហ៊ុនដឹកចេញពីកម្ពុជាវិញអស់ហើយកាលពីចុងសប្តាហ៍មុន។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះទី១៦ ខែកញ្ញា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែកញ្ញា ក្រុមហ៊ុនឈ្មោះ CHUNGYUEN PLASTIC MANUFACTURE CO.,LTD បានដឹកសំរាម៦៩កុងតឺន័រដែលនៅសល់ទៅប្រទេសដើមវិញ រួចរាល់ហើយ។ ចំណែក​សំរាម​១៤កុងតឺន័រទៀតបានដឹកចេញកាលពីថ្ងៃទីថ្ងៃទី២០ ខែសីហា ប៉ុន្តែមិនបានបញ្ជាក់ថាដឹកទៅប្រទេសណាមួយនោះទេ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បញ្ជាក់ថាម្ចាស់ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.,LTD បានបំពេញលក្ខខណ្ឌដែលបានសម្រេចដោយអាជ្ញាធរកម្ពុជាអស់ហើយ និងបង់ប្រាក់ពិន័យចូលកញ្ចប់ថវិកាជាតិគ្រប់ចំនួនផងដែរ។

វិអូឌី បានព្យាយាមសុំការបញ្ជាក់បន្ថែមពីប្រធាន​អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា លោក គុណ ញឹម តាមរយៈទូរស័ព្ទ និងTelegram ប៉ុន្តែពុំមានការឆ្លើយតប។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ឱ្យដឹងថាគម្រោងនាំសំរាមកាកសំណល់ប្លាស្ទិកត្រឡប់ទៅកាន់ប្រទេសដើមវិញនោះធ្លាប់សុំពន្យារទៅថ្ងៃទី២៥ខែតុលា ដោយមូលហេតុអាកាសធាតុ និងការកកស្ទះទំនិញច្រើន។

ក្រុមហ៊ុន CHUNGYUEN PLASTIC MANUFACTURE CO.,LTD បាននាំចូលសំរាមទាំង៨៣កុងតឺន័រមកកម្ពុជាចាប់ពីខែកញ្ញាឆ្នាំ២០១៨ ដល់ខែមករាឆ្នាំ២០១៩ ហើយក្រុមហ៊ុននេះត្រូវបានអាជ្ញាធរកម្ពុជាពិន័យជាប្រាក់ជិត ២៥៥,០០០ ដុល្លារ។

កាលពីថ្ងៃ​ទី​១៧ ខែ​កក្កដា សមត្ថកិច្ចកម្ពុជា បាន​បើកទូកុងទឺន័រក្នុងកំពង់​ផែស្វយ័តខេត្ត​ព្រះសីហនុ រកឃើញសំរាមប្លាស្ទិក​ចំនួន ៨៣កុងទឺន័រ ​ដែលមានទម្ងន់ជិត ១៦០០តោន។ អាជ្ញាធរកម្ពុជា​ បាន​អះអាងថា​ សំរាមទាំងនោះមានប្រភព​មក​ពីសហរដ្ឋអាមេរិក និងកាណាដា។

ទោះយ៉ាងណាក៏ដោយ ភាគី​កាណាដា មិនបាន​ទទួលស្គាល់​ថាសំរាម​នោះ​ជារបស់​ខ្លួន​ទេ។ អ្នក​នាំពាក្យ​ក្រសួងបរិស្ថាននិង​បម្រែប្រួល​អាកាសធាតុ​កាណាដាកាលពីថ្ងៃទី៦ ខែកញ្ញា​ បានឆ្លើយប្រាប់​វីអូឌី​តាម​អ៊ីមែល​ថាកាកសំណល់​ដែលគេនាំចេញទៅកាន់ប្រទេសកម្ពុជា​មិនមែនមាន​ប្រភពចេញពីប្រទេសកាណាដាទេ ហើយ​ដូច្នេះ​​នឹង​គ្មាន​ការ​ដឹកជញ្ជូន​ត្រឡប់​ទៅប្រទេសកាណាដាវិញ​នោះទេ។ ចំណែកលោក Arend Zwartjes អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំក្រុងភ្នំពេញកាលពីថ្ងៃចន្ទសប្តាហ៍មុន​បានបដិសេធធ្វើអត្ថាធិប្បាយថាតើ​សំរាម​ទាំងនោះ​ជារបស់​ខ្លួន​ឬមិនមែន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ