ក្រសួងយុត្តិធម៌ ព្រមានថាមន្ត្រីរាជការណាដែលចូលរួមគាំទ្រចលនាអតីតគណបក្សប្រឆាំងដែលដឹកនាំដោយលោកសម រង្ស៊ី នឹងជាប់គុកអស់មួយជីវិត ដោយចាត់ទុកសកម្មភាពនេះថាជាការធ្វើរដ្ឋប្រហារមានទោសឧក្រិដ្ឋធ្ងន់ធ្ងរ។
ការប្រកាសបែបនេះរបស់ក្រសួងយុត្តិធម៌ធ្វើឡើង បន្ទាប់ពីលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួន អំពាវនាវទៅកងកម្លាំង និងពលរដ្ឋឲ្យចូលរួម គាំទ្រដំណើរវិលត្រឡប់ចូលកម្ពុជាវិញនៅថ្ងៃទី៩វិច្ឆិកាឆ្នាំ២០១៩នេះ នូវអ្វីដែលលោកហៅថាដើម្បីប្តូរមេដឹកនាំសង្គ្រោះប្រជាធិបតេយ្យ។
សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២០កញ្ញា ក្រសួងយុត្តិធម៌លើកឡើងថា ការប្រកាសរបស់លោក សម រង្ស៊ីនេះជាការប៉ុនប៉ងធ្វើរដ្ឋប្រហារតាមរយៈការប្រើប្រាស់វិធីញុះញង់ ដើម្បីអូសទាញកម្លាំងប្រដាប់អាវុធរបស់ជាតិ ឲ្យបះបោរតាមរូបភាពជាបដិវត្តដោយហិង្សា ក្នុងគោលដៅផ្តួលរំលំរដ្ឋាភិបាល។
ក្រសួងយុត្តិធម៌ចាត់ទុកថា សកម្មភាពនេះ ជាអំពើវិទ្ធង្សនា ដែលជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតប៉ះពាល់ដល់សន្តិសុខរដ្ឋ។បើតាមក្រសួងបទឧក្រិដ្ឋនេះត្រូវដាក់ពន្ធនាគារពី១៥ទៅ៣០ឆ្នាំ ហើយថា«ប្រសិនបើជនល្មើសជារាជការសាធារណៈ ទោសសម្រាប់ បទល្មើសឧបឃាត នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធគារអស់មួយជីវិត»។
គិតត្រឹមថ្ងៃសុក្រនេះ មន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិ ២៦រូបហើយ ត្រូវសមត្ថកិច្ចចាប់ខ្លួនដោយរងការចោទពីបទញុះញង់កៀរគរមហាជនឱ្យទទួលលោកសម រង្ស៊ី ដែលគ្រោងវិលត្រឡប់វិញនៅថ្ងៃទី៩ ខែវិច្ឆិកា៕