វិភាគ​៖ អ្វី​ជា​កត្តា​ចម្បង​រារាំង​ដល់​ការចរចា​ដើម្បី​ផ្សះផ្សា​ជាតិ​?

លោក ហ៊ុន សែន និងលោក សម រង្ស៊ី

សហរដ្ឋអាមេរិក​ តាមរយៈ​ក្រសួង​ការបរទេស​របស់​ខ្លួន​ត្រឹម​ខែកញ្ញា​នេះ​ បាន​ជំរុញ​ដល់ទៅ​ពីរ​ដង​ ឱ្យ​រដ្ឋាភិបាល​របស់​លោក​ ហ៊ុន​ សែន​ ដោះលែង​លោក​ កឹម​ សុខា​ និង​សកម្មជន​អតីត​បក្ស​ប្រឆាំង​ ដែល​បាន​ចាប់​ឃុំខ្លួន​ជា​អ្វី​ដែល​អាមេរិក​លើកឡើង​ថា​ ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​។

សារ​ទាំងពីរ​លើក​នេះ​ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី​ Morgan​ Ortagus​ បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ពី​ស្ថានភាព​នយោបាយ​នៅ​កម្ពុជា​ និង​ជំរុញ​ឱ្យ​ផ្សះផ្សា​ជាតិ​ បញ្ឈប់​ចាប់​មនុស្ស​ឃុំខ្លួន​តាមទំនើងចិត្ត​ ។

ប៉ុន្តែ​ ក្នុង​សន្និសីទ​សារព័ត៌មានមួយ ​នៅ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​កាលពី​សប្ដាហ៍​មុន​នេះ​ អ្នកនាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ​ ស៊ី​ផាន​ ចាត់ទុក​ការជំរុញ​របស់​អាមេរិក​នេះ​ថា​ មិនបាន​លើកទឹកចិត្ត​កម្ពុជា​ឱ្យ​ពង្រឹង​នីតិរដ្ឋ​ទេ​ ព្រោះ​បាន​រំលោភ​លើ​អំណាច​តុលាការ​។

អ្នកនាំពាក្យ​រដ្ឋាភិបាល​រូប​នេះ​ ចោទប្រកាន់​អាមេរិក​ថា​ ជា​អ្នកគាំទ្រ​ចលនា​ «ភេរវកម្ម​» ដឹកនាំ​ដោយ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទៀតផង​។

សារ​ជំរុញ​របស់​អាម៉េរិក​ និង​ការ​ច្រានចោល​របស់​រដ្ឋាភិបាល​នេះ​ មិនមែន​ជា​លើក​ទី១ទេ​ នៅ​អំឡុង​ពេល​ជម្លោះ​នយោបាយ​បាន​អូស​បន្លាយ​ជាង​ ២ឆ្នាំ​មកនេះ​ ក្រោយ​អតីត​គណបក្ស​ប្រឆាំង​ត្រូវ​បាន​គេ​ផាត់ចេញ​ពី​ឆាកនយោបាយ​។

បញ្ហា​នេះ​ វា​បាន​បង្កើត​ជា​សំណួរ​ថា​ អ្វី​ជា​កត្តា​ចម្បង​រារាំង​ដល់​ការចរចា​ដើម្បី​ផ្សះផ្សា​ជាតិ​?

អ្នកជំនាញ​គោលនយោបាយ​ និង​ជា​សាស្ត្រា​ចារ្យ​ផ្នែក​កិច្ចការ​ទូត​ នៃ​មហាវិទ្យាល័យ​ Occidental​ នៅ​សហរដ្ឋ​អា​មេរិ​ លោក​ អៀ​ សុផល​ វិភាគ​ថា​ កត្តា​ចម្បង​ដែល​រារាំង​ដល់​ការផ្សះផ្សា​ជាតិ​ គឺ​បក្ស​កាន់អំណាច​ មិន​ទទួល​យក​ការ​ទាមទារ​ឱ្យ​បោះឆ្នោត​ឡើងវិញ​ដោយ​តម្លាភាព​ មាន​បក្ស​ប្រឆាំង​ចូលរួម​ ព្រោះ​បារម្ភ​ពី​ការ​បាត់បង់​អំណាច​។

លោក អៀ សុផល ប្រាប់​ថា៖ « លទ្ធិប្រជាធិបតេយ្យ​ គឺ​កំពុង​រាំង​ខ្ទប់​មិន​ឱ្យ​មាន​កិច្ចចរចា​ ពីព្រោះ​ភាគី​ម្ខាង​នឹង​មិន​លះបង់​ចោល​អំណាច​របស់​ខ្លួន​ បើ​ទោះបី​ពលរដ្ឋ​ចង់ឱ្យ​ពួកគេ​ធ្វើ​ក៏ដោយ​។ ម៉្លោះហើយ​បក្ស​កាន់អំណាច​ ប្រើអំណាច​របស់​ខ្លួន​ចាប់​ឃុំខ្លួន​មេដឹកនាំ​បក្ស​ប្រឆាំង​នៅក្នុង​ផ្ទះ​ បើ​ទោះបី​មានការ​អំពាវនាវ​ថា​ គាត់​គួរ​ត្រូវ​បាន​ដោះលែង​ពី​ការ​ឃុំខ្លួន​យ៉ាងណាក៏ដោយ​ »

លោក​ កឹម​ សុខា​ ត្រូវ​បាន​តុលាការ​បង្គាប់​ឱ្យ​ឃុំខ្លួន​ក្នុង​ផ្ទះនៅ​ឡើយ​ ដែល​តុលាការ​ចោទ​ពី​បទ​ «ក្បត់ជាតិ​» ឃុបឃិតជាមួយ​សហរដ្ឋអាមេរិក​ ចង់​ផ្តួល​រំលំ​រដ្ឋាភិបាល​លោក​ ហ៊ុន​ សែន​។

ប៉ុន្តែ​ សហរដ្ឋអាមេរិក​អះអាង​ថា​ លោក​ កឹម​ សុខា​ ជា​មនុស្ស​ស្អាតស្អំ​ ត្រូវ​បាន​ឃុំខ្លួន​ទាំង​អយុត្តិធម៌​ និង​អំពាវនាវ​ឱ្យ​ទម្លាក់​បទ​ចោទ​លើ​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​រូប​នេះ​ ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​។

អ្នកវិភាគ​នយោបាយ​មាន​មូលដ្ឋាន​នៅ​ឯក្រៅ​ប្រទេស​ លោក​ គឹម​ សុខ​ វិភាគ​ថា​ កត្តា​ចម្បង​ ៣ ដែល​រារាំង​ដល់​ការចរចា​ ដើម្បី​ផ្សះផ្សា​ជាតិ​ ក្នុង​ជម្លោះ​អ្នកនយោបាយ​ខ្មែរ​បច្ចុប្បន្ន​ ដូចជា​ការវាយប្រហារ​គ្នា​ជា​លក្ខណៈ​បុគ្គល​ វប្បធម៌​ដឹកនាំ​បែប​ស្នង​ត្រកូល​ និង​ឥទ្ធិពល​មហាអំណាច​ចិន​។

លោក គឹម សុខ ប្រាប់ថា៖ « ទាំង​លោក​ សម​ រង្ស៊ី​ និង​លោក​ ហ៊ុន​ សែន​ ចូលចិត្ត​បញ្ចេញ​សារ​នយោបាយ​បែប​បុគ្គល​ មិនមែន​គំនិត​រួម​របស់​គណបក្ស​ ដែល​ខ្លឹមសារ​ទាំងនោះ​ តម្រង់​ទិស​រកតែ​ការ​ឈ្នះ​ជា​លក្ខណៈ​បុគ្គល​ជាធំ​ ដែល​ផ្ទុយ​អំពី​គោលការណ៍​ខិត​រកគ្នា​អំពី​នៃ​និន្នាការ​ចរចា​ »

លោក​ គឹម​ សុខ​ វិភាគ​ទៀត​ថា​ ប្រជាធិបតេយ្យ​បែប​ស្នង​ត្រកូល​ និង​ឥទ្ធិពល​ចិន​ ជារ​នាំង​ដែកថែប​រារាំង​ដល់​យន្ត​កា​ជំរុញ​ការ​ស្តារ​ប្រជាធិបតេយ្យ​។ លោក​ថា​ ព្រោះ​គោលនយោបាយ​ចិន​ទប់ស្កាត់​ឥទ្ធិពល​មហាអំណាច​លោកសេរី​។

លោក គឹម សុខ បន្ត​ថា៖ « ចិន​គ្មាន​ជម្រើស​អ្វី​ក្រៅពី​កាង​លោក​ ហ៊ុន​ សែន​ ទុក​ប្រើប្រាស់​ ហើយ​បើ​ទុក​ប្រើប្រាស់​ ត្រូវការ​ពារ​អំណាច​លោក​ ហ៊ុន​ សែន​ ឱ្យ​បាន​។ បើ​ការពារ​អំណាច​បាន​ គឺ​វា​បញ្ច្រាស​ផ្លូវ​ទៅកាន់​ការចរចា​ »

ប៉ុន្តែ​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ក្នុង​បទ​សម្ភាស​ផ្តាច់​មុខ​ជាមួយ​សារព័ត៌មាន​រដ្ឋ​ចិន ​នៅ​ភូមិគ្រឹះ​របស់​លោក​នា​សប្តាហ៍​មុន​ បាន​បន្ត​លើ​កឡើង​ពី​គុណបំណាច់​របស់​ចិន​ជួយ​កម្ពុជា​ ។

មេដឹកនាំ​បក្ស​កាន់អំណាច​រូប​នេះ​ លើកឡើង​ថា​ បើ​គ្មាន​មហាអំណាច​ចិន​ជួយ​ទេ​ រដ្ឋាភិបាល​គ្មាន​លទ្ធភាព​កសាង​ផ្លូវ​រាប់ពាន់​គីឡូម៉ែត្រ​ និង​ស្ពាន​ជាច្រើន​ទៀត​ដូច​បច្ចុប្បន្ន​នេះ​ឡើយ​។

ជាង​នេះ​ទៅទៀត​ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ តាមរយៈ​សារលិខិត​មួយ​ក្នុង​ឱកាស​ទិវា​សន្តិភាព​ពិភព​លោក​កាលពី​ថ្ងៃសៅរ៍​បាន​លើកឡើង​ថា​ «សន្តិភាព​របស់​កម្ពុជា​កំពុងតែ​ផុយ​ស្រួយ​ ដោយសារតែ​ការ​ជ្រៀត​ជ្រែក​ពី​ប្រទេស​ខាងក្រៅ​ ពិសេស​ប្រទេស​លោកខាងលិច​»។

មហា​អំ​ណា​ចិន​ និង​សហរដ្ឋអាមេរិក​ រួម​ទំាង​ប្រទេស​លោកសេរី​មួយចំនួន​ទៀត​ បាន​វាយតម្លៃ​ពីរ​បត់​នយោ​បាយ​នៅ​កម្ពុ​ជា​ខុស​ៗគ្នា​។

ចិន ​ប្រកាស​យក​រដ្ឋាភិបាល​កម្ពុជា​ជា​មិត្ត​ដែកថែប​ ពេល​គណបក្សប្រជាជន​កម្ពុជា​ដណ្តើម​បាន​អាសនៈ​ទាំងអស់​ក្នុង​សភា​ចំនួន១២៥នៅ​អាណត្តិ​ទី៦នេះ​ ទោះបី​ការបោះឆ្នោត​នេះ​ ត្រូវ​បាន​រារាំង​អតីត​គណបក្ស​ប្រឆាំង​មិន​ឱ្យ​ចូលរួម​ប្រកួត​ក៏ដោយ​។

សហរដ្ឋអាមេរិក​វិញ​ ប្រកាស​មិន​ទទួលស្គាល់​ជ័យ​ជម្នេះ​ដែល​គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​នេះ​ទេ​ និង​ចាត់​ទុ​ការ​ចាប់ខ្លួន​លោក​ កឹម​ សុខា​ ការ​ផាត់​គណបក្ស​សង្រ្គោះ​ជាតិ​ ចេញពី​ឆាកនយោបាយ​ថា​ «ជា​ទង្វើ​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​»។

​អ្នកវិភាគ​នយោបាយ​ លោក​ ឯម​ សុវណ្ណ​រ៉ា​ វិភាគ​ថា​ បញ្ហា​ចម្បង​មួយទៀត​ ដែល​រារាំង​ដល់​ការផ្សះផ្សា​ជាតិ​ដើម្បី​ធានា​ដំណើរការ​ប្រជាធិបតេយ្យ​នោះ​ មក​ពី​អ្នកនយោបាយ​ខ្មែ​រម្ខាងៗ​គិត​ពី​ផលប្រយោជន៍​បក្សពួក​ ច្រើន​ជាង​ប្រយោជន៍ជាតិ​។

ប៉ុន្តែ​អ្នកវិភាគ​រូប​នេះ​ បង្ហាញ​ការយល់ឃើញ​ថា​ កូន​សោរ​នៃ​ការចរចា​ ឬរក​ដំណោះស្រាយ​ដើម្បី​ផ្សះផ្សា​ជាតិ​ ស្ថិតនៅ​លើ​ដៃ​មេដឹកនាំ​បក្ស​កាន់អំណាច​ មិន​ស្ថិតនៅ​លើ​បក្ស​ប្រឆាំង​ទេ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ