លោក ហ៊ុន សែនថា ឆ្នាំនេះកម្ពស់ទឹក១ម៉ែត្រក៏រៀបចំពិធីបុណ្យអំទូកដើម្បីឈ្នះលោក សម រង្ស៊ី

លោក ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យប៊ែលធី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក លោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា នៅឆ្នាំនេះទោះបីជាកម្ពស់ទឹកទន្លេទាបសល់ត្រឹម១ម៉ែត្រ ក៏ត្រូវរៀបចំពិធីបុណ្យអុំទូកដែរ ដោយថា ដើម្បីយកឈ្នះលោក សម រង្ស៊ី ដែលប្រកាសចូលស្រុកនៅថ្ងៃទី៩ ខែវិច្ឆិកា។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត​នៅ​កោះពេជ្យ​​នាព្រឹកនេះ លោក ហ៊ុន សែន មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំឲ្យតែកម្ពស់ទឹកទន្លេឡើងខ្ពស់ពេក និងទាបពេកនោះ គឺរដ្ឋាភិបាលមិនរៀបចំពិធីបុណ្យអុំទូកនោះទេ ប៉ុន្តែសម្រាប់ឆ្នាំ២០១៩នេះ បើទោះបីកម្ពស់ទឹកទន្លេស្រកទាបនៅសល់ត្រឹមតែ១ម៉ែត្រ ពិធីបុណ្យអុំទូកនៅតែរៀបចំឡើង ដើម្បីប្រឆាំងលោក សម រង្ស៊ី ដែលលោកថា គ្រោងឡើងមកផ្តួលរំលំរដ្ឋាភិបាលនៅថ្ងៃទី៩ ខែវិច្ឆិកា។

លោកបន្ថែមថា «បើយើងមិនអុំទូកវា [លោក សម រង្ស៊ី ] ថា យើងចាញ់ ១ម៉ែត្រ មានតែ១ម៉ែត្រក៏យើងអុំដែរ ដើម្បីសំពងក្បាល អាហែង។ ខ្ញុំបន់ឲ្យតែដល់ថ្ងៃហ្នឹងទេ»។

អតីតប្រធានគណបក្សប្រឆាំងលោក សម រង្ស៊ី បានប្រកាសម្តងហើយម្តងទៀត អំពីផែនការវិលត្រឡប់ចូលប្រទេសកម្ពុជាវិញឲ្យខានតែបាននៅថ្ងៃទី៩វិច្ឆិកា ដោយថា ដើម្បីមករំដោះប្រទេសជាតិជូនរាស្ត្រ ហើយបណ្តេញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញពីអំណាច។ ខណៈលោក សម រង្ស៊ី ប្រកាសចូលស្រុកវិញ ហើយលោកហ៊ុន សែន ប្រកាសចាត់វិធានការនេះ អតីតសកម្មជន និងមន្ត្រីសង្គ្រោះជាតិត្រូវសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ជុំវិញការរៀបចំផែនការទទួលលោក សម រង្ស៊ី។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ