សកម្មជនបក្សប្រឆាំង៥នាក់ទៀតត្រូវបានចោទប្រកាន់ពីបទ«រួមគំនិតក្បត់»

ស្លាកអតិតគណបក្សសង្គ្រោះជាតិត្រូវបានគេលុបចេញកាលពីពេលកន្លងមក (ប្រភព៖ បណ្តាញសង្គម)

សកម្មជនបក្សប្រឆាំងចំនួន៥នាក់ទៀត ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ពាក់ព័ន្ធនឹង​ផែនការនៃការវិលត្រឡប់មកកម្ពុជារបស់អតីត​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។

ក្នុងសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៧ ខែតុលានេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានដឹងថា សកម្មជនបក្សប្រឆាំងមានឈ្មោះ គ្រុយ សុខេមរិទ្ធ ឈ្មោះ សេង ខន ឈ្មោះ ទិត្យ សុផាត ឈ្មោះ វឿង សំណាង ឈ្មោះ ឃិន សុខ ហៀង ត្រូវបានតុលាការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ អះអាងថា សកម្មជន​បក្ស​ប្រឆាំង​ទាំង ៥នាក់​នេះ បានធ្វើសកម្មភាពកៀរគរបំផុសប្រជាពលរដ្ឋ និងមានផែនការដឹកនាំក្រុមរបស់ខ្លួនចូលផែនការ នៃការវិលត្រឡប់មកកម្ពុជារបស់លោក សម រង្ស៊ី នៅថ្ងៃទី៩ វិច្ចិកាខាងមុខនេះ។

ក្នុងសេចក្តីប្រកាសព័ត៌មាន​ដដែលនេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា អ្នកពាក់ព័ន្ធនឹងការគាំទ្រ ឬចូលរួមជាមួយផែនការវិលត្រឡប់របស់លោក សម រង្ស៊ី គឺប្រឈមនឹងការចោទប្រកាន់ពីបទ «រួមគំនិតក្បត់» ដែលអាចមានទោសពី ៥ឆ្នាំទៅ ១០ឆ្នាំ តាមមាត្រា ៤៥៣ នៃក្រមព្រហ្ម​ទណ្ឌ។

ប៉ុន្តែ តុលាការមួយនេះ អះអាងថា ប្រសិនបើអ្នកទាំងនោះចូលមកសារភាពទាន់ពេលវេលា ពួកគេនឹងត្រូវបានលើក​លែង​ឱ្យរួច​ផុត​ពី​ទោស។

កាលពីម្សិលមិញនេះ សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានចាប់ខ្លួន​សមាជិកអតីតក្រុមប្រឹក្សាឃុំរបស់គណបក្សប្រឆាំងម្នាក់នៅខេត្តត្បូងឃ្មុំ គឺអ្នកស្រី មាន ឡា ខណៈសកម្មជនបក្សប្រឆាំងរូបនេះព្យាយាមឆ្លងទៅប្រទេសថៃ។

គិត​ត្រឹម​ថ្ងៃ០៧ ខែ​តុលា​នេះ អតីត​សកម្មជន និង​អ្នក​គាំ​ទ្រ​​បក្ស​ប្រឆាំង ៤៣​នាក់​​ហើយ ត្រូវ​បាន​សមត្ថកិច្ច​​ចាប់​ខ្លួន​​ និង​ត្រូវ​បាន​តុ​លា​ការ​ចោទប្រកាន់​ពី​បទ «​រួមគំនិតក្បត់» ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​បង្ហាញ​ជំហរ​គាំទ្រ​ដំណើរ​វិលត្រឡប់​របស់​លោ​ក សម​ រង្ស៊ី​មក​កម្ពុជា​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ