វិភាគ៖ អ្វីជាមូលហេតុនៅពីក្រោយនៃដំណើរ​ទស្សនកិច្ចរបស់លោក ហ៊ុន សែន ទៅទ្វីប​អ៊ឺរ៉ុប​លើក​នេះ?

ប្រធានាធិបតីសាធារណរដ្ឋប៊ុលហ្ការី លោក រ៉ូមែន រ៉ាដេវ ស្វាគមន៍នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ក្នុងដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៊ុលហ្ការី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩។ (រូបភាព៖ហ្វេសប៊ុកលោក នាយករដ្ឋមន្រ្តីហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន  ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចនៅប្រទេសជាសមាជិក សហភាពអឺរ៉ុបចំនួន០៣ រួមមាន សាធារណរដ្ឋឆែក ហុងគ្រី និងសាធារណរដ្ឋប៊ុលហ្គារី ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០១៩។ ដំណើរទស្សនកិច្ចលើកនេះ គឺធ្វើឡើងចំពេលដែលសហភាពអឺរ៉ុបកំពុងដំណើរ ការពិនិត្យមើលឡើងវិញនូវប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ(EBA) ដែលផ្តល់ឱ្យកម្ពុជា។

អ្នកតាមដានស្ថានការណ៍នយោបាយមួយចំនួន យល់ថាក្រៅពីជជែកគ្នាក្នុងនាមជាមិត្តចាស់ពីទំនាក់​ទនង​ពាណិជ្ជកម្ម ការផ្លាស់ប្ដូរទស្សននយោបាយ និងការទូតនោះ  នាយករដ្ឋមន្ត្រី​កម្ពុជា​ក៏ទំនង​ជា​អាច​ស្នើ​សុំ​ឱ្យ​ប្រទេស​ទាំងបីឱ្យយោគយល់កម្ពុជាចំពោះបញ្ហាEBAដែរ។

នាយកប្រតិបត្តិអង្គការតម្លាភាពអន្តរជាតិកម្ពុជា លោកព្រាប កុល ថ្លែងប្រាប់វីអូឌីតាមរយៈសារហ្វេសប៊ុកថា ទស្សនកិច្ចនេះ អាចត្រូវបានគេមើលឃើញថា មានការពាក់ព័ន្ធ ទោះបីដោយផ្ទាល់ ឬ ដោយប្រយោល ទៅនឹងការស្វែងរកការគាំទ្រពីប្រទេសជាសមាជិកសហភាពអឺរ៉ុបដើម្បីបានមិត្តភក្តិខ្លះ ក្នុងការចរចារ ជាមួយសហភាពអឺរ៉ុបអំពីគោលនយោបាយពាណិជ្ជកម្ម រួមទាំងគោលនយោបាយអនុគ្រោះពន្ធ EBA ។

លោកព្រាបកុល ក៏បានលើកឡើងដែរពីការព្រួយបារម្មណ៍លើការបាត់បង់EBAក្នុងស្ថាន​ភាព​ដែល​សមត្ថកិច្ច​ចាប់​ខ្លួនអ្នកគាំទ្រលោកសមរង្ស៊ីជាបន្តបន្ទាប់នោះ។

 លោក ព្រាប កុល លើកឡើងថា៖ «នេះ(ព្រឹត្តិការណ៍ចាប់ខ្លួន)ជាការវិវត្តដ៏គួរឱ្យព្រួយបារម្ភ និងបន្ថែម​បន្ទុក​ដល់ការបញ្ចៀសការដក ឬព្យួគោលនយោបាយអនុគ្រោះពន្ធ EBA របស់សហភាពអ៊ឺរ៉ុប និង GSP របស់សហរដ្ឋអាមេរិក។ អ្នកដឹកនាំនយោបាយគួរស្វែងរកដំណោះស្រាយដែលអាចឱ្យខ្មែរទាំងអស់គ្នាឈ្នះ និងមិនខាតបង់ប្រយោជន៍សេដ្ឋកិច្ច ជំនួសឱ្យការប្រឈមមុខដាក់គ្នាបង្កឱ្យមានការភ័យខ្លាច និង​ធ្វើឱ្យ​ពល​រដ្ឋរងទុក្ខវេទនា»។

ឆ្លើយនឹងសំណួរដែលសួរថា តើនាយករដ្ឋមន្ត្រីកម្ពុជានឹងនិយាយពីបញ្ហាEBA ជាមួយប្រទេសទាំងបីនោះឬអត់? អ្នកជំនាញគោលនយោបាយ និងជាសាស្ដ្រាចារ្យរងផ្នែកការទូត និងកិច្ចការពិភពលោកនៃមហាវិទ្យាល័យ Occidental សហរដ្ឋអាម៉េរិក លោក អៀ សុផល មានថ្លែងប្រាប់វីអូឌីថា  ប្រាកដណាស់។ លោកថា​នេះ​គឺ​ជា​ការ​​ព្យាយាមតាមដែលអាចធ្វើទៅបាន ដើម្បីដោះស្រាយបញ្ហា ប៉ុន្តែ​សហភាព​អឺរ៉ុប​មិន​ធ្វើការងារ​ដូចសហគម​អាស៊ាន​ទេ។

លោកបន្ដថា កម្ពុជានឹងព្យាយាមកែប្រែស្ថានការណ៍។ បើទោះបីជា ប្រទេសទាំងនោះ(សាធារណរដ្ឋឆែក ហុងគ្រី និងសាធារ ណរដ្ឋប៊ុលហ្គារី) ជំទាស់នឹងការដកប្រព័ន្ធអនុគ្រោះពន្ធ EB ក៏ដោយ ក៏ពួកគេ​មិនអាច​ធ្វើ​ឱ្យ​សហភាព​អឺរ៉ុបកែប្រែទិសដៅរបស់ខ្លួននោះទេ។

លោក អៀ សុផល លើកឡើងពីទំនាក់ទំនងរវាងប្រទេសកម្ពុជានិងហុងគ្រីថាប្រទេស​នៅ​តំបន់​អឺរ៉ុប​ខាង​កើត​នេះ​និង​ប្រទេសកម្ពុជាជាមិត្តចាស់ តាំងពីសម័យកុម្មុយនីស្ដ ដូច្នេះវាគឺជារឿងត្រឹមត្រូវដែលថា ប្រទេស​ទាំងពីរ​នឹងជួបគ្នាដោយសារតែមានអនុស្សាវរីយ៍ចាស់កន្លងមក។

លោក សុផលសំណួរនិងឆ្លើយខ្លួនឯងថា ៖«ហេតុអ្វី បានជាមិនទៅទស្សនកិច្ចនៅប្រទេសមហាអំណាចក្នុង តំបន់អឺរ៉ុប ? ពីព្រោះប្រទេសទាំងនោះមិនបានអញ្ជើញគាត់»។

លោកអៀ សុផល លើកឡើងទៀតថា លោកនាយករដ្ឋមន្ត្រីហ៊ុនសែនក៏ចង់បង្ហាញEU ថា គាត់ចិត្តសឿង ប៉ុន្តែគាត់បែរជាធ្វើដំណើរទៅកាន់សាធារណរដ្ឋឆែក ហុងគ្រីនិង ប៊ុលហ្គារី  ដើម្បីស្វែងរកជំនួយទៅវិញ គឺមានន័យថា កុំស្ដាប់អ្វីដែលគាត់​និយាយ ប៉ុន្តែអ្នកត្រូវមើលអ្វីដែលគាត់​ធ្វើ។

លោក អៀ សុផល មានប្រសាសន៍ថា៖ «អឺរ៉ុប ត្រូវធ្វើឱ្យអ្វីដែលមិនអាច​កើតមានឱ្យកើតមានឡើង​គឺ​បង្ខំ​ឱ្យ​របបក្រុង​ភ្នំពេញជ្រើសរើសយក សេរីភាព  លទ្ធិប្រជាធិបតេយ្យ និងប្រាក់។ ការងារទាំងបី​នេះ​ត្រូវ​ដើរ​ទន្ទឹម​គ្នា​នៅ​ពេលគេនិយាយដល់បស្ចិមប្រទេស។ សម្រាប់ប្រទេសចិនអ្វីដែលត្រូវយកចិត្តទុកដាក់គឺប្រាក់ មិន​មែន​សេរីភាព​ មិនមែនប្រជាធិបតេយ្យ និងមិនមែនអធិបតេយ្យភាពនោះទេ។ ក្រុងភ្នំពេញមិនជឿថា EU ហ៊ាន​ដាក់​ទណ្ឌកម្ម ហើយចំណុចនេះ EU ត្រូវតែបង្ហាញរបបក្រុងភ្នំពេញថា នេះគឺជាការយល់ខុស។ របប​ក្រុង​ភ្នំពេញ​ជឿជាក់ថា នៅក្នុងល្បែងដែលចង់ឈ្នះរៀងៗខ្លួន នេះ EU នឹងក្លាយជាអ្នកដែលត្រូវចុះចាញ់មុន។»

ទោះជាយ៉ាងណាក៏ដោយ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានសរសេរនៅក្នុងហ្វេសប៊ុករបស់ លោកថា ដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់អ៊ឺរ៉ុបនេះ គឺទៅជួបមេ​ដឹកនាំ​នៃប្រទេស​ទាំងបី​តាមការ​អញ្ជើញ​របស់ម្ចាស់ផ្ទះ ដើម្បីផ្លាស់ប្ដូរទស្សនៈនយោបាយរួមគ្នា ចូលរួមវេទិកាអន្តរជាតិស្ដីពីការគ្រប់គ្រងទឹក  និង ស្វែងរកផលប្រយោជន៍ផ្នែកពាណិជ្ជកម្មជាដើម។

អ្នកនាំពាក្យក្រសួងការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោកកេត សាផាន់ ប្រាប់វីអូឌីថានាយក​រដ្ឋមន្ត្រី​កម្ពុជានិងឆែកក៏បានជជែកគ្នាពីរឿងEBAដែរ។ ប៉ុន្តែលោកមិនបានពន្យល់លម្អិតទេ។ក្រសួងការការបរទេសនិងកិច្ចសហប្រតិបត្តិការអន្តរជាតិ បាន​ចេញសេចក្ដីប្រកាស​ពីលទ្ធផល​នៃ​ដំណើរទស្សនកិច្ចរបស់ប្រមុខរាជរដ្ឋាភិបាលនៅប្រទេសទាំងបីថា លោក នាយករដ្ឋមន្រ្តីហ៊ុន សែន​ ពិតជាបាន​ជជែក​ពីបញ្ហា​EBA ជាមួយថ្នាក់​ដឹកនាំប្រទេស​ទាំងនោះពិតមែន។

កាលពីថ្ងៃទី១១ ខែកុម្ភៈ​កន្លង​មក ​បាន​ប្រកាស​អំពី​ការ​ចាប់​ផ្ដើមនីតិវិធីដែល​ឈាន​ទៅព្យួរ​ជា​បណ្ដោះ​អាសន្ន​​​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «អ្វីគ្រប់យ៉ាងលើកលែងតែអាវុធ» ពីកម្ពុជា​ ​បន្ទាប់​ពី​​មើល​ឃើញ​ការ​ធ្លាក់​ចុះ​នៃ​លទ្ធិ​ប្រជាធិបតេយ្យ បញ្ហា​សិទ្ធិ​មនុស្ស និង​នីតិ​រដ្ឋ​​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ