​វិភាគ​៖ ហេតុអ្វី​លោក​ ហ៊ុន​ សែន​ ឱ្យ​អ្នកគាំទ្រ​ទទួលទាន​អំបុក​ចំ​ថ្ងៃ​លោក​ សម​ រង្ស៊ី​ ប្រកាស​ចូល​កម្ពុជា​?

លោក ហ៊ុន សែន និងលោក សម រង្ស៊ី

ចំណាត់ការ​រំលាយ​គណបក្ស​ប្រឆាំង​ចេញពី​ឆាកនយោបាយ​ ជាង២ឆ្នាំ​មកនេះ​ វា​បាន​បង្កើត​ឱ្យ​មាន​សម្ពាធ​ធំ​ពីរ​ទៅលើ​បក្ស​កាន់អំណាច​។ សម្ពាធ​ទី១​ គឺ​សហគមន៍​អន្តរជាតិ​នៃ​ប្លុក​លោកសេរី​ គំរាម​កាត់​ផ្តាច់​ប្រព័ន្ធ​អនុគ្រោះ​ផ្នែក​ពាណិជ្ជកម្ម​ បើ​រដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹកនាំដោយ​លោក​ ហ៊ុន​ សែន​ មិន​ដោះលែង​អតីត​មេដឹកនាំ​បក្ស​ប្រឆាំង​ លោក​ កឹម​ សុខា​ និង​ឱ្យ​បក្ស​គណបក្ស​នេះ​ បាន​ដំណើរ​ឡើងវិញ​ទេ​នោះ​។

សម្ពាធ​ទី២​ គឺ​ភាព​ចម្រូង​នៃ​បញ្ហាផ្ទៃក្នុង​ជាតិ​ ព្រោះ​គណបក្ស​ប្រឆាំង​ ដែល​តុលា​កំពូល​បាន​រំលាយ​ទៅ​ហើយ​នោះ​ មិន​ទទួលយក​សាលដីកា​នេះ​ទេ​ ដោយ​ចាត់ទុកថា​ វិធា​ន​ការ​ផ្លូវច្បាប់​នោះ​ ជា​រឿងអ​យុត្តិធម៌​សម្រាប់​ពួក​ខ្លួន​។

ជ្រុង​មួយ​នៃ​បញ្ហា​នេះ​ អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​ លោក​ សម​ រង្ស៊ី​ បាន​ប្រកាស​ពី​គម្រោ​ងវិល​ចូល​កម្ពុជា​វិញ​ នៅ​ថ្ងៃទី៩ ខែវិច្ឆិកា​ អម​ដោយសារ​អំពាវនាវ​ឱ្យអ្នក​គាំទ្រ​ចូលរួម​តស៊ូ​មតិ​ ជំរុញ​ឱ្យ​មេដឹកនាំ​បក្ស​កាន់អំណាច​វិល​ទៅដើរ​លើ​គន្លង​ប្រជាធិបតេយ្យ​វិញ​ ដើម្បី​បើកផ្លូវ​ឱ្យ​ខ្លួន​បាន​ចូល​ប្រឡូក​ក្នុង​ឆា​កនយោយ​វិញ​។ បញ្ហា​នេះ​ មេដឹកនាំ​បក្ស​កាន់អំណាច​លោក​ ហ៊ុន​ សែន​ វិញ​ បាន​ប្រកាស​យក​ថ្ងៃ​ដែល​លោក​ សម​ រង្ស៊ី​ ប្រកាស​ចូល​ស្រុក​នេះ​ ឱ្យ​អ្នកគាំទ្រ​ជួបជុំគ្នា​ពិសា​អំបុក​ ក្រោម​សារ​នយោបាយ​ ដើម្បី​ការពារ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​។ គម្រោង​វិល​ត្រឡប់​​របស់​លោក សម រង្ស៊ី និង​ការ​ប្រកាស់ឲ្យ​ពលរដ្ឋ​ទទួល​ទៀន​អំបុក​នេះ គឺ​ចំ​ថ្ងៃ​ដែល​កម្ពុជា​រៀបចំអបអរ​ពិធីបុណ្យ​ឯករាជ្យជាតិ និង​​រៀបចំ​ព្រះរាជពិធីបុណ្យ​អុំ​ទូក លយ​ប្រទីប អក​អំបុក​ និង​សំពះ​ព្រះ​ខែ​ ដែល​នឹង​ត្រូវ​ប្រព្រិត្តទៅ​ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែ​វិច្ឆិកា។

តើមាន​អ្វី​នៅ​ពីក្រោយ​សារ​នយោបាយ​បែបនេះ​ទេ​ ?

អ្នកវិភាគ​វ័យក្មេង​កញ្ញា​ លី​ ស្រី​ស្រស់​ វិភាគ​ថា​ សារ​នយោបាយ​បែបនេះ​ អាច​មាន​អាថ៌កំបាំង​ពីរ​នៅ​ក្រោយ​គឺទី១​ ជា​បង្វែ​ស្ថានការណ៍​កុំ​ឱ្យ​ពល​រដ្ឋ​ចាប់អារម្មណ៍​ពី​ដំណឹង​វិលត្រឡប់​របស់​លោក​ សម​ រង្ស៊ី​ ឬហៅ​ថា​ ជា​យុទ្ធ​សា​ស្ដបន្សាប​ឥទ្ធិពល​បក្ស​ប្រឆាំង​។ កញ្ញាបន្តថា បញ្ហា​ទី២​ គឺអ្នកគាំទ្រ​អាច​ក្លាយជា​ឧបករណ៍​បង្ក្រាប​ក្រុម​ម្ខាងទៀត​ បើ​សារ​នោះ​ មាន​ចេតនា​ពង្រឹង​អំណាច​បុគ្គល​។

កញ្ញា​ថា​៖«បើសិនជា​យកឈ្មោះ​ហូប​អំបុក​ ហើយ​ចេតនា​ពិត​ដើម្បី​ប្រមូល​ផ្តុំ​ ក្នុង​ការរារាំង​ដល់​អ្នក​ដែល​ទៅ​គាំទ្រ​លោក​ សម​ រង្ស៊ី​ អាហ្នឹង​វា​ច្បាស់​ហើយដោយ​សារ​ចេតនា​របស់​គេ​ហ្នឹង​គឺ​គេ​ចង់​ការពារ​កុំ​ឱ្យ​មាន​អ្នក​ទៅ​ទទួល​។ អ៊ីចឹង​មានន័យថា​បើសិនជា​មាន​អ្នក​ទៅ​ទទួល​វា​អាច​នឹង​មានការ​ប៉ះទង្គិច​ណាមួយ​ហើយ​»។

អ្នកវិភាគ​នៅ​ក្រៅប្រទេស​ លោក​ គឹម​ សុខ​ វិភាគ​ថា​ សារ​នយោបាយ​ ទទួលទាន​អំបុក​ជុំគ្នា​ ដើម្បី​ការពារ​ជាតិ​ សាសនា​ ព្រះមហាក្សត្រ​ របស់​មេដឹកនាំ​បក្ស​កាន់អំណាច​នេះ​ អាច​ជា​យុទ្ធ​សា​ស្ត្រ ការពារ​អំណាច​បុគ្គល​ ជ្រក​ក្រោម​ស្លាក​ជាតិនិយម។ លោកថា​ ​ពេលនេះ​បក្ស​កាន់អំណាច​ដឹងមុន​ថា​ រលក​ប្រជាធិបតេយ្យ​ជា​គ្រោះថ្នាក់​អំណាច​របស់​ខ្លួន​។

លោក​ថា​៖«ក្នុង​ស្ថានភាព​នយោបាយ​ដ៏​ផុយ​ស្រួយ​ដូច​បច្ចុប្បន្ន​លោក​ ហ៊ុន​ សែន​ គាត់​ដឹងច្បាស់ណាស់​ថា​ ដើម្បី​ទប់​អំណាច​របស់​គាត់​ឱ្យ​បាន​ ទាល់តែ​ព្យាយាម​សង្កត់​ឱ្យ​បាន​ចលនា​ប្រជាធិបតេយ្យ​ និង​សកម្មជន​នៃ​បក្ស​ប្រឆាំង​ ពីព្រោះ​ដង្ហើម​អំណាច​របស់​គាត់​អាច​បន្ត​ទៅ​បាន​កាលណា​គាត់​ទប់​បាន​ចលនា​ប្រជាធិបតេយ្យ​និង​សកម្មជន​បក្ស​ប្រឆាំង​នឹង​ហើយ​»។

អ្នកវិភាគ​រូប​នេះ​ អះអាង​ទៀត​ថា​ យុទ្ធ​សា​ស្ត្របែបនេះ​ ក៏​ជា​ការ​ងាយ​ចំណាំ​និង​ចាត់វិធានការ​អ្នក​ដែល​មិនបាន​ចូលរួម​ទទួលទាន​អំបុក​ដែរ​ព្រោះ​ អ្នក​មិន​ចូលរួម​ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​និន្នាការ​ផ្សេង​។ ប៉ុន្តែ​សម្រាប់​រដ្ឋាភិបាល​វិញ​បាន​ចាត់ទុក​អ្នកគាំទ្រ​ចលនា​របស់​លោក​ សម​ រង្ស៊ី​ ថា​ជា​ទង្វើ​ខុសច្បាប់​ ។

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ លោក​ ទៀ​ បាញ់​ កាលពី​សប្តាហ៍​មុន​ ក្នុង​ពិ​ធី​ប្រា​រព្វ​ខួប២៥ឆ្នាំ​នៃ​ការបង្កើត​កងពលតូច៧០​ បាន​បញ្ជា​ផ្ទាល់មាត់​ឱ្យ​កម្លាំង​ត្រៀម​ជើង​កា​របង្ក្រាម​ក្រុម​អ្នកគាំទ្រ​លោក​ សម​ រង្ស៊ី​។ លោក​អះអាង​ថា​ដើម្បី​រក្សា​សន្តិភាព​ដែល​កម្ពុជា​រកបាន​មក​ដោយ​កម្រ​។

ក្រសួង​យុត្តិធម៌​ បាន​និយាយ​តាម​សេច​ក្ដី​ថ្លៃ​ងការណ៍​កាលពី​ថ្ងៃទី២០កញ្ញា​ថា​ ទង្វើ​របស់​លោក​ សម​ រង្ស៊ី​ ជា​អំពើខុស​ច្បាប់​ ធ្វើ​រដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ ។ ក្រសួងនេះបញ្ជាក់​ថា​ អ្នកចូលរួម​និង​អ្នកគាំទ្រ​ អាច​ជាប់ពន្ធ​នា​គារ​ពី៥ទៅ១០ឆ្នាំ​ និង​អស់មួយជីវិត​សម្រាប់​មន្ត្រី​រាជការ​។

គិត​ត្រឹម​ដើម​សប្តាហ៍​នេះ​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ អះអាង​ថា​ សកម្មជន​របស់​ខ្លួន៥០នាក់​ហើយ​ ត្រូវ​បាន​តុលាការ​ចេញដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​ ចោទ​ពី​បទ​«រួមគំនិតក្បត់​» ដែល​អាជ្ញាធរ​អះអាង​ថា​ពួកគេ​បាន​គាំទ្រ​ចលនា​លោក​ សម​ រង្ស៊ី​។​

អ្នកឃ្លាំមើល​ពី​ការ​អភិវឌ្ឍ​សង្គម​ លោក​ បណ្ឌិត​ មាស​ នី​ វិភាគ​ថា​ យុទ្ធ​សា​ស្ដ្រប្រកាស​ឱ្យ​ ទទួលទាន​អំបុក​ជុំគ្នា​ចំ​ថ្ងៃ​លោក​ សម​ រង្ស៊ី​ ប្រកាស​ថា​ នឹង​ចូល​កម្ពុជា​នេះ​ គ្រាន់តែ​ជា​ការ​បង្ហាញ​សាច់ដុំ​ដាក់គ្នា​ពី​ចំនួន​អ្នកគាំទ្រ​ប៉ុណ្ណោះ​ មិន​ឈាន​ទៅ​មានអំពើ​ហិង្សា​កើតឡើង​នៅ​ថ្ងៃ​នោះ​ទេ​។

លោក​ មាស​ នី​ វិភាគ​ទៀត​ថា​ ការចោទប្រកាន់​ ការ​ចាប់​ឃុំខ្លួន​ និង​ការ​ចេញ​បញ្ជា​ឱ្យ​ពង្រាយ​កងកម្លាំង​ សម្រាប់​បង្ក្រាប​ដៃគូ​ប្រកួត​ មិនមែន​ជា​រឿង​ថ្មី​របស់​បក្ស​កាន់អំណាច​ទេ។ ប៉ុន្តែ​លោកលើកឡើង​ថា​ ការបង្កើត​អយុ​ត្តិ​ធម៌​ច្រើន​ពេក​ទៅ​ដៃគូ​ប្រកួត​អាច​ទទួលផល​ផ្ទុយពី​ការ​រំពឹង​ទុក​ដូ​ចប​ណ្ដា​ប្រទេស​មួយចំនួន​ក៏​ថា​បាន​។

លោក​ថា​៖«ដូចដែល​យើង​ឃើញ​ករណី​កើតមាន​ នៅ​ហ្វីលីពីន​ និង​នៅ​ឥណ្ឌូ​នេ​ស៊ី​អី​ជាដើម​ ក៏ប៉ុន្តែ​មកដល់ពេលនេះ​ គណបក្ស​កាន់អំណាច​ប្រហែលជា​គាត់​មិនទាន់​មើលឃើញ​ឧទាហរណ៍​ទាំងអស់​ហ្នឹង​ប៉ុន្មាន​ទេ​ ពីព្រោះ​ដោយសារ​តែ​អាល្បៀប[របៀប] ចាប់​ ចោទ​ អី​នេះ​ជា​វិធី​ចាស់​មួយ​ដែល​គាត់​ធ្លាប់ធ្វើ​ពីមុន​មក​ ហើយ​គាត់​គិតថា​បាន​ជោគជ័យ​និង​មាន​ប្រសិទ្ធភាព​»។

បើ​គេ​ក្រឡេក​មើល​ពីសា​រន​យោ​បាយ​របស់​មេដឹកនាំ​បក្ស​កាន់អំណាច​ កាលពី​ជិត៥ឆ្នាំមុន​ ពាក់ព័ន្ធ​ទៅ​នឹង​ការប្រើ​យុទ្ធ​សា​ស្ដ្រទប់ស្កាត់​ដៃគូ​ប្រកួត​នេះ​ អ្វី​ដែល​បាន​កើតឡើង​នៅពេល​នេះ​ក៏​មិនមែន​ជា​រឿង​ថ្មី​ដែរ​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ថ្លែង​នៅក្នុង​សភា​ កាលពី​ថ្ងៃទី២០ខែតុលា​ ឆ្នាំ២០១៥​ បាន​ចង្អុលមុខ​អតីត​សំណាង​រាស្រ្តគណបក្ស​ប្រឆាំង​លោក​ យ៉ែម​ បុញ្ញ​រិទ្ធ​ ថា​កុំ​ឱ្យ​ចេះ​ប្រ​ដៅលោក​តាម​ហ្វេ​សប៊ុ​ក ពី​ការដឹកនាំ​។ លោក​បាន​ប្រកាស​ពេលនោះ​ដែរ​ថា​ នឹង​កំដរ​លេងល្បែង​នយោបាយ​ជាមួយ​ លោក​ សម​ រង្ស៊ី​ គ្រប់​ទម្រង់​។

លោក​ថា​៖«ខ្ញុំ​បាន​ប្រាប់​ទៅ​ រង្ស៊ី​ ហើយ​គណបក្សប្រជាជន​កំដរ​គ្រប់​ទម្រង់​លេង​ ហើយ​គ្រប់​រស់​ជា​តិ​ផ្អែម ល្វីង ​ជូ​ចត់​ ខ្ញុំ​លេង​បាន​ទាំងអស់​»។

អ្នកវិភាគ​នយោបាយ​លោក​ បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ ហៅ​ការ​យក​ទិវា​បុណ្យ​ឯករាជ្យជាតិ៩វិច្ឆិកា​ ធ្វើជា​ទីលាន​ប្រឈម​ដាក់គ្នា​រវាង​ខ្មែរ​និង​ខ្មែរ​ ថា​បាន​មើលស្រាល​ដល់​ព្រះរាជ​បូ​ជនី​កិច្ច​របស់​អតីត​ព្រះមហាក្សត្រ​ ។

​លោក​ថា​៖«យើង​ដូចជា​បន្ថយ​នៅ​ការចាប់អារម្មណ៍​ទៅលើ​ឯករាជ្យជាតិ​ហើយនឹង​ស្នាដៃ​ ស្នា​ព្រះ​ហស្ដ​របស់​សម្ដេចព្រះ​បីតា​ឯករាជ្យជាតិ​»

អ្នកវិភាគ​រូប​នេះ​ បង្ហាញ​ការយល់ឃើញ​ថា​ ដើមចម​នៃជ​ម្លោះ​នយោបាយខ្មែរ​ កើត​ចេញពី​ការលោភ​អំណាច​ លោកទ្រព្យសម្បត្តិ មិន​គោរព​តា​មស្មារតី​រដ្ឋធម្មនុញ្ញ​ដែលជា​ច្បាប់​កំពូល​របស់​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ