ប្រមុខរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសដកយកក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រីមកគ្រប់គ្រងជាបណ្ដោះអាសន្ន ដោយអះអាងថាដើម្បីជំរុញការធ្វើកំណែទម្រង់ពីការសម្អាតទីក្រុង។
ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត នៅរាជធានីភ្នំពេញនាថ្ងៃអង្គារនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថាក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រីខ្វះលទ្ធភាពប្រមូលសំរាមនិងធ្វើឲ្យមានការកកស្ទះ។ លោកបន្តថាបញ្ហាសំរាម មិនអាចបន្តឱ្យក្រុមហ៊ុនស៊ិនទ្រី ធ្វើតែម្នាក់ឯងបានទៀតទេ ព្រោះវាបានបន្សល់ទុកនូវបញ្ហាជាច្រើន សម្រាប់បរិស្ថានទីក្រុង។
«ដើម្បីកុំឱ្យក្រុមហ៊ុនស៊ុនទ្រីមានការខាតបង់រដ្ឋត្រូវយកក្រុមហ៊ុននឹងមកវិញសិន ទាំងបុគ្គលិកទាំងស្អីៗ[សម្ភារក្រុមហ៊ុន]ស៊ិនទ្រី ហើយរដ្ឋត្រូវកាន់កាប់ក្រុមហ៊ុននឹងសិន។ ឥឡូវក្រុមហ៊ុនមានឡានប៉ុន្មានអីប៉ុន្មានយកមក ហើយបុគ្គលិកប៉ុន្មានយកមក។ បន្ទាប់ទៅចំយើងដាក់ឱ្យដេញថ្លៃ»។
លោក ហ៊ុន សែន អះអាងថា លោកនឹងប្រកាសឲ្យដឹងពពីវិធានការដកហូតនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នាចុងសប្តាហនេះ ។
បើតាមនាយករដ្ឋមន្ត្រី ក្រុមហ៊ុនដែលរដ្ឋបើកផ្លូវឱ្យដេញថ្លៃប្រមូលសំរាមនៅពេលខាងមុខ មានយ៉ាងតិច៤ ក្នុងនោះក្រុមហ៊ុនស៊ិនទ្រីក៏អាចដាក់ពាក្យដេញថ្លៃបានដែរ។ លោកថាសម្រាប់ទីក្រុងត្រូវបែងចែកជា៤តំបន់ ដើម្បីឲ្យក្រុមហ៊ុនមួយ ទទួលបន្ទុកប្រមូលសំរាមតែមួយតំបន់ប៉ុណ្ណោះ។
នាយកប្រតិបត្តិក្រុមហ៊ុនស៊ិនទ្រី លោក ងួន ស៊ីផេន សុំមិនធ្វើអត្ថាធិប្បាយដោយអះអាងថា លោកមិនទាន់ទទួលបានព័ត៌មានពីរដ្ឋាភិបាល ជុំវិញវិធានការដកហូតសិទ្ធិនេះនៅឡើយ។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ ហៅវិធានការរបស់រដ្ឋាភិបាលនេះថា ជាចំនុចចាប់ផ្តើមនៃការធ្វើកំណែទម្រង់លើបញ្ហាបរិស្ថានក្នុងទីក្រុង។ ប៉ុន្តែលោកថា បើក្រុមហ៊ុនថ្មីនៅតែជាខ្នងបង្អែករបស់មន្ត្រីពាក់ព័ន្ធដដែលនោះ ប្រសិទ្ធភាពនៃការធ្វើកំណែទម្រង់នឹងមិនអាចកើតមានទេ ។
«យើងចង់ឃើញបរិយាកាសមួយដែលអ្នកប្រមូលសំរាមស្ដាប់មតិប្រជាពលរដ្ឋឱ្យបានច្រើន ហើយដោះស្រាយភ្លាមៗ ខណៈដែលក្រុមហ៊ុនស៊ិនទ្រីនេះបានធ្វើកិច្ចសន្យាពីថ្នាក់ក្រុងរហូតថ្នាក់ខណ្ឌអីមែន ការប្រែប្រួលហាក់ដូចជាគ្មានអ្វីថ្មី» ។
ក្រុមហ៊ុនស៊ិនទ្រី បានទទួលសិទ្ធិតែម្នាក់ឯងពីរដ្ឋាភិបាល សម្រាប់ទទួលខុសត្រូវ លើការប្រមូលសំរាម សម្អាតទីក្រុង ចាប់ពីឆ្នាំ១៩៩៦មក។
បើតាមនាយករដ្ឋមន្ត្រី ការចុះហត្ថលេខាផ្តល់សិទ្ធិឲ្យក្រុមហ៊ុនស៊ិនទ្រីពេលនោះ សំរាមមានតែត្រឹម៥០០តោនប៉ុណ្ណោះក្នុង១ថ្ងៃ រីឯទំហំទីក្រុងភ្នំពេញវិញមានតែជាង៣០០គីឡូម៉ែត្រការ៉េ។ លោកបញ្ជាក់ថា ឥឡូវនេះ សំរាម បានកើនឡើងជាង៣០០០តោនក្នុង១ថ្ងៃ ហើយទំហំទីក្រុងបានកើនឡើងជាង៦០០គីឡូម៉ែត្រការ៉េ។ លោកមានប្រសាសន៍ថារដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់។
បើតាមនាយករដ្ឋមន្ត្រីដដែល ក្រៅពីបង្កើតឱ្យមានក្រុមហ៊ុនច្រើនដេញថ្លៃប្រមូលសំរាម រដ្ឋាភិបាលក៏នឹងពិចារណាឱ្យក្រុមហ៊ុនផ្សេងទៀត កែច្នៃសំរាម ដែលប្រមូលបាននេះ បង្កើតថាមពលអគ្គិសនីផងដែរ៕