លោក ហ៊ុន សែន សម្រេច​ដកថ្លៃសេវាប្រមូលសំរាមក្រុមហ៊ុន ស៊ិនទ្រី ចេញពីវិក្កយបត្ររបស់អគ្គិសនីកម្ពុជា

លោក ហ៊ុន សែន ក្នុងពិធី ចែកសញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបៀលប្រាយ នៅកោះពេជ្រ ថ្ងៃអង្គារ ទី២២ ខែតុលា ឆ្នាំ២០១៩ (រូបភាព៖ ហ្វេសប៊ុក នាយករដ្ឋមន្រ្តី)

នាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រចដកថ្លៃសេវាប្រមូលសំរាមរបស់ក្រុមហ៊ុន ស៊ិនទ្រី នៅក្នុងរាជធានីភ្នំពេញ ចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជាចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២០។

ការសម្រេចបែបនេះ ធ្វើឡើងបន្ទាប់ពីលោក​ប្រកាស​ដកយក​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិន​ទ្រី​មក​គ្រប់​គ្រង​ជាប​ណ្ដោះអាសន្ន​ ដោយ​អះអាងថា ដើម្បីជំរុញការធ្វើកំណែទ​ម្រង់​​​ពីការសម្អាតទីក្រុង។

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២២តុលា ម្សិលមិញនេះថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋមួយចំនួននៅរាជធានីភ្នំពេញថា ក្រុមហ៊ុនស៊ិនទ្រីផ្តល់ផលវិបាកច្រើនក្នុងការប្រមូលសំរាម។ ករណីនេះ លោកសម្រេចដកថ្លៃសេវាប្រមូលសំរាមរបស់ ក្រុមហ៊ុន ស៊ិនទ្រី នៅក្នុងរាជធានីភ្នំពេញ ចេញពីវិក្កយបត្រថ្មីរបស់អគ្គិសនីកម្ពុជា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២០។

លោក ហ៊ុន សែន បញ្ជាក់ថា យន្តការនៃការយកថ្លៃសេវាប្រមូលសំរាមទៅថ្ងៃមុខ នឹងត្រូវប្រើយន្តការផ្សេងជំនួសវិញ​ ដែលកិច្ចការនេះ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អូន ព័ន្ធមុនីរ័ត្ន ជាអ្នកប្រជុំ និងដោះស្រាយនាពេលឆាប់ៗ​នេះ។

គួររំឮកថា ក្រុមហ៊ុន​ស៊ិន​ទ្រី​ បាន​ទទួល​សិទ្ធិ​តែម្នាក់ឯងពីរដ្ឋាភិបាល សម្រាប់​ទទួលខុសត្រូវ លើការប្រមូល​សំរាម​ សម្អាត​ទីក្រុង​ ចាប់ពី​ឆ្នាំ១៩៩៦មក​។

បើ​តាមនាយក​រដ្ឋមន្ត្រី​ ការ​ចុះហត្ថលេខាផ្តល់សិទ្ធិឲ្យក្រុមហ៊ុនស៊ិនទ្រីពេលនោះ​ ​សំរាម​មានតែ​ត្រឹម៥០០តោន​ប៉ុណ្ណោះ​ក្នុង១ថ្ងៃ​រី​ឯទំហំ​ទីក្រុង​ភ្នំពេញវិញ​មានតែ​ជាង៣០០គីឡូម៉ែត្រ​ការ៉េ​។  ​លោក​បញ្ជាក់ថា​ ឥឡូវនេះ សំរាម​ បាន​កើនឡើង​ជាង៣០០០តោន​ក្នុង១ថ្ងៃ​ហើយ​ទំហំ​ទីក្រុង​បាន​កើនឡើង​ជាង៦០០គីឡូម៉ែត្រ​ការ៉េ។ លោក​មានប្រសាសន៍ថារដ្ឋាភិបាលត្រូវធ្វើកំណែទម្រង់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ