បក្សប្រជាធិបតេយ្យមូលដ្ឋានជំរុញទៅរដ្ឋាភិបាលឲ្យ​ទម្លាក់ថវិកា១លានដុល្លារក្នុង១ឃុំ

ប្រធានគណបក្សប្រជាធិបតេយ្យមូលដ្ឋាន លោក យ៉េង វីរៈ

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន​ ទាមទារ​ឱ្យរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកា១លានដុល្លារក្នុង១ឃុំ សង្កាត់ ដើម្បីជំរុញដល់​ការអភិវឌ្ឍន៍ថ្នាក់មូលដ្ឋានឲ្យមានប្រសិទ្ធភាព។

ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃនេះ រាជរដ្ឋាភិបាលសម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ដោយក្នុងនោះ រាជរដ្ឋាភិបាលបានកំណត់គម្រោងថវិកាជាតិប្រមាណ៣៣ ៣៣៩ ៦៣៣លានរៀល ស្មើនឹងប្រមាណ ៨២២៣លានដុល្លារ ដែលកើនលើសឆ្នាំ២០១៩ប្រមាណ១៣ភាគរយ។

ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី២៥ តុលានេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋានបានសាទរទៅនឹងការ​ដំឡើងចំនួនថវិកាជាតិនេះ។ គណបក្សមួយនេះ បានទាមទារទៅរដ្ឋាភិបាលឲ្យបែងចែកថវិកាជាតិ២៥ភាគរយទៅថ្នាក់មូលដ្ឋាន ដោយផ្ដល់់១ឃុំសង្កាត់១លានដុល្លារទៅអភិវឌ្ឍន៍មូលដ្ឋានដើម្បីធានាឲ្យមានផ្លូវស្អាត មន្ទីរពេទ្យល្អ សាលារៀនល្អ និងគ្រូកសិកម្មល្អ។

ក្នុងសេចក្តីថ្លែងការណ៍ដដែលនេះ បក្សប្រជាធិបតេយ្យមូលដ្ឋានក៏ទាមទារទៅរដ្ឋាភិបាលរៀបចំឲ្យមានការពិគ្រោះយោបល់អំពីគម្រោងថវិកាជាតិនេះជាមួយស្ថាប័នពាក់ព័ន្ធ អង្គការសង្គមស៊ីវិល និងបក្សក្រៅរដ្ឋាភិបាលផងដែរដើម្បីឆ្លុះបញ្ចាំងអំពីតម្រូវការចាំបាច់តាមវិស័យ និងតាមមូលដ្ឋាននីមួយៗ។

ថ្លែងក្នុងពិធីបិទមហាសន្និបាតអាណត្តិទី២ សមាគមជាតិក្រុមប្រឹក្សារាជធានី-ខេត្ត កាលពីថ្ងៃទី៩ ខែតុលា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ឲ្យដឹងថា នៅឆ្នាំ២០២០ខាងមុខនេះ រដ្ឋាភិបាលនឹងដំឡើងថវិកា១៣ម៉ឺនដុល្លារក្នុង១ឃុំសង្កាត់ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ