ក្រសួងមហាផ្ទៃបញ្ជាទៅមន្ត្រីក្រោមឱវាទឲ្យទប់ស្កាត់ចលនាវិលចូល​ស្រុករបស់ក្រុមលោកសមរង្ស៊ី

ពលរដ្ឋធ្វើដំណើរពីមុខក្រសួងមហាផ្ទៃ កាលពីពេលកន្លងទៅ (រូបថត៖ ហួត វុទ្ធី)

ក្រសួងមហាផ្ទៃ បានបញ្ជាទៅមន្ត្រីក្រោមឱវាទទាំងអស់ឲ្យពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនចាប់ពីដើមខែវិច្ឆិកានេះ រហូតដល់ថ្ងៃបញ្ចប់ពិធីបុណ្យអុំទូក ដើម្បីទប់ស្កាត់ចលនាវិលចូលស្រុករបស់លោកសមរង្ស៊ី។

ក្នុងលិខិតចុះថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៩ ក្រសួងមហាផ្ទៃបញ្ជាទៅអភិបាលរាជធានី និងខេត្តត្រូវពង្រឹងការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋក្នុងអំឡុងពិធីរំលឹកខួបលើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ៩ វិច្ឆិកា និងពិធីបុណ្យអុំទូក។

ក្នុងលិខិតដដែលនេះ ក្រសួងមហាផ្ទៃបានលើកឡើងថា លោកសមរង្ស៊ី និងបក្សពួក ដែលក្រសួងមហាផ្ទៃចាត់ទុកថា ជាចលនាក្រុមឧទ្ទាមក្រៅច្បាប់មានផែនការធ្វើរដ្ឋប្រហារ ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់តាមរយៈការប្រកាសវិលចូលស្រុកវិញចំពេលដែលកម្ពុជាប្រារព្វពីបុណ្យជាតិនោះដែរ។

ក្រសួងមហាផ្ទៃបានដាក់ចេញវិធានការចំនួន៨ចំណុចឲ្យអភិបាលរាជធានីខេត្តអនុវត្តន៍ ដោយតម្រូវឲ្យអភិបាលរាជធានីខេត្តទាំងនោះត្រូវមានវត្តមាននៅក្នុងរាជធានីខេត្តរបស់ខ្លួនជាប្រចាំរហូតចាប់ពីធីបុណ្យជាតិទាំងពីនោះ ហើយត្រូវដឹកនាំកម្លាំងសមត្ថកិច្ចដើម្បីត្រៀមទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាដែលអាចកើតមាន។

ក្នុងលិខិតដដែលនេះ ក្រសួងមហាផ្ទៃក៏បញ្ជាឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនតាមគោលដៅនីមួយៗ ត្រូវដឹកនាំកម្លាំងសមត្ថកិច្ច តាមដានសភាពការណ៍សកម្មភាពចលនាវិលចូលស្រុករបស់លោកសមរង្ស៊ី និងអប់រំប្រជាពលរដ្ឋកុំឲ្យចូលរួមជាមួយចលនានេះផងដែរ។

ប៉ុន្តែតា​ម​វីដេអូ​រយៈពេល​ជាង៣នាទីដែល​បង្ហោះ​លើ​ហ្វេ​សប៊ុ​កកាលពីថ្ងៃទី២៩ ខែតុលាឆ្នាំ២០១៩ លោក​ សម​ រង្ស៊ី​ បានប្រកាសនឹង​ចូលស្រុកតាមការគ្រោងទុកនៅថ្ងៃទី៩ វិច្ជិកានេះ ទោះ​ត្រូវ​បូជាជីវិត​ក៏ដោយ​ ដោយ​ថា​ដើម្បី​សង្គ្រោះ​ប្រជាធិបតេយ្យ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ