កងកម្លាំងប្រដាប់​អាវុធនៅខេត្តបន្ទាយមានជ័យ នឹងចល័តនៅ​ថ្ងៃស្អែក​

រូបភាពសាលាខេត្តបន្ទាយមានជ័យ (រូបភាពពីហ្វេសប៊ុកសាលាខេត្តបន្ទាយមានជ័យ)

កម្លាំងប្រដាប់អាវុធនៅខេត្តបន្ទាយមានជ័យនៅថ្ងៃសុក្រស្អែកនេះ នឹងចល័ត​ដើម្បីធ្វើការ​ហ្វឹកហាត់បង្កើនការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។

តាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៣០ ខែតុលា ឱ្យដឹងថាខេត្តមួយនេះ នឹងធ្វើការចល័តកម្លាំងប្រដាប់អាវុធពីទីបញ្ជាការទិសទី១ខេត្ត និងបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីហ្វឹកហាត់រួមគ្នាជាមួយកម្លាំងនគរបាលខេត្ត។

ប្រភពដដែលឱ្យដឹងទៀតថា​ ការចល័តនឹងចាប់ផ្តើមនៅម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី០១ ខែវិច្ឆិកា ឆ្ពោះទៅទីតាំងហ្វឹកហាត់នៅស្នងការដ្ឋាននគរបាលខេត្ត ស្ថិតនៅផ្លូវជាតិលេខ៥ ភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​។ 

វីអូឌី មិនអាចសុំការបញ្ជាក់ពីអភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ​ រាត្រី ថាការចល័តកងកម្លាំងខេត្តដើម្បីហ្វឹកហាត់នៅថ្ងៃស្អែក ពាក់ព័ន្ធនឹងផែនការវិលត្រឡប់របស់អតីតមេបក្សប្រឆាំង លោក សម រង្ស៊ី ឬយ៉ាងណាទេនៅថ្ងៃនេះ ដោយលោកថា កំពុងជាប់ប្រជុំ។

យ៉ាងណា អភិបាលក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា បានប្រាប់ វីអូឌី តាមទូរសព្ទថា ការហ្វឹកហាត់នោះមិនពាក់ព័ន្ធនឹងការវិលចូលស្រុករបស់លោក សម រង្ស៊ី នៅថ្ងៃ ៩ ខែវិច្ឆិកានោះទេ។

លោក ហ៊ឹល រ៉ាយ៉ា មានប្រសាសន៍ថា៖«ខ្ញុំគិតថាដូចជាមិនទេ ដូចជាអត់ទេ។ បាទជារឿង២ដាច់ដោយឡែក»

នៅក្នុងលិខិតចុះថ្ងៃទី៣ តុលា២០១៩ ក្រសួងមហាផ្ទៃបានដាក់ចេញវិធានការចំនួន៨ចំណុច ដោយក្នុងនោះ ខាងក្រសួងប​ញ្ជា​ឱ្យកម្លាំងសមត្ថកិច្ចតាមបណ្តារាជធានី-ខេត្តទាំងអស់ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនចាប់ពីដើមខែវិច្ឆិកា រហូតដល់ថ្ងៃបញ្ចប់ពិធីបុណ្យអុំទូក ដើម្បីទប់ស្កាត់ចលនាវិលចូលស្រុករបស់លោកសមរង្ស៊ី៕ 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ