លោក សម រង្ស៊ី ថាគម្រោងវិល​ចូលកម្ពុជាវិញ​ត្រូវពន្យារពេល​បន្តិច

លោក សម រង្ស៊ី ប្រកាស​ពន្យារពេលវិលចូលប្រទេសកម្ពុជាវិញតាមរយៈទំព័រហ្វេសប៊ុករបស់លោកពីទីក្រុងប៉ារីស ប្រទេសបារាំង​នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។(ប្រភព៖ទំព័រហ្វេសប៊ុក Sam Rainsy)

ប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិ​ បាន​ប្រកាសនៅល្ងាចថ្ងៃនេះថា គម្រោងវិលត្រលប់ចូលប្រទេសកម្ពុជា​វិញ​របស់​លោកត្រូវ​ពន្យារពេលបន្តិច ដោយសារ​តែក្រុមហ៊ុន​អាកាសចរណ៍ថៃ​មិ​នអនុញ្ញាតឲ្យលោកឡើងជិះ​យន្តហោះទៅក្រុងបាងកក។

ទោះយ៉ាងណាក៏ដោយ តាម​រយៈការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុក​របស់ខ្លួន លោក សម រង្ស៊ី បានបញ្ជាក់​ថា​គម្រោង​មាតុភូមិនិវត្តន៍របស់​លោក​នឹងមិនលុបចោលនោះទេ ប៉ុន្តែ លោក​មិន​បានប្រាប់​ថា​លោក​ពន្យារ​ពេលវិលត្រលប់ចូលកម្ពុជាដល់ពេលណានោះទេ។ លោក សម រង្ស៊ី បន្តថា​ ពេលនេះក្រុមការងារ​របស់លោកកំពុងរៀបចំ​​ទិញ​សំបុត្រ​យន្តហោះថ្មីរបស់ក្រុម​ហ៊ុនផ្សេងទៀត​ទៅកាន់ប្រទេស​ជិតខាងមួយរបស់​កម្ពុជា ដែលលោកមិនបាន​បញ្ជាក់​ថា​ជាប្រទេសណានោះទេ។

តាមគម្រោង លោក សម រង្ស៊ី នឹង​ធ្វើ​ដំណើរចាក​ចេញ​ពីព្រលាន​យន្តហោះ​ Charles De Gaulle ប្រទេសបារាំង​មក​កាន់​ទីក្រុងបាងកកប្រទេស​ថៃតាម​រយៈក្រុម​ហ៊ុន​អាកាសចរណ៍ Thai Airways នៅថ្ងៃទី៧ ខែវិច្ឆិកានេះ ដើម្បី​ចូល​រួម​ជាមួយសកម្មជនរបស់​អតីតគណបក្សសង្រ្គោះជាតិធ្វើ​ដំណើរចូល​ប្រទេសកម្ពុជាវិញ​នៅថ្ងៃបុណ្យឯករាជ្យជាតិខាងមុខ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ