លោក ហ៊ុន ម៉ាណែត៖ ប្រជាជនត្រូវការរស់នៅជុំគ្នាមិនប្រកាន់និន្នាការឬសាសនា

(ឆ្វេង) លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ (កណ្ដាល) លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ និង (ស្ដាំ) លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។ (ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត)

កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ គឺលោក ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងពិធីបុណ្យអុំទូកឆ្នាំនេះប្រជាពលរដ្ឋចូលរួមអបអរកុះករ ហើយថា នេះជាអ្វីដែលពួកគាត់ចង់បានគឺរស់នៅជុំគ្នាដោយមិនប្រកាន់និន្នាការ ឬសាសនា។​

ក្នុងពិធីពន្លត់ភ្លើងជ័យនៅព្រឹកនេះ លោក ហ៊ុន ម៉ាណែត បានផ្សព្វផ្សាយរូបថតលោកជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និង លោក វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ភ្ជាប់ជាមួយសារជាអត្ថបទ។​

ក្នុងសារជាអត្ថបទនោះ លោក ហ៊ុន ម៉ាណែត លើកឡើងថា ពិធីបុណ្យអុំទូកឆ្នាំនេះ ទាំងនៅរាជធានីភ្នំពេញ និងនៅតាមខេត្តនានាមានពលរដ្ឋចូលរួមអបអរសប្បាយរីករាយច្រើន។ លោក បន្តថា នេះជាអ្វីដែលពលរដ្ឋចង់បាន។​ លោក ហ៊ុន ម៉ាណែត៖

«នេះគឺជាអ្វីដែលជាតិ និងប្រជាជនខ្មែរគ្រប់រូបមិនប្រកាន់និន្នាការ ឬសាសនាចង់បាន ពោលគឺឱកាសរស់នៅជួបជុំគ្រួសារក្នុងភាពសប្បាយរីករាយ ក្នុងបរិយាកាសសុខសន្តិភាព។ ហើយអ្វីដែលប្រជាពលរដ្ឋមិនចង់បាន គឺភាពវឹកវរ អសន្តិសុខ អស្ថិរភាព និងការបាត់បង់សន្តិភាព ដែលនាំអោយប្រទេសជាតិ និងប្រជាជនខ្មែរធ្លាក់ក្នុងភាពច្របូកច្របល់ បាត់បង់នូវសេចក្តីសុខ និងភាពកក់ក្តៅ។»

លោក ហ៊ុន ម៉ាណែត ក៏បានភ្ជាប់សារអំពាវនាវឱ្យមានការសហការគ្នាការពារសន្តិភាព ដើម្បីអនាគតរបស់ប្រទេសជាតិ និងប្រជាជនខ្មែរទាំងអស់។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ