រោងចក្រ​កាត់​ដេរ​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ​ត្រូវ​ភ្លើង​ឆាប​ឆេះ​ទាំង​ស្រុង

ប្រជា​ពលរដ្ឋ​ឈប់​សំចត​យាន​យន្ត​របស់​ពួកគេ​ និង​មើល​ផ្សែង​នៃ​អគ្គិសនី​ដែល​បាន​ឆាប​ឆេះ​រោងចក្រ​កាត់ដេរ អេឃេ ភើហ្វមមេនស៍ ស្ថិត​នៅក្នុង​ខណ្ឌ​ដង្កោ ជាយ​រាជធានី​ភ្នំពេញ កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៩។ (ឃុត សុគុណ)

រោងចក្រ​កាត់ដេរ​របស់​ថៅកែ​ជន​ជាតិ​ចិន​ ស្ថិត​នៅ​ក្នុង​ខណ្ឌ​ដង្កោ ត្រូវបានអគ្គីភ័យលេបត្របា​ក់​អស់ទាំងស្រុង នៅរសៀលថ្ងៃម្សិល​មិញនេះ។

អធិការរងនគរបាល​ខណ្ឌដង្កោ លោក សូរ វិសាល បានឱ្យដឹងថា រោង​ចក្រ​កាត់ដេរ អេឃេ ភើហ្វមមេនស៍ (ខេមបូឌា) បាន​ត្រូវ​ភ្លើង​ឆាប​ឆេះ​នៅ​វេលា​ម៉ោង ១​រសៀល ​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ហើយ​លោក​ថា អគ្គិភ័យ​នេះ​កើត​ចេញ​ពី​ការ​ផ្ទុះ​ធុង​ហ្គាស។

មន្ត្រី​នគរបាល​រូប​នេះ បន្ថែមថា ឧប្បត្តិវហេតុនេះ មិនបានបង្កឱ្យបាត់បង់អាយុជីវិតមនុស្សអ្វីទេ ប៉ុន្តែ មានតែជនជាតិចិនម្នាក់រងរបួសដៃបន្តិចដោយសារផ្ទុះហ្គាស។

យោងតាមបញ្ជីពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម រោងចក្រខាងលើនេះ មានថៅកែជាជនជាតិចិន ឈ្មោះ Zhou Jianjun មានទីតាំងស្ថិតនៅលើផ្លូវលេខ ២៥៦ ភូមិអន្លង់គង សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបើកអាជីវកម្មផលិតអាវពោង និងកាបូប។

ប្រធានរដ្ឋបាលរបស់រោងចក្រ អេឃេ ភើហ្វមមេនស៍ លោក អ៊ុង គង់ហេង ឱ្យដឹងថា រោងចក្ររបស់លោកត្រូវបានអគ្គីភ័យបំផ្លាញអស់ទាំងស្រុង​ ប៉ុ​ន្តែ មិនបានបង្កឱ្យរបួសស្នាមដល់កម្មករដែលមកធ្វើការថែមម៉ោងប្រមាណជាង ១០០នាក់នោះទេ។

លោកឱ្យដឹងបន្ថែមថា រោងចក្រដែល​មាន​ទំហំ​ជាង ៧៣០០ម៉ែត្រ​ការ៉េ​នេះ​ មានកម្មករសរុបជិត ៦០០នាក់។

កម្មករម្នាក់​ដែល​ធ្វើការ​ថែម​ម៉ោង​នៅ​រោងចក្រ អេឃ្វេ ភើហ្វមមេនស៍ បានប្រាប់អ្នកយកព័ត៌មាន វីអូឌី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញឈ្មោះ នៅកន្លែងកើតហេតុថា រោងចក្រដែលកញ្ញាកំពុងធ្វើការ មានកម្មករបម្រើការងារប្រមាណ ៧០០នាក់។ កញ្ញាបន្ថែមថា កញ្ញាបារម្ភពីភាពបាត់បង់ការងារធ្វើ ដោយសារតែរោងចក្រដែលខ្លួនកំពុងធ្វើការត្រូវបានអគ្គីភ័យឆាបឆេះអស់ដូច្នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ