សហភាពអឺរ៉ុបនៅថ្ងៃអង្គារម្សិលមិញប្រកាសថា បានបញ្ចប់របាយការណ៍ស្តីពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធជាបណ្តោះអាសន្ន ហើយបានបញ្ជូនរបាយការណ៍នេះឱ្យរដ្ឋាភិបាលកម្ពុជារយៈពេល១ខែដើម្បីឆ្លើយតប។
នៅក្នុងសេចក្តីប្រកាសរបស់សហភាពអឺរ៉ុបម្សិលមិញ បានបញ្ជាក់ថា គណៈកម្មការស្វែងរកការពិតរបស់អឺរ៉ុបបានបញ្ចប់របាយការណ៍របស់ខ្លួន ហើយបានបញ្ជូនឱ្យរដ្ឋាភិបាលកម្ពុជាពិនិត្យ និងឆ្លើយតប។ ការឆ្លើយតបនេះ គឺមានរយៈពេលមួយខែ បន្ទាប់មកសហភាពអឺរ៉ុបនឹងដំណើរធ្វើសេចក្តីសម្រេចជាផ្លូវការបស់ខ្លួននៅខែកុម្ភៈ ឆ្នាំ២០២០។
លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុប បានសរសេរលើបណ្តាញសង្គមTwitter របស់លោកស្រីថា សហភាពអឺរ៉ុបមានការព្រួយបារម្ភខ្លាំងពីបញ្ហាសិទ្ធិមនុស្ស។ លោកស្រី Cecilia Malmstrom៖
«យើងបានបញ្ចប់របាយការណ៍របស់យើងស្តីពីការព្យួរប្រព័ន្ធអនុគ្រោះពន្ធបណ្តោះអាសន្នលើកម្ពុជា។ យើងមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។»
We have completed our report on the temporary suspension of trade preferences to Cambodia. We are very concerned about the human rights situation there. The Cambodians now have one month to respond and we will make our final decision in Feb next year. ↘️https://t.co/SQ1Yevo4Jj
— Cecilia Malmström (@MalmstromEU) November 12, 2019
រហូតដល់ព្រឹកថ្ងៃពុធនេះគឺមួយថ្ងៃបន្ទាប់ពីសេចក្តីប្រកាសរបស់សហភាពអឺរ៉ុប មិនទាន់មានការឆ្លើយតបយ៉ាងណាពីរដ្ឋាភិបាលកម្ពុជានៅឡើយទេ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់ប្រកាសថា ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធនេះ មិនប៉ះពាល់ដល់កម្ពុជាទេ។